ព័ត៌មានជាតិ

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អញ្ជើញ​ចូលរួម​សម្ភោ​ធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​គម្រោង​អភិវឌ្ឍន៍ ទំនប់​អូ​រតេធិបតី ទំនប់​សែន​សុខ​ដុម និង ទំនប់​សែន​មនោ​រម្យ ក្នុង​ខេត្ត​មណ្ឌលគិរី​

​ខេត្ត​មណ្ឌលគិរី ៖​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៤ តុលា ២០២៤ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អញ្ជើញ​ចូលរួម​សម្ភោ​ធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​គម្រោង​អភិវឌ្ឍន៍ ទំនប់​អូ​រតេធិបតី ទំនប់​សែន​សុខ​ដុម និង ទំនប់​សែន​មនោ​រម្យ ក្នុង​ខេត្ត​មណ្ឌលគិរី​។​

​ក្រុង​សែន​មនោ​រម្យ និង​ស្រុក​អូររាំង នៃ​ខេត្ត​មណ្ឌលគិរី ទទួលបាន​នូវ​សមិទ្ធផល​ធំៗ​ចំនួន ៣ គឺ​ទំនប់​អូ​រតេធិបតី ដែល​នៅ​ចំពោះ​មុខ​នេះ ទំនប់​សែន​សុខ​ដុម និង ទំនប់​សែន​មនោ​រម្យ​ដោយ​ចំណាយ​ថវិកា​សរុប​ប្រមាណ ៦២ លាន​ដុល្លារ​អាមេរិក ក្រោម​ក្របខ័ណ្ឌ​ឥណទាន​មូលនិធិ​ទ្រទ្រង់​ថវិកា​របស់​រាជរដ្ឋាភិបាល​កម្ពុជា ហើយ​សមិទ្ធផល​នេះ​បាន​កើតឡើង មិនមែន​ជា​ការ​ចៃដន្យ​នោះទេ គឺ​បានមកពី​កិច្ចខិតខំ​ប្រឹងប្រែង និង សាមគ្គីភាព រួម​ទាំង​ការឯកភាព​ផ្ទៃក្នុង​, ជាពិសេស​កិច្ចសហការ ដ៏​ល្អ​ប្រពៃ​រវាង ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ក្រសួង​ធនធានទឹក និង ឧតុនិយម ព្រមទាំង អាជ្ញាធរ​មូលដ្ឋាន និង ប្រជាពលរដ្ឋ​, ហើយក៏​បាន​ស្តែងចេញ​នូវ​សមិទ្ធផល​ជាច្រើន​នៅ ទូទាំង​ប្រទេស និយាយ​ជា​រួម និង និយាយ​ដោយឡែក សមិទ្ធផល​នៅ​ខេត្ត​មណ្ឌលគិរី​។​

​គម្រោង​អភិវឌ្ឍន៍​ធនធាន​ទឹក​សម្រាប់​ពហុ​វិស័យ​នៅក្នុង​ខេត្ត​មណ្ឌលគិរី​នេះ គឺជា​ផ្នែក​មួយ​នៃ​ផែនការ​មេ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ដើម្បី​ផ្គត់ផ្គង់​ធនធាន​ទឹក​ដល់​គ្រប់​វិស័យ​បម្រើ​ដល់​សេចក្តី ត្រូវការ​របស់​ខេត្ត ហើយ​បណ្តា​អាងទឹក​ក្នុង​តំបន់​នេះ​ក៏​នឹង​ទាក់ទាញ​កំណើន​ទេសចរ​ផងដែរ ៕

Leave a Reply

Your email address will not be published.