ព័ត៌មានជាតិ

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ជំរុញ​ឱ្យ​ថ្នាក់ដឹកនាំ និង​មន្ត្រី​នៃ​ស្ថាប័ន​កម្លាំង​អនុវត្ត​ច្បាប់ បន្ត​ស្រាវជ្រាវ បង្ក្រាប​ឱ្យ​បាន​សកម្ម និង​ប្រកបដោយ​ប្រសិទ្ធភាព​បំផុត​លើ​ករណី​អំពើ​ជួញដូរ​មនុស្ស​

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស (​គ​.​ជ​.​ប​.​ជ​) ជំរុញ​ឱ្យ​ថ្នាក់ដឹកនាំ និង​មន្ត្រី​នៃ​ស្ថាប័ន​កម្លាំង​អនុវត្ត​ច្បាប់ ទាំង​កម្លាំង​នគរបាលជាតិ និង​កម្លាំង​កងរាជអាវុធហត្ថ បន្ត​ស្រាវជ្រាវ បង្ក្រាប​ឱ្យ​បាន​សកម្ម និង​ប្រកបដោយ​ប្រសិទ្ធភាព​បំផុត​លើ​ករណី​អំពើ​ជួញដូរ​មនុស្ស​។ ក្នុងនោះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ក៏​ជំរុញ​ឱ្យ​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី ខេត្ត ជា​ពិសេស​ខេត្ត​ជាប់​ព្រំដែន​សមុទ្រ និង​ជាប់​ព្រំដែន​ឡាវ ដែល​កំពុង​មាន​ការ​ប្រឈម ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​លើ​ការងារ​នេះ​ផងដែរ​។​

​ក្នុង​ថ្លែង​បែប​នេះ​ក្នុងឱកាស​ដែល​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ​ការងារ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ឆមាស​ទី​១ និង​លើក​ទិសដៅ​ឆមាស​ទី​២ ឆ្នាំ​២០២៤ នា​ព្រឹក​ថ្ងៃទី​៨ ខែ​សីហា ឆ្នាំ​២០២៤ នៅ​សាលប្រជុំ​ទីស្តីការ​ក្រសួង​មហាផ្ទៃ​។​

​ថ្លែង​ក្នុង​ឱកាស​នោះដែរ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ក៏​បាន​ណែនាំ​ដល់​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ខិតខំ​យកចិត្តទុកដាក់​សហកា​រ​ក្នុង​ភាព​ជា​ដៃគូ​ឱ្យបាន​ល្អ​ជាមួយ​អង្គការ​ជាតិ និង​អន្តរជាតិ ជំរុញ​ការផ្សព្វផ្សាយ ការអប់រំ និង​ការបង្ការ​ទប់ស្កាត់​តាម​គោលដៅ​ប្រឈម​ខ្ពស់ រួមមាន​៖​មណ្ឌល​កម្សាន្ត​សម្រាប់​មនុស្សពេញវ័យ ច្រកទ្វារព្រំដែន ផ្ទះសំណាក់ និង​សណ្ឋាគារ​ជាដើម​។​

​យោងតាម​របាយការណ៍​របស់​លោកជំទាវ ជូ ប៊ុន​អេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ គ​.​ជ​.​ប​.​ជ​. ក្នុង​រយៈពេល ៦​ខែ​ដើមឆ្នាំ​២០២៤ នេះ សមត្ថកិច្ច​នគរបាល​ជាតិ និង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ស្រាវជ្រាវ និង​បង្ក្រាប​ករណី​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​សរុប​ចំនួន ១០៤​ករណី កើន​ចំនួន ១៧​ករណី ស្នើ​នឹង ១៦,៣៤% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០២៣​។

​លោកជំទាវ​អនុប្រធាន​អចិន្ត្រៃយ៍ បានឱ្យដឹង​ទៀត​ថា ក្នុង​កិច្ចប្រតិបត្តិការ​ទាំងនោះ សមត្ថកិច្ច បាន​ឃាត់ខ្លួន​មនុស្ស ចំនួន ១៣៤​នាក់ បញ្ជូនទៅ​តុលាការ និង​សង្គ្រោះ​ជនរងគ្រោះ បាន​ចំនួន ២៩០​នាក់ ក្នុងនោះ​ករណី​ជួញដូរ​មនុស្ស​មាន​ជន​រងគ្រោះ ចំនួន ២២​ករណី កើនឡើង ១២​ករណី ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៣៤​នាក់ និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​មាន​ចំនួន ៨២​ករណី កើន ៥​ករណី ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ១០០​នាក់​។

​ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​មនុស្ស​នេះ​ដែរ លោកជំទាវ ជូ ប៊ុន​អេង បានឱ្យ​ដឹង​ដែរ​ថា ឆ្លង​តាម​បទពិសោធ​នៃ​ការអនុវត្ត​ការងារ​នេះ ជា​ពិសេស​តាមរយៈ​ការកំណត់​អត្តសញ្ញាណ​ជនរងគ្រោះ​គឺ​មាន​ករណី​ភាគច្រើន​ត្រូវបាន​រកឃើញ​ថា​មិន​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស​នោះ​ទេ ប៉ុន្តែ​ជា​បទល្មើស​ឆបោក ទំនាស់​ការងារ ការធ្វើការងារ​ខុសច្បាប់ អន្តោប្រវេសន៍​ខុសច្បាប់ ឬ​ការបន្លំ​ធ្វើ​ជា​ជនរងគ្រោះ ដើម្បី​គេច​ចេញពី​សំណាញ់​ច្បាប់​៕

Leave a Reply

Your email address will not be published.