ព័ត៌មានជាតិ

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ រាជរដ្ឋាភិបាល​បន្ត​ពង្រឹង​សុខាភិបាល​តាមរយៈ​អភិក្រម​ចំនួន​២

​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​បើក​ការដ្ឋាន​សាងសង់​អគារ​មជ្ឈមណ្ឌល​កណ្តាល អគារ​វេជ្ជសាស្ត្រ​ស៊ីក្លូ​ត្រុង និង​អគារ​ចំណត នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត ដែល​អគា​រទាំង​៣​នេះ គ្រោង​ចំណាយ​ថវិកា​សាងសង់​ប្រមាណ​ជាង ៦២ លាន​ដុល្លារ​អាម៉េរិក ដែល​ជា​ថវិកា​នៅ​សល់​ពី​គម្រោង​អគារ​តេជោ​អភិវឌ្ឍន៍ ដែល សម្តេច​តេជោ និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​ចូលរួម​បរិច្ចាគ និង សម្តេច បាន​អំពាវនាវ​ដល់​សប្បុរស​ជន​នានា​ឱ្យ​ចូលរួម​បរិច្ចាគ កាលពី​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៩ រួម​នឹង​ថវិកា​ស្វយ័ត​សន្សំ​រំលស់​របស់​មន្ទីរពេទ្យ​កាល់ម៉ែ​ត​។​

​ក្នុង​ពិធី​ដ៏​ម​ហោ​ទ្បា​រិក​នោះ សម្តេច​ធិបតី បាន​លើកឡើង​ថា រាជរដ្ឋាភិបាល​គ្រប់​អាណត្តិ​បាន​ចាត់ទុក​វិស័យ​សុខាភិបាល​ជា​អាទិភាព​ដ៏​សំខាន់បំផុត​។ រាជរដ្ឋាភិបាល​បាន និង កំពុង​ធ្វើ​ការកែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​, ការបំពាក់​ឧបករណ៍​ពេទ្យ​, ការបណ្តុះបណ្តាល​, ការជ្រើសរើស និង ការពង្រាយ​គ្រូពេទ្យ និង បុគ្គលិក​បច្ចេកទេស​, ក៏ដូចជា ការផ្គត់ផ្គង់​ឱសថ​ជា​សារវន្ត នៅតាម​មណ្ឌល​សុខភាព និង មន្ទីរពេទ្យបង្អែក​ស្រុក​-​ខេត្ត ដើម្បី​ពង្រឹង​សមត្ថភាព​ផ្តល់​សេវា​ថែទាំ​សុខភាព​ប្រកបដោយ​គុណភាព​។ រាជរដ្ឋាភិបាល​បាន​ពង្រីក​បន្ថែម​នូវ​ការ​គ្របដណ្តប់​នៃ​កម្មវិធី​មូលនិធិ​សមធម៌​សុខាភិបាល​ដល់​គ្រួសារ​ងាយ​រងគ្រោះ និង ក្រុម​គោលដៅ​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​, របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព (​បស​ស​) ដល់​សមាជិក​គ្រួសារ និង អ្នក​នៅ​ក្នុង​បន្ទុក​សមាជិក បស​ស និង ប្រជាជន​ស្វ័យ​និយោជន៍ ព្រម​ទាំង​កម្មវិធី​ជំនួយ​សង្គម​ផ្សេងទៀត ជូន​ដល់​ប្រជាជន​គោលដៅ ហើយ​ត្រូវបាន​ធានា​ថា​ការផ្តល់​សេវា​ថែទាំ​សុខភាព​ត្រូវ​ប្រកបដោយ​គុណភាព​ដូច​គ្នា​ដោយ​គ្មាន​ការរើសអើង​។​

​សម្តេច​ធិបតី បាន​លើកឡើង​ថា រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា បន្ត​ពង្រឹង​ការផ្តល់​សេវា​សុខាភិបាល​ឱ្យ​កាន់តែ​ល្អប្រសើរ​ជូន​ដល់​ប្រជាពលរដ្ឋ តាមរយៈ​ការអនុវត្ត​អភិក្រម​ចំនួន​២, អភិក្រម​ទី​១ ការអនុវត្ត​ពីលើ​ចុះក្រោម គឺ​ការធ្វើ​ទំនើបកម្ម និង​ពិពិធ​កម្ម សេវា​សុខាភិបាល​នៅ​ថ្នាក់​ជាតិ​ឱ្យ​កាន់តែ​ទំនើប ហើយ​ឈាន​ទៅ​ពង្រីក​ទៅ​ដល់​ថ្នាក់​តំបន់ រហូត​ដល់​តាម​បណ្តា​ខេត្ត ដើម្បី​អាច​ធ្វើ​វិមជ្ឈការ​នូវ​សមត្ថភាព​ព្យាបាល​ជំងឺ​សំខាន់​មួយចំនួន ដូចជា​វះកាត់​បេះដូង វះកាត់​ខួរក្បាល ដែល​អាច​ធ្វើ​បាន​នៅត្រឹម​ថ្នាក់​តំបន់ និង​បណ្តា​ខេត្ត​នា​ពេលអនាគត​។ ទាំងនេះ គឺជា​ការចាំបាច់​ដែល​ត្រូវ​វិនិយោគ​ជាប់​ជាប្រចាំ​ដល់​ការធ្វើ​ទំនើបកម្ម និង​ពិពិធ​កម្ម​, ការបំពាក់​ឧបករណ៍​ពេទ្យ​ទំនើប​, ការបណ្តុះបណ្តាល​គ្រូពេទ្យ​, និង ការផ្គត់ផ្គង់​ឱសថ​ដែល​មាន​គុណភាព​ខ្ពស់​។ អភិក្រម​ទី​២ គឺ​ការអនុវត្ត​ពីក្រោម​ឡើង​លើ ដែល​ជា​ការពង្រឹង​សេវា​សុខាភិបាល​នៅ​មូលដ្ឋាន​ចាប់ផ្តើម​ពី​ការពង្រឹង​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​បង្អែក​ស្រុក​។ នៅក្នុង​អាណត្តិ​ទី​៧​នេះ រាជរដ្ឋាភិបាល​បាន​ដាក់​វិធានការ​គន្លឹះ​១ ក្នុងចំណោម​វិធាន​គន្លឹះ​៥ គឺ​ការពង្រឹង​មណ្ឌល​សុខភាព ដែល​អាច​ផ្តល់​សេវា​សុខាភិបាល​ជូន​ប្រជាពលរដ្ឋ​ប្រកបដោយ​គុណភាព ២៤​ម៉ោង​លើ​២៤​ម៉ោង និង ៧ ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ ដើម្បី​ឆ្លើយតប​តាម​តម្រូវការ​ជាក់ស្តែង នៅ​មូលដ្ឋាន​។​

​សម្តេច​ធិបតី បាន​មានប្រសាសន៍ថា គ្រូពេទ្យ​មាន​គុណ​តម្លៃ​ខ្លាំងណាស់​សម្រាប់​អ្នកជំងឺ គ្រូពេទ្យ​គឺ​ធ្វើការ​របស់​ទេវតា គ្រូពេទ្យ​បាន​ដើរតួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ការជួយ​ថែរក្សា​សុខភាព​សាធារណៈ និង​ជួយ​សង្គ្រោះ​អាយុជីវិត​របស់​មនុស្ស​។ ជាមួយគ្នានេះ​, សម្តេច​ធិបតី បាន​អំពាវនាវ​ឱ្យ​ក្រសួង​សុខាភិបាល ក្រសួង​អបរំ យុវជន និង​កីឡា និង​ប្រជាពលរដ្ឋ បង្កើន​ការអប់រំ​ផ្នែក​សុខភាព និង​ចូលរួម​បង្ការ​ជំងឺ​នានា ដោយ​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍ “​សុខភាព​ល្អ គឺជា​ទ្រព្យ ឯ​សុខភាព​មិនល្អ គឺ​ជា​បន្ទុក​”​។

​សម្តេច​ធិបតី ក៏​បាន​អំពាវនាវ​ដល់​ស្ថាប័ន​ដែល​មាន​ជំនាញ​បណ្តុះបណ្តាល​លើ​វិស័យ​សុខាភិបាល​ទាំង​រដ្ឋ និង​ឯកជន ធ្វើ​យ៉ាងណា​ត្រូវ​ប្រកាន់យក​ការបណ្តុះបណ្តាល​ប្រកបដោយ​ស្តង់ដារ និង​គុណភាព​ខ្ពស់ មាន​វិជ្ជាជីវៈ​ពិតប្រាកដ ដែល​អាច​ជួយ​ដល់​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​។​

​ជាមួយនឹង​ការលើកកម្ពស់​គុណភាព​សេវា​សុខាភិបាល សម្តេច​ធិបតី បានស្នើ​ក្រសួងសុខាភិបាល ដោយ​សហការ​ជាមួយ​ក្រសួង​ប្រៃសណីយ៍ និង ទូរគមនាគមន៍ បង្កើន​សម្ទុះ​នៃ​ការធ្វើ​បរិវត្ត​កម្ម​ឌីជីថល​ក្នុង​វិស័យ​សុខាភិបាល ជាពិសេស ជំរុញ​ការបណ្តុះបណ្តាល​ឱ្យ​វេជ្ជបណ្ឌិត គ្រូពេទ្យ គិលានុបដ្ឋាក និង បុគ្គលិក​ថែទាំ​វេជ្ជសាស្ត្រ ចេះ​ប្រើប្រាស់​បច្ចេកវិទ្យា​ផ្នែក​សុខាភិបាល​បាន​ទូលំទូលាយ ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង នូវ​ប្រព័ន្ធ​ទិន្នន័យ​សុខភាព​អ្នកជំងឺ សំដៅ​ជំរុញ​ប្រសិទ្ធភាព​នៃ​ការព្យាបាល និង តាមដាន​សុខភាព ព្រម​ទាំង​ការផ្តល់​សេវា​សុខាភិបាល​មាន​គុណភាព​ខ្ពស់ និង ត្រឹមត្រូវ តាម​បច្ចេកទេស​សុខាភិបាល​ច្បាស់លាស់ ៕

Leave a Reply

Your email address will not be published.