ព័ត៌មានជាតិ

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​ឯកអគ្គរដ្ឋទូត​ថ្មី​ម៉ាឡេស៊ី ពិភាក្សា​អំពី​ការរួម​គ្នា​ដោះស្រាយ​បញ្ហា​ឧក្រិដ្ឋកម្ម​ឆ្លងដែន ជា​សកល

ក្នុង​ជំនួប​នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ នា​រសៀល​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២៤ នេះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ឯកឧត្តម Shaharuddin Bin Onn ឯកអគ្គរាជទូត​ថ្មី​នៃ​ប្រទេស​ម៉ាឡេស៊ី ប្រចាំ​កម្ពុជា បាន​ពិភាក្សា​គ្នា​អំពី​បញ្ហា​ឧក្រិដ្ឋកម្ម​ឆ្លងដែន មាន​អង្គការ​ចាត់តាំង ដោយ​ភាគី​ទាំងពីរ យល់​ឃើញ​ដូចគ្នា​នូវ​ភាពចាំបាច់​នៃ​ការផ្ដល់​កិច្ចសហការ​ខ្ពស់ ដើម្បី​ប្រឆាំង​បញ្ហា​តំបន់ និង​សកល​មួយ​នេះ​។​

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ក៏​បាន​ស្នើ​ឱ្យ​ភាគី​ទាំងពីរ កម្ពុជា និង​ម៉ាឡេស៊ី ពិចារណា​បង្កើត​អនុស្សរណៈ​លើ​វិស័យ​សន្តិសុខ និង​បាន​លើកទឹកចិត្ត​ឱ្យមាន​ការផ្លាស់ប្តូរ​បទ​ពិសោធ​កម្លាំង​អនុវត្ត​ច្បាប់​នៃ​ប្រទេស​ទាំង​ពីរ ក្នុង​គោលបំណង​កសាង​ធនធាន​ក្នុង​ជួរ​កងកម្លាំង​លើ​ជំនាញ​រួម និង​ប្រហាក់ប្រហែលគ្នា​ឱ្យបាន​កាន់តែ​ល្អប្រសើរ​ថែម​ទៀត ស្របពេល​ដែល​បទល្មើស​ក្នុងសង្គម នាពេល​បច្ចុប្បន្ន កំពុង​ប្រឈម​ខ្ពស់​នឹង​ប្រភេទ​បទល្មើស​ឆ្លងដែន​ជា​សកល​។

​ឆ្លៀត​ក្នុង​ឱកាស​នោះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ក៏​បាន​ថ្លែងអំណរគុណ​ឯកឧត្តម​ឯកអគ្គរាជទូត​ម៉ាឡេស៊ី ដែល​តែងតែ​យកចិត្តទុកដាក់​ដល់​ការលើកកម្ពស់​ទំនាក់ទំនង​នៃ​ប្រទេស​ទាំង​ពីរ​  ព្រមទាំង​ដើរតួនាទី​យ៉ាង​សកម្ម​ក្នុង​ការជំរុញ​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ជាពិសេស​កិច្ចសហប្រតិបត្តិការ​ប្រឆាំង​បទល្មើស​ពាណិជ្ជកម្ម វិនិយោគ និង​ទេសចរណ៍ រវាង​កម្ពុជា​-​ម៉ាឡេស៊ី​។

​ឯកឧត្តម ឯកអគ្គរាជទូត​ម៉ាឡេស៊ី Shaharuddin Bin Onn បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​សម្រាប់​ដំណើរ​ទស្សនកិច្ច​របស់​ថ្នាក់ដឹកនាំ​កំពូល​របស់​ប្រទេស​ទាំង​ពីរ និង​ថ្លែងអំណរគុណ​ដល់​ភាគី​កម្ពុជា ដែល​តែងតែ​ផ្តល់​បរិយាកាស​រស់នៅ​យ៉ាង​កក់ក្តៅ​ដល់​ប្រជាជន​ម៉ាឡេស៊ី​នៅ​កម្ពុជា​។ ភាគី​ទាំងពីរ ក៏​សង្ឃឹម​យ៉ាង​មុតមាំ​ថា តាមរយៈ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​ ​ប្រទេស​ទាំង​ពីរ នឹង​បន្ត​សម្រេចបាន​លទ្ធផល​រីកចម្រើន​ថែម​ទៀត ដើម្បី​នាំមក​នូវ​ផលប្រយោជន៍​ជូន​ប្រជាជន​៕

 

Leave a Reply

Your email address will not be published.