ព័ត៌មានជាតិ

ឯកឧត្តម​ទេសរដ្ឋមន្ត្រី អ៊ី ឈាន ចុះ​ពិនិត្យ​វឌ្ឍនភាព​ការងារ​សាងសង់​វិមាន​អនុស្សាវរីយ៍ នយោបាយ​ឈ្នះ​-​ឈ្នះ ខេត្ត​ប៉ៃលិន​

ប៉ៃលិន​៖ រសៀល​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០២៤ ឯកឧត្តម​ទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធាន​អនុគណៈកម្មាធិការ​សាងសង់​វិមាន​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ​ឈ្នះ​ខេត្ត​ប៉ៃលិន អមដំណើរ​ដោយ​ក្រុមការងារ បាន​អញ្ជើញ​ចុះ​ពិនិត្យ​វឌ្ឍនភាព​ការងារ​សាងសង់ វិមាន​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ​-​ឈ្នះ ខេត្ត​ប៉ៃលិន ស្ថិតនៅក្នុង​ភូមិ​ទឹកថ្លា សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។​

​នា​ឱកាស​នោះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធាន​អនុគណៈកម្មាធិការ​សាងសង់​វិមាន​អនុស្សាវរីយ៍​នយោបាយ ឈ្នះ​-​ឈ្នះ ខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍​វាយតម្លៃ​ខ្ពស់​លើ​វឌ្ឍនភាព​ការងារ​សាងសង់​វិមាន​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ​-​ឈ្នះ ដែល​រហូត​មកដល់​ថ្ងៃនេះ ការងារ​សាងសង់​ស្តូប​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ​-​ឈ្នះ នៅ​ខេត្ត​ប៉ៃលិន សម្រេចបាន​លទ្ធផល ៧០% តាម​ផែនការ​គ្រោងទុក រួម​ជាមួយ​រចនាសម្ព័ន្ធ​រណប​មួយចំនួនទៀត ហើយ​បន្ថែម​លើ​នេះ លោកជំទាវ​អនុប្រធាន ក៍​បាន​ណែនាំ​ឱ្យ​ក្រុម​ការងារ​បច្ចេកទេស ត្រូវ​គោរព​តាម​បទដ្ឋាន​ការសាងសង់​ឱ្យ​ដូច​ទម្រង់​ដើម​នៃ​ស្តូប​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ​-​ឈ្នះ នៅ​រាជធានី​ភ្នំពេញ និង​ត្រូវ​ពន្លឿន​ការងារ​សាងសង់​ឱ្យទាន់​ពេលវេលា​តាម​ការគ្រោង​ទុក​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ប្រធាន​គណៈ​កម្មា​ធិ​រការ បាន​មានប្រសាសន៍​លើកឡើងថា​៖ រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​កំណត់​យក​ទិវា នយោបាយ​ឈ្នះ​-​ឈ្នះ ថ្ងៃទី​២៩​ធ្នូ ចូលទៅ​ក្នុង​ប្រតិទិន​ប្រចាំ​ឆ្នាំ​ចាប់ពី​ឆ្នាំ​២០២២ តទៅ តែ​មិន​អនុញ្ញាត​ឱ្យ​មាន​ការឈប់​សម្រាក​នោះទេ ដែល​ក្នុង​សារាចរ​ណែនាំ ចុះហត្ថលេខា​ដោយ​សម្តេច​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី បានបញ្ជាក់​ថា «​អស់​រយៈពេល​២៤​ឆ្នាំកន្លងមក ប្រទេស​កម្ពុជា​បាន​កំណត់​យក​ថ្ងៃទី​២៩ ខែ​ធ្នូ ឆ្នាំ​១៩៩៨ ជា​ការបញ្ចប់​សង្គ្រាម​ស៊ីវិល​ទាំងស្រុង ដោយ​មិន​មាន​ការ​បង្ហូរឈាម និង​ទទួល​បាន​សន្តិភាព​ពេញលេញ តាមរយៈ​នយោបាយ​ឈ្នះ​-​ឈ្នះ ជា​គោលនយោបាយ​ដ៏​ធំ​មួយ​ក្នុង​ការដឹកនាំ​ប្រទេស​កម្ពុជា បន្ទាប់​ពី​ឆ្លងកាត់​នូវ​ដំណាក់កាល​សង្គ្រាម ដំណាក់កាល​នៃ​របប​ប្រល័យ​ពូជសាសន៍ ប៉ុលពត និង​ដំណាក់កាល​សង្គ្រាម​ផង ចរចា​ផង រហូត​លេចឡើង​នូវ​វត្តមាន​នៃ​នយោបាយ​ឈ្នះ​-​ឈ្នះ​» ៕

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី អ៊ី ឈាន បាន​មានប្រសាសន៍​បញ្ជាក់​ថា​៖ ការសាងសង់​វិមាន​អនុ​ស្សា​រីយ៍​នយោបាយ ឈ្នះ ឈ្នះ នៅ ខេត្ត​ប៉ៃលិន​នេះ នឹង​សាងសង់ឡើង ក្រោម​ការចូលរួម​ពី គ្រប់​មជ្ឈដ្ឋាន​ទាំង​ធនធាន​ថវិកា គំនិត ប្រាជ្ញា​របស់​មន្ត្រីរាជកា​រ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ប្រជាជន មហាជន បញ្ញវន្ត និស្សិត សិស្ស ដោយ​មិន​គិត​និន្នាការ​នយោបាយ​ឡើយ ហើយ​សំណង់ និង​តំបន់​អភិវឌ្ឍ​នេះ នឹង​ក្លាយទៅជា​សំណង់​ប្រវត្តិសាស្ត្រ រាប់រយ​ឆ្នាំ ដែល​ជា​កេរ​មរតក​ក្នុងសម័យ​តេជោ​សែន សម្រាប់​មនុស្ស​ជាតិ​គ្រប់​ជំនាន់​នៅលើ​ទឹកដី​ព្រះរាជាណាចក្រ​កម្ពុជា នា​ពាយព្យ ។​

​សូមបញ្ជាក់​ថា​៖ ការសាងសង់​វិមាន​អនុស្សាវរីយ៍ នយោបាយ​ឈ្នះ​-​ឈ្នះ នៅ ខេត្ត​ប៉ៃលិន គឺ​មាន​ទីតាំង​ស្ថិតនៅក្នុង​ភូមិ​ទឹកថ្លា សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន តាម​ដងផ្លូវ​វាង​ក្រុង ចម្ងាយ​ប្រហែល ៥​គីឡូម៉ែត្រ ពី​ទី​រួម​ខេត្ត ដោយ​ស្តូប​មាន​ទំហំ​បាត​ក្រោម ៥៩​ម៉ែត្រ គុណ​នឹង ៥៩​ម៉ែត្រ និង​មាន​កំពស់ ៥០.៩​ម៉ែត្រ សាងសង់​លើ​ផ្ទៃ​ដី​ទំហ៊ំ ជិត ៣​ម៉ឺន​ម៉ែត្រការ៉េ ដែល​ជា​អំណោយ​ផ្ទាល់​របស់​លោកជំទាវ​បណ្ឌិត បាន ស្រីមុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត ចំណែក​ប្លង់​ស្ថាបត្យកម្ម និង​រចនាសម្ព័ន្ធ​សាងសង់​ស្តូប ឈ្នះ ឈ្នះ ខេត្ត​ប៉ៃលិន បាន​បង្កើតឡើង​តាម​ទម្រង់​វិមាន ឈ្នះ ឈ្នះ នៅ​រាជធានី​ភ្នំពេញ ដែល​មាន​ទម្រង់ ៣​សំខាន់ គឺ ៣- ៥- ៧- គឺ​១-​បង្ហាញ​ពី​គោលការណ៍​ធានា ៣​យ៉ាង នៃ​នយោបាយ ឈ្នះ ឈ្នះ ២-​កត្តា​ទាំង​៥ ចំណុច នៃ​យុទ្ធសាស្ត្រ​ឌី​ហ្វីដ DIFID និង ៣-​កត្តា​ទាំង​៧ នៃ​ជ័យជម្នះ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ របស់​នយោបាយ​ឈ្នះ ឈ្នះ​៕​ដោយ​កឹម​ឈៅ​

 

Leave a Reply

Your email address will not be published.