ព័ត៌មានជាតិ

សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ​ប្រធាន​សហព័ន្ធ​សន្តិភាព​សកល (UPF) ចូលជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ

ព្រឹក​ថ្ងៃ​ចន្ទ ៤​រោច ខែ​បុស្ស ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​. ២៥៦៧ ត្រូវ​នឹង ថ្ងៃទី​២៩ ខែ​មករា ឆ្នាំ​២០២៤ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ក្រុម​ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បានអនុញ្ញាត​ឲ្យ​ឯកឧត្ត​ម​បណ្ឌិត ​ឆា​ល អេស យ៉ាង​(Charles S.Yang) ប្រធាន​សហព័ន្ធ​សន្តិភាព​សកល​(UPF) និង​ថ្នាក់ដឹកនាំ UPF ដែល​បាន​ចូលរួម​សង្កេតការណ៍​បោះឆ្នោត​សកល​ឆ្នាំ​២០២៣ ចូលជួប​សម្តែង​ការគួរសម​។

​សម្តេច​តេ​ជា ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ដល់ លោក​បណ្ឌិត Charles Yang នាយក​អន្តរជាតិ​នៃ​អង្គការ​សហព័ន្ធ​សន្តិភាព​សកល (UPF) និង​ថ្នាក់ដឹកនាំ UPF ដែល​បាន​ចូលរួម​សង្កេតការណ៍​បោះឆ្នោត​សកល​ឆ្នាំ​២០២៣ និង​បាន​ចូល​រួមចំណែក​ដល់​ការកសាង​ធនធានមនុស្ស តាមរយៈ​កម្មវិធី​អាហារូបករណ៍ និង​បណ្តុះបណ្តាល​ផ្សេងៗ​។ តាមរយៈ​ជំនួប​នោះដែរ សម្តេច​តេ​ជា ហ៊ុន សែន ក៏​បាន​ស្នើ​ក្រុមហ៊ុន​សាជីវកម្ម Lotte ដែលជា​ក្រុមហ៊ុន​ចម្រុះ​ជាតិ​សាសន៍​របស់​កូរ៉េខាងត្បូង និង​ជា​ក្រុមហ៊ុន​ធំជាងគេ​ទី​ប្រាំ នៅ​សាធារណរដ្ឋ​កូរ៉េ បង្កើន​ការវិនិយោ​មកកាន់​ប្រទេស​កម្ពុជា និង​ជា​ពិសេស​ការជួយ​ដល់​ផែនការ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជា​ជី​វះ​ដល់​យុវជន​១.៥ លាន​នាក់ រួម​ទាំង​ការ​គាំពារ​ដល់​ស្ត្រី ដែល​ជា​តំរូវការ​ចាំបាច់​បំផុត​មួយ​របស់​កម្ពុជា ក្នុង​តំណាក់កាល​ថ្មី​។

​លោក​បណ្ឌិត Charles Yang វាយតម្លៃ​ខ្ពស់​នូវ​គំរូ​វីរភាព​ក្នុង​ការដឹកនាំ​រដ្ឋ និង​ការកសាង​ប្រទេស​របស់​សម្តេច​តេ​ជា ហ៊ុន សែន និង​មាន​ជំនឿ​មុតមាំ​ថា នយោបាយ​ឈ្នះ​-​ឈ្នះ ដ៏​ល្បីល្បាញ​របស់​សម្តេច​តេ​ជា ហ៊ុន សែន អាច​នឹង​រួម​ចំ​ណែ​ដល់​ការកសាង​សន្តិភាព និង​ការបង្រួបបង្រួម​ជាតិ​នៅក្នុង​តំបន់​និង​ពិភពលោក ជាពិសេស​ផ្តល់​ជា​ធាតុ​ចូល​ដ៏​សំខាន់​មួយ​ក្នុងការ​ស្វះស្វែង​សន្តិភាព​និង​ការបង្រួបបង្រួម​ឧបទ្វីប​កូរ៉េ​។

​កិច្ចសន្ទនា​រវាង​ថ្នាក់ដឹកនាំ និង​អង្គការ​សង្គម​ស៊ីវិល​គឺ​បាន​ផ្តល់​នូវ​តម្លៃ​នៃ​ការយោគយល់ និង​ការចែករំលែក​បទពិសោធ​ន៍​ល្អៗ ដែល​មាន​ផលប្រយោជន៍​ផ្ទាល់​ដល់​សង្គម និង​ប្រជាជន​ដែល​ស្រឡាញ់​សន្តិភាព​៕​

Leave a Reply

Your email address will not be published.