ព័ត៌មានជាតិ

សាខាសមាគម​នារី​កម្ពុ​ជា​ដើម្បី​សន្តិភាព​និង​អភិវឌ្ឍន៍​ក្រសួង​ព័ត៌មាន​ផ្តល់​អំណោយ​អង្ករ​វីតាមីន​ចំនួន ៤០០ កេស​ជូន​កាកបាទក្រហមកម្ពុជា​

សាខាសមាគម​នារី​កម្ពុ​ជា​ដើម្បី​សន្តិភាព​និង​អភិវឌ្ឍន៍​ក្រសួង​ព័ត៌មាន​ដឹកនាំ​ដោយ​លោក​ជំទាវ ទុយ សិរី​រតនៈ នេត្រ​ភក្ត្រា ប្រធានកិត្តិយស​សមាគម បាន​នាំយក​អំណោយ​អង្ករ​វីតាមីន​ចំនួន ៤០០ កេស ជូន​កាកបាទក្រហម​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២៤​នេះ​។ ពិធី​ប្រគល់​ទទួល​នេះ​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​លោកជំទាវ ពុំ ចន្ទី​នី អគ្គលេខាធិការ​កាកបាទ​ក្រហម​កម្ពុជា​។

​លោកជំទាវ​អគ្គលេខាធិការ​បាន​ពាំនាំ​ប្រសាសន៍​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ផ្តាំផ្ញើ​សួរសុខទុក្ខ និង​ការថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ទឹកចិត្ត​សប្បុរសធម៌​របស់​សាខា​សមាគមនា​រី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ក្រសួង​ព័ត៌មាន ដែល​បាន​បរិច្ចាគ​អង្ករ​វីតាមីន​ចំនួន ៤០០​កេស​ដែល​ជា​ការឧបត្ថម្ភ​លើក​ទី​៣ ជូន​ដល់​កាកបាទក្រហមកម្ពុជា សម្រាប់​ប្រតិបត្តិការ​មនុស្សធម៌​ជួយ សម្រាល​ការលំបាក​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ និង​ងាយ​រងគ្រោះ​បំផុត​។​

​លោកជំទាវ​អគ្គលេខាធិការ​បាន​ឱ្យដឹង​ថា ជា​រៀងរាល់ឆ្នាំ កាកបាទក្រហមកម្ពុជា​ទាំង​ថ្នាក់​កណ្តាល និង​សាខា​ទាំងអស់ តែងតែ​ធ្វើ​ការកៀងគរ រក​ជំនួយ​ពីស​ប្បុស​ជន​នានា ក្នុងឱកាស​ទិវា ៨ ឧសភា ដើម្បី​ទុក​ជួយ​ទៅ​ដល់​ប្រជាពលរដ្ឋ ដែល​ត្រូវការ​ជំនួយ​ជា​ចាំបាច់​។ លោកជំទាវ​បានបញ្ជាក់​ថា ការកៀងគរ​រក​ជំនួយ​នេះដែរ បើ​សាខា​ណា​មិន​មាន​លទ្ធភាព​គ្រប់គ្រាន់ និង​ផ្តល់​ជំនួយ​ទៅដល់​ប្រជាពលរដ្ឋ​បាន​ទាន់ពេលវេលា​ទេ ថ្នាក់កណ្តាល​នឹង​យក​ទៅ​បំពេញបន្ថែម ហើយ​អំណោយ​ទាំងអស់ និង​យក​ទៅ​ចែកជូន​ដល់​ដៃ​ប្រជាពលរដ្ឋ​ដោយផ្តាល់​។ លោកជំទាវ​បញ្ជាក់ថា អំណោយ​ដែល​ទទួលបាន​ពី​សប្បុរស​នានា កាកបាទក្រហមកម្ពុជា នឹង​យក​ទៅ​ប្រើប្រាស់​ឱ្យ​ចំ​គោលដៅ​មនុស្សធម៌ ដោយ​មិន​ប្រកាន់​ពូជសាសន៍ ពណ៌​សម្បុរ ឬ​និន្នាការ​នយោបាយ​ណាមួយ​ឡើយ​។ ជា​ពិសេស​ជន​ចាស់ជរា​ឥត​ទីពឹង និង​កុមារកំព្រា ស្ត្រី​មេម៉ាយ​កូន​ច្រើន និង​ផ្ទុកមេរោគ​អេដស៍​ជាដើម​។​

​លោកជំទាវ ទុយ សិរី​រតនៈ នេត្រ​ភក្ត្រា ប្រធានកិត្តិយស​សាខាសមាគម​នារី​កម្ពុជា​ដើម្បី​សន្តិភាព​និង​អភិវឌ្ឍន៍​ក្រសួង​ព័ត៌មាន​បាន​ឱ្យដឹងថា លោកជំទាវ​និង​ក្រុមការងារ មាន​ការពេញចិត្ត​គោរព​ស្រឡាញ់ និង​កោត​ស​សើរ​យ៉ាង​ខ្លាំងក្លា​ចំពោះ​កាកបាទក្រហមកម្ពុជា ដែលមាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ជា​ប្រធាន​បាន​ខិតខំ​ប្រឹងប្រែង​ជួយ​ដល់​ប្រជាពលរដ្ឋ ដែល​មាន​ជីវភាព​ខ្សត់ខ្សោយ និង​ជួប​ទុក្ខលំបាក​បាន​ទាន់ពេលវេលា​។ លោកជំទាវ​ជឿជាក់ថា​អង្ករ​វីតាមីន​ទាំងនេះ នឹង​ទៅ​ដល់ដៃ​ប្រជាពលរដ្ឋ​ងាយ​គ្រោះ និង​ជួយ​ឱ្យ​ប្រជាពលរដ្ឋ​មាន​សុខភាព​ល្អ ហើយ​លោកជំទាវ​និង​បន្ត​ជួយ​ដល់ កាកបាទក្រហមកម្ពុជា នូវ​អង្ករ​វីតាមីន​នេះ​ជា​បន្តបន្ទាប់​ទៀត​។​

​សូមជម្រាបថា សាខាសមាគម​នារី​កម្ពុ​ជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ក្រសួង​ព័ត៌មាន បាន​ឧបត្ថម​អង្ករ​វីតាមីន​ដល់​កាកបាទក្រហមកម្ពុជា​ចំនួន ៣ លើក​រួចមកហើយ ដោយ​លើក​ទី​១ នៅ​ថ្ងៃ​ទី​២៣ ខែ​កក្ត​ដា ឆ្នាំ​២០១៦ ឧបត្ថម​អាហារ​វីតាមីន​ចំនួន​២០០​កេស​, លើក​ទី​២ នៅ​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០២៣ ឧបត្ថម​អង្ករ​វីតាមីន​ចំនួន​២០០​កេស​, និង​លើក​ទី​៣ នៅ​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២៤​នេះ បាន​ឧបត្ថម​អង្ករ​វីតាមីន​ចំនួន ៤០០​កេស​៕
​រូបថត​ដោយ ឡុង ដេវីត​

Leave a Reply

Your email address will not be published.