ព័ត៌មានជាតិ

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ អញ្ជើញ​ជា​អធិបតី​កម្មវិធី​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ជូន​ពលរដ្ឋ ដោយ​ឥតគិតថ្លៃ នៅ​ស្រុក​ពាម​រក៍

នៅ​ព្រឹក​ថ្ងៃទី​១៤ ខែ​កញ្ញា ឆ្នាំ​២០២៤ នេះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត ស សុខា និង​លោកជំទាវ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​កម្មវិធី​ពិនិត្យ និង​ព្យាបាល​ជំងឺ ជូន​ដល់​ពុក​ម៉ែ បងប្អូន​ប្រជាពលរដ្ឋ ដោយ​ឥតគិតថ្លៃ នៅ​ស្រុក​ពាម​រក៍ របស់​ក្រុម​គ្រូពេទ្យ នៃ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត ស សុខា នៅក្នុង​បរិវេណ​វិទ្យាល័យ ហ៊ុន សែន ពាម​រក៍ ក្នុង​ស្រុក​ពាម​រក៍​។​

​ក្នុង​នាម​ប្រធាន​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត ស សុខា និង​ជំនួសមុខ​ឱ្យ​ពុក​ម៉ែ បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​ពាម​រក៍ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការលះបង់​កម្លាំងកាយ កម្លាំងចិត្ត និង​ពេលវេលា​ដ៏​មាន​តម្លៃ​របស់​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ទាំងអស់ ពិសេស​ក៏​សូម​ថ្លែងអំណរគុណ​ចំពោះ​ទឹកចិត្ត​របស់​ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា អស់លោក លោកស្រី សប្បុរជន​នានា ដែល​បាន​ចូលរួម​ឧបត្ថម្ភ​ដល់​ដំណើរការ​ចុះ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ ដោយ​ឥតគិតថ្លៃ នៅ​ស្រុក​ពាម​រក៍ ក៏​ដូចជា​បណ្តា​ក្រុង ស្រុក​ដទៃ​ទៀត​។​

​ជាមួយគ្នានេះដែរ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ក៏​សូម​ថ្លែងអំណរគុណ និង​កោតសរសើរ​ចំពោះ​ឯកឧត្តម លោកជំទាវ ជា​ក្រុមការងារ​ចុះជួយ​មូលដ្ឋាន​ស្រុក​ពាម​រក៍ ក៏ដូចជា​អាជ្ញាធរ​ដែនដី និង​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ខ្នះខ្នែង​ជួយ​សម្របសម្រួល និង​រៀបចំ​កម្មវិធី​ពិនិត្យ និង​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ ជូន​ពលរដ្ឋ​នៅក្នុង​ស្រុក​ពាម​រក៍​។ សកម្មភាព​ដ៏​ថ្លៃថ្លា​នេះ សបញ្ជាក់​ឱ្យឃើញ​ពី​ការចូលរួម​ចំណែក​ដ៏​សំខាន់​ក្នុង​ការលើកកម្ពស់​សុខុមាល​ភាព​ប្រជាពលរដ្ឋ ក៏ដូចជា​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ ស្រប​តាម​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ និង​ប៉ិនប្រសព្វ​បំផុត​របស់​សម្តេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕

 

Leave a Reply

Your email address will not be published.