ព័ត៌មានជាតិ

ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​៖ ចូលរួម​ផ្តល់​ការអប់រំ ផ្តល់​ក្តីស្រឡាញ់ ភាពសប្បាយ​រីករាយ និង​ក្តីសង្ឃឹម​ដល់​កុមារ​ដើម្បី​ពួកគេ​ក្លាយខ្លួន​ជា​កូន​ល្អ សិស្ស​ល្អ និង​ជា​ពលរដ្ឋ​ល្អ​សម្រាប់​សង្គមជាតិ​

ខេត្តក្រចេះ ៖ នៅ​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០២៤ ឯកឧត្តម នេត្រ ភ​ក្ត្រា ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ បាន​ដឹកនាំ​ការ​ចែក​អំណោយ​ជា​សម្ភារ​សិក្សា​ដល់​សិស្សានុសិស្ស​ជាង ៣០០ នាក់​នៅក្នុង​ស្រុក​ចិត្រ​បុរី​ខេត្តក្រចេះ​ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​សមាគម​នារី​កម្ពុជា​ដើម្បី​សន្តិភាព​និង​អភិវឌ្ឍន៍​សាខា​ក្រសួង​ព័ត៌មាន អាជ្ញាធរ​មូលដ្ឋាន​ខេត្ត​ក្រចេះ រួម​នឹង​មូលនិធិ​សប្បុរសធម៌​វ័ន​រ៉ូដ​។ ឯកឧត្តម​រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បាន​ថ្លែងថា​យើង​ទាំង​គ្នា​ខិតខំ​ប្រឹងប្រែង​ដើម្បី​ផ្តល់​ស្នាមញញឹម​កាន់តែ​ច្រើន​ដល់​សិស្សានុសិស្ស​នៅ​តាម​ទីជនបទ​តាមរយៈ​ការផ្តល់​ការគាំទ្រ​ជា​សម្ភារ​សម្រាប់​សិក្សា​។​

​នៅ​ចំពោះមុខ​មាតាបិតា​អាជ្ញាធរ​មូលដ្ឋាន និង​សិស្សានុសិស្ស​, ឯកឧត្តម​រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បាន​ថ្លែងថា កុមារ​តំណាង​ឲ្យ​ធនធាន​សក្តា​នុព​ល​របស់​ប្រទេសជាតិ ដែល​នឹង​ត្រូវ​បន្តវេន​នាពេល​អនាគត​។ ដូច្នេះ​យើង​ទាំងអស់​ត្រូវ​ចូលរួម​ផ្តល់​ក្តីស្រឡាញ់ ភាពសប្បាយ​រីករាយ និង​ក្តីសង្ឃឹម​សម្រាប់​កុមារ​ទាំង​អស់ ព្រមទាំង​ចូលរួម​អប់រំ​បណ្តុះបណ្តាល​ចំណេះដឹង​ដល់​ពួកគេ​ដើម្បី​ពួកគេ​ក្លាយខ្លួនជា​កូន​ល្អ សិស្ស​ល្អ និង​ជា​ពលរដ្ឋ​ល្អ​សម្រាប់​សង្គមជាតិ​។ កុមារ​កម្ពុជា​ទទួលបាន​ភាពសុខសាន្ត និង​ការ​បីបាច់​ថែ​ក្សា ដោយ​ក្តី​អាណិត​ស្រលាញ់​គ្រប់ៗ​គ្នា​។​

​អំណោយ​ដែល​ត្រូវ​ចែក​ជូន​ដល់​សិស្សានុសិស្ស​ជាង ៣០០​នាក់ នៅក្នុង​ស្រុក​ចិត្រ​បុរី​នេះ ដោយ​ក្នុង​ម្នាក់ៗ​ទទួលបាន​កាតា​ប​១ ដប​ដាក់​ទឹក​១ រួម​ទាំង​នំ និង​សម្ភារៈ​សិក្សា​ជា​ច្រើន​មុខ​ទៀត ដែល​ជា​អំណោយ​របស់ ក្រុមហ៊ុន GWM , One Road Group អង្គការ​មូលនិធិ​សប្បុរសធម៌ វ័ន​រ៉ូដ​។ ឯកឧត្តម​រដ្ឋមន្ដ្រី នេត្រ ភ​ក្ត្រា បាន​សម្តែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ក្រុមហ៊ុន Great Wall Motor (GWM) និង​អង្គការ​មូលនិធិ​សប្បុរសធម៌ វ័ន​រ៉ូដ​ដែល​បាន​ផ្តល់​សម្ភារ​សិស្ស​ដល់​ក្រសួង​ព័ត៌មាន ដើម្បី​ចែក​ជូន​ដល់​កុមារា កុមារី​សិស្សានុសិស្ស​៕

Leave a Reply

Your email address will not be published.