កំពង់ស្ពឺ៖ នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ មេបញ្ជាការយោធភូមិភាគទី៣ ឯកឧត្តមឧត្តមសេនីយ៍ទោ អ៊ុយ ហៀង ប្រាប់ដល់នាយ នាយទាហានរងនិងពលទាហានទាំងអស់ត្រូវតែការពារឱ្យបានអធិបតេយ្យភាព បូរណភាពទឹកដី ការពារជាតិ សាសានា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារសុខសន្តិភាពនិងសេចក្តីសុខសាន្តជូនប្រជាពលរដ្ឋ ដោយមិនឱ្យជនអគតិណាម្នាក់ ឬក្រុមណាមួយមកបំផ្លិចបំផ្លាញបានឡើយ ឯកឧត្តមមានប្រសាសន៍ដូច្នេះនៅពេលដែល ឯកឧត្តមបានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងសមត្ថភាពយោធារឆ្នាំ២០២៤ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ស្ពឺ។
ឯកឧត្តម បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ ព្រមទាំងកងកម្លាំងដែលជានាយទាហាន និងពលទាហានទាំងអស់ បានខិតខំប្រឹងប្រឹង ដែលសម្រេចបានស្នាដៃ និងសមិទ្ធផលធំៗជាច្រើនលើការងារអភិវឌ្ឍវិស័យការពារជាតិ ការងារសន្តិសុខយោធា ការងារអប់រំ បណ្តុះបណ្តាល ហ្វឹកហ្វឺន បំប៉នសមត្ថភាពទាំងចំណេះដឹង ជំនាញបច្ចេកទេស និងស្មារតីឆន្ទៈមនសិការស្នេហាជាតិ ដើម្បីធានាចីរភាពនៃខឿនការពារអធិបតេយ្យជាតិ បូរណភាពទឹកដី និងការពារថែរក្សាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។
ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានក្រើនរំឭកដល់សិក្ខាកាមដែលជានាយទាហាន និងពលទាហានទាំងអស់ ត្រូវយកចំណេះដឹងជំនាញ ដែលទទួលបាននេះ យកទៅប្រើប្រាស់ឱ្យចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់ក្នុងកិច្ចការ ការពារអធិបតេយ្យភាព បូរណភាពទឹកដី ការពារជាតិ សាសានា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារសុខសន្តិភាព និងសេចក្តីសុខសាន្តជូនប្រជាពលរដ្ឋមិនឱ្យជនណាមកបំផ្លិចបំផ្លាញបានឡើយ។
បន្ថែមពីនេះ ឯកឧត្តមឧត្តមនីយ៍ទោ អ៊ុយ ហៀង មេបញ្ជាការយោធភូមិភាគទី៣ ក៏បានជម្រុញដល់មេបញ្ជាការ មេបញ្ជាការរង នៃតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ស្ពឺ ឱ្យបន្តគិតគូររៀបចំផែនការហ្វឹកហ្វឺនជំនាញផ្សេងៗ ដើម្បីបន្តពង្រឹងសមត្ថភាពកងកម្លាំងទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែងសំដៅចូលរួមចំណែកក្នុងការអនុវត្តផែនការកែទម្រង់កងកម្លាំង ខឿនការពារជាតិ និងគោលនយោបាយរបស់ រាជរដ្ឋាភិបាលលើវិស័យការពារជាតិ ឱ្យទទួលបានជោគជ័យផងដែរ៕