កំពង់ស្ពឺ÷ ថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នៅមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំកិច្ចប្រជុំគណៈកម្មការលុបបំបាត់ឱសថក្លែងក្លាយ និង សេវាសុខាភិបាលខុសច្បាប់ ដើម្បីកាត់បន្ថយភាពក្រីក្រ ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព លោកជំទាវ ឡុង បូណារេត អភិបាលរងនៃគណៈអភិបាលខេត្ត និងនិងជាប្រធានគណៈកម្មការលុបបំបាត់ឱសថក្លែង ក្លាយនិងសេវាសុខាភិបាលខុសច្បាប់ដើម្បីកាត់បន្ថយភាពក្រីក្រខេត្តកំពង់ស្ពឺ និងមានការអញ្ជើញចូលរួមពី លោកវេជ្ជបណ្ឌិត ហុក គ្រី ប្រធានមន្ទីរសុខាភិបាលខេត្ត តំណាងព្រះរាជអាជ្ញាអមសាលាដំបូងរខេត្ត តំណាងកងកម្លាំងទាំង០៣ លោក/លោកស្រីថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ការិយាល័យនិយ័តកម្មសុខា ភិបាល រដ្ឋបាលក្រុង/ស្រុកទាំង០៩ ស្រុកប្រតិបត្តិទាំង៤, ប្រធានក្រុមប្រឹក្សាគណៈវិជ្ជាជីវៈទាំង០៥ សរុបមាន ចំនួន ៤១រូប។
ជាកិច្ចចាប់ផ្តើម លោកវេជ្ជបណ្ឌិត ហុក គ្រី ប្រធានមន្ទីរសុខាភិបាល បានធ្វើរបាយការណ៍សង្ខេបពី ស្ថិតិ សកម្មភាពការងារ និងបញ្ហាប្រឈមមួយចំនួន ដែលទាក់ទងនឹងការងារនិយ័តកម្មសុខាភិបាល ក្នុងខេត្ត កំពង់ស្ពឺ ឆ្នាំ២០២៤ជូនអង្គប្រជុំ។
ជាកិច្ចបន្ទាប់ជាមតិសំណេះសំណាល និងបើកអង្គប្រជុំ ដោយ លោកជំទាវ ឡុង បូណារេត អភិបាលរងនៃគណៈអភិបាលខេត្ត និងនិងជាប្រធានគណៈកម្មការលុបបំបាត់ឱសថក្លែងក្លាយនិងសេវាសុខាភិបាលខុសច្បាប់ដើម្បីកាត់បន្ថយភាពក្រីក្រខេត្តកំពង់ស្ពឺ។ លោកជំទាវ បានមានប្រសាសន៍ទាក់ទងនឹង ការធ្វើបច្ចុប្បន្នភាព សមាសភាពគណៈកម្មការខាងលើ ព្រោះសមាជិកមួយចំនួនធំត្រូវបានផ្លាស់ប្តូរ ឬចូលនិវត្តន៍។ បន្ថែមទៀត លោកជំទាវ បានស្នើឱ្យមន្ទីរសុខាភិបាល អង្គភាពពាក់ព័ន្ធ និងបណ្តាក្រុង/ស្រុកទាំង៩ ត្រូវធ្វើបុរេ សកម្មការងារនិយ័តកម្មសុខាភិបាល ដើម្បីបង្ការនូវបាតុភាពកើតឡើងណាមួយ ដែលនាំឱ្យប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋ។ លើសពីនេះ លោកជំទាវ បានពន្យល់ណែនាំពីតួនាទី ភារៈកិច្ច របស់សមាជិកគណៈកម្មការ និងជំរុញឱ្យក្រុង/ស្រុកទាំងអស់បង្កើតអនុគណៈកម្មការលុបបំបាត់ឱសថក្លែងក្លាយនិងសេវាសុខាភិបាលខុស ច្បាប់ថ្នាក់ក្រុង/ស្រុក ដែលអាចជួយដល់ការងាររបស់គណៈកម្មការខេត្ត កាន់តែមានប្រសិទ្ធភាព និងស័ក្តសិទ្ធភាព។
លោកជំទាវបានបន្តទៀតថា បច្ចុប្បន្នភាពសេវាសុខាភិបាលឯកជនទូទាំងខេត្ត (តាមការិយាល័យ ស្រុកប្រតិបត្តិទាំង៤) រៀបចំលិខិតជូនរដ្ឋបាលក្រុង/ស្រុក ដោយភ្ជាប់ជូនជាមួយតារាងសេវាសុខាភិបាលគ្មានច្បាប់ ដើម្បីចាត់ វិធានការបញ្ឈប់សកម្មភាព ចុះត្រួតពិនិត្យតាមផែនការប្រចាំឆមាស បានចំនួន២០០ទីតាំងទូទាំងខេត្តកំពង់ស្ពឺផងដែរ៕