ព័ត៌មានជាតិ

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត អញ្ជើញ​អបអរសាទរ «​ទិវា​វប្បធម៌​ជាតិ​៣​មីនា​»

នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ១២​រោច ខែ​មាឃ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​៧ ខែ​មីនា ឆ្នាំ​២០២៤​នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​អបអរសាទរ «​ទិវា​វប្បធម៌​ជាតិ​៣​មីនា​» លើក​ទី​២៦ ឆ្នាំ​២០២៤ និង​អញ្ជើញ​ក្នុង​ពិធី​ពិសា​អាហារ​សាមគ្គី​ផងដែរ ដែល​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ រាជធានី​ភ្នំពេញ​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត មានប្រសាសន៍​សូម​ពាំនាំ​នូវ​ក្ដី​នឹករឭក និង​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី និង ជា​ប្រធាន​ក្រុម​ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ជូន ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ព្រឹទ្ធាចារ្យ លោកគ្រូ អ្នកគ្រូ បងប្អូន សិល្បករ សិល្បការិនី​ទាំងអស់ ដែល​កន្លងមក​ជា​រៀងរាល់ឆ្នាំ ទោះជា​មាន​ភាព​មមាញឹក​យ៉ាងណា​ក៏ សម្ដេច​តេជោ មិន​អាក់ខាន​ក្នុង​ការចូលរួម​ពិធី​ដ៏​មាន​សារៈសំខាន់ នៃ​ទិវា​វប្បធម៌​ជាតិ​នេះ​។ សម្ដេច​តេជោ ហ៊ុន សែន ក៏​បាន​ផ្ដាំផ្ញើ​ការថ្លែងអំណរគុណ​ជាថ្មី ចំពោះ​ការចូលរួម​យ៉ាង​សស្រាក់សស្រាំ របស់​សិល្បករ​-​សិល្បការិនី​, ទាំង​ក្នុង និង​ក្រៅ​ប្រព័ន្ធ និង​គ្រប់​ទម្រង់​សកម្មភាព​វប្បធម៌ និង សិល្បៈ ជាពិសេស ជោគជ័យ​នៃ​ការសម្តែង​ប្រកបដោយ​ទេពកោសល្យ និង វប្បធម៌​ខ្មែរ ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​នា​ពេល​កន្លង​ទៅ ក៏​ដូច​ជា​ព្រឹត្តិការណ៍​ផ្សេងៗ​ទៀត​, ទាំង​កម្រិត​ជាតិ និង​អន្តរជាតិ ដែល​បាន​រៀបចំ​, ទាំង​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​នៅ​ក្រៅប្រទេស​។​

​សម្តេច​ធិបតី​បាន​មាន​ប្រសា​ន៍​ថា ជា​ការពិត​, សិល្បៈ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ជំនឿ​សាសនា ឆ្លុះបញ្ចាំង​នូវ​លក្ខណៈ​ដ៏​ផូរផង់​របស់​ជាតិ ដែល​ការរៀបចំ​ឱ្យ​មាន​ការ​ប្រារព្ធ​ទិវា​វប្បធម៌​ជាតិ​ជា​រៀងរាល់ឆ្នាំ​គឺ​ពិតជា​មាន​សារៈសំខាន់​។ សម្តេច​ធិបតី បាន​មាន​ប្រសា​ន៍​ថា ២៥​ឆ្នាំ​កន្លងមកនេះ​, ទិវា​វប្បធម៌​ជាតិ​នៅតែ​ជា​ព្រឹត្តិការណ៍​ដ៏​ធំ និង​ទៀងទាត់ ហើយ​ដែល​តែងតែ​ប្រារព្ធ ក្រោម​ប្រធានបទ​សំខាន់ៗ​។ ក្នុង​រយៈពេល​៩​ឆ្នាំ​ជាប់​គ្នា​ចុងក្រោយ​នេះ​, រាជរដ្ឋាភិបាល​បាន​កំណត់​យក​ប្រធានបទ​តែ​មួយ​គឺ «​យុវជន​ដើម្បី វប្បធម៌​ជាតិ​»​។​

​សម្តេច​ធិបតី បាន​មាន​ប្រសា​ន៍​ថា សុភាសិត​ខ្មែរ «​ទំពាំង​ស្នង​ឫស្សី​» ដែល​ត្រូវបាន​ប្រើប្រាស់​គ្រប់​ពេលវេលា និង​គ្រប់​កាលៈទេសៈ បាន​បន្ត​ក្លាយ​ជា​គោលការណ៍​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល គ្រប់​នីតិកាល ហើយ​នៅ​នីតិកាល​ទី ៧ នៃ​រដ្ឋសភា​នេះ បញ្ច​កោណ​យុទ្ធសាស្ត្រ​ទី ១ នៃ «​យុទ្ធសាស្ត្រ​បញ្ច​កោ​ណ​-​ដំណាក់កាល​ទី ១» បានកំណត់​ច្បាស់​ពី​ការបន្ត​ផ្តោត​អាទិភាព​ទៅលើ​ការអភិវឌ្ឍ​ធនធានមនុស្ស ដែល​ជា​លក្ខខណ្ឌ​ស្លាប់​រស់​សម្រាប់​ជំរុញ​ផលិតភាព​, ពិពិធ​កម្ម​សេដ្ឋកិច្ច និង ការអភិវឌ្ឍ​សង្គម សេដ្ឋកិច្ច​ប្រកបដោយ​បរិ​យាប​ន្ន និង​ភាព​ធន់ ។ វិស័យ​សិល្បៈ និង​វប្បធម៌ ជា​ផ្នែក​មួយ​នៃ​អាទិភាព​របស់​រាជរដ្ឋាភិបាល ដែល​ម្យ៉ាង​, សំដៅ​ទៅ​ដល់​កិច្ចការ​ការពារ​អត្តសញ្ញាណ​ជាតិ និង ប្រជាជន​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត មាន​ប្រសា​ន៍​ថា តម្រូវការ​នៃ​ការចូលរួម​របស់​យុវជន ក្នុង​វិស័យ​សិល្បៈ​វប្បធម៌ ដើម្បី​សេដ្ឋកិច្ចសង្គម និង ការទប់ស្កាត់​អំណាច​នៃ​ការឆ្លង​រាលដាល​របស់​វប្បធម៌​ដទៃ ដែល​អាច​ប៉ះពាល់​ដល់​លក្ខណៈ​ដើម​នៃ​វប្បធម៌​យើង​។​

​សម្តេច​ធិបតី​បាន​មាន​ប្រសា​ន៍​ថា ពាក្យ​ថា «​គោរព​ស្រឡាញ់​វប្បធម៌​ជាតិ​» ជា​ពាក្យ​ងាយស្រួល​និយាយ​, ប៉ុន្តែ​ដើម្បី​ឱ្យមាន​ការគោរព​ស្រឡាញ់​ពិតប្រាកដ ជាដំបូង​យើង​ត្រូវមាន​ចំណេះដឹង ឬ​ត្រូវ​យល់​ដឹង​ឱ្យបាន​ល្អ អំពី​សិល្បៈ​វប្បធម៌​ជាតិ និង​ការចូលរួម​គ្រប់​រូបភាព​ដល់​ការការពារ និង​ការលើកស្ទួយ​វប្បធម៌​ជាតិ​យើង​។ សម្តេច​ធិបតី បាន​ថ្លែងថា ប្រជាជន​ខ្មែរ​គ្រប់​រូប​សុទ្ធ​តែ​មាន​សេចក្តី​គោរព​ស្រឡាញ់​, ប៉ុន្តែ​ការយល់ដឹង​មិន​គ្រប់​ជ្រុងជ្រោយ ងាយ​នឹង នាំទៅ​ដល់​សកម្មភាព​នានា ដែល​បង្ក​ផលប៉ះពាល់​ជា​អវិជ្ជមាន​ដល់​សិល្បៈ​វប្បធម៌​ជាតិ ដោយ​មិន​ដឹង​ខ្លួន​។ ដូច្នេះ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ព្រមទាំង​បងប្អូន​ជា សិល្បករ សិល្បការិនី ត្រូវ​បន្ត​កិច្ច​ខិតខំ​រួមគ្នា បង្កើត​ឱ្យ​បាន​នូវ​អត្ថបទ រូបភាព ក៏ដូចជា​ភាពយន្ត​ខ្លីៗ ដែល​បង្កប់​ដោយ​ការអប់រំ និង ភាព​ទាក់ទាញ​ចំពោះ​ការយល់ដឹង​របស់​យុវជន​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការទន្ទ្រាន​កាន់កាប់​, ការទាមទារ​យក​ជា​កម្មសិទ្ធិ​, ការជួញដូរ​ដីធ្លី​ដែល ប៉ះពាល់​ដល់​តំបន់​ការពារ​បុរាណ​ដ្ឋា​ន​គ្រប់​ប្រភេទ និង​ការជីក​កកាយ​ខុសច្បាប់ សុទ្ធតែ​ជា​ទង្វើ ដែល​ប្រាសចាក​ពី​សេចក្តីស្រឡាញ់​ចំពោះ​វប្បធម៌​ជាតិ​។ ពាក់ព័ន្ធ​បញ្ហា​នេះ ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​បន្ត​ចាត់​វិធានការ​អប់រំ ទប់ស្កាត់ និង​ប្រើប្រាស់​នីតិវិធី​ច្បាប់​ឱ្យបាន​តឹងរ៉ឹង​បំផុត ដើម្បី​ការពារ​ឱ្យបាន​នូវ​គ្រប់​ប្រភេទ​បេតិកភណ្ឌ ដោយ ត្រូវ​ជំរុញ​ផងដែរ នូវ​ការ​កំណត់​ព្រំ​ការពារ និង ការលើក​ស្លាក​សញ្ញា​សម្គាល់​ឱ្យបាន​ច្បាស់លាស់​។ ក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ ត្រូវ​បង្កើន​កិច្ចសហការ​ដោយផ្ទាល់​ជាមួយ​មជ្ឈដ្ឋាន ជំនាញ​សិល្បៈ​លើកទឹកចិត្ត ឧបត្ថម្ភ​ជា​ជំនួយ​សម្ភារៈ​បច្ចេកទេស​ដល់​ក្រុម​យុវជន​ដែល​កំពុង ផ្តោត​លើ​ការស្រាវជ្រាវ និង​បង្កើត​ស្នាដៃ​ថ្មីៗ នៃ​សិល្បៈ​ទស្សនីយភាព ចម្រៀង ភាពយន្ត វីដេអូ និង ស្នាដៃ​វប្បធម៌​ផ្សេងៗ​ទៀត ដោយ​ត្រូវ​រក្សា​ឱ្យបាន​នូវ​អត្តសញ្ញាណ ក្រមសីលធម៌​វិជ្ជាជីវៈ និង មាន​លក្ខណៈ​ប្រកួតប្រជែង ។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ជំរុញ​យុវជន​ឱ្យ​ផ្ដោតលើ​ការ​ពង្រឹងគុណភាព ប្រណិត​ភាព ម៉ាក​យីហោ​ផលិតផល ចៀសវាង​ការលួចចម្លង​នូវ​រាល់​ផលិតផល​សិល្បៈ​នានា​, ទាំង​បុរាណ សម័យ និង ផលិតផល​ច្នៃ ប្រតិដ្ឋ​ថ្មី ដើម្បី​លើកកម្ពស់​ការផលិត និង ពង្រឹង​ការទទួលស្គាល់ ទំនុកចិត្ត និង​ទីផ្សារ​។ សម្តេច​ធិបតី ក៏​សូម​លើកទឹកចិត្ត​ឱ្យ​បង្កើន​ចំនួន​យុវជន​ជំនាញ​ជំនាន់​ក្រោយ ដើម្បី​មាន​ឱកាស​កាន់តែ​ធំ​ចូលរួម​ក្នុង​ការបណ្តុះបណ្តាល​ស្រាវជ្រាវ ចងក្រង និង ផ្សព្វផ្សាយ​វប្បធម៌​ជាតិ​, ជាពិសេស​លើ​ការងារ​សិល្បៈ និង​ទម្រង់​សម្លៀកបំពាក់​ប្រពៃណី​។ បច្ចុប្បន្ន​មហាជន ជាពិសេស យុវជន​វ័យក្មេង​កំពុង​ពេញនិយម និង មាន​មោទនភាព​ខ្ពស់ ក្នុង​ការប្រើប្រាស់​សម្លៀក​បំពាក់​ប្រពៃណី​, ប៉ុន្តែ​ការ​យល់​ច្បាស់​ពី​ទម្រង់ និង​របៀបរបប​ប្រើប្រាស់ នៅ​មាន​ភាពស្រពិចស្រពិល បង្ក​ការភ័ន្តច្រឡំ និង ប្រើប្រាស់​ខុស​។​

​សម្តេច​ធិបតី បាន​ថ្លែងថា ការផលិត និង​ការច្នៃ​ប្រតិដ្ឋ​ផលិតផល​សិល្បៈ​នៅ​មាន​កម្រិត​កំណត់ ជាមួយ​ថ្លៃ​ខ្ពស់ ដែល​ការណ៍​នេះ​ធ្វើឱ្យ​ផលិតផល​របស់​យើង ពុំ​មាន​ភាព​ប្រកួតប្រជែង​។ ស្នើ​ឱ្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ សិក្សា​លើ​វិធានការ​លើកទឹកចិត្ត​ចាំបាច់​នានា ដើម្បី​ជំរុញ​ការផលិត និង​ការច្នៃ​ប្រតិដ្ឋ​ផលិតផល​សិល្បៈ ឱ្យមាន​ភាព​ទាក់ទាញ និង​ភាព​ប្រកួតប្រជែង​ខ្ពស់​។​ក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ និង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​ពង្រឹង​ការងារ​ពាក់ព័ន្ធ នឹង​កម្មសិទ្ធិបញ្ញា សិទ្ធិ​អ្នកនិពន្ធ និង សិទ្ធិ​ប្រហាក់ប្រហែល ទប់ស្កាត់​ការលួចចម្លង​ស្នាដៃ ធ្វើ​វិសោធកម្ម​ក្របខណ្ឌគ​តិ​យុត្តិ ពាក់ព័ន្ធ​ឱ្យ​ត្រូវ​នឹង​ស្ថានភាព​ជាក់ស្ដែង​នៃ​បច្ចេកវិទ្យា និង កិច្ចសហការ​អន្តរជាតិ​។​

​សម្តេច​ធិបតី បាន​ថ្លែងថា ក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ​, ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរ​ដែនដី​គ្រប់​ជាន់ថ្នាក់ ត្រូវ​បន្ត​យកចិត្តទុកដាក់​ថែរក្សា​ការពារ និង​បង្ក្រាប​រាល់​បទល្មើស​ឱ្យបាន​ទាន់​ពេល ប្រកបដោយ​ប្រសិទ្ធភាព​នៅ​តាម​ទីតាំង​តំបន់​ប្រាសាទ រមណីយដ្ឋាន ប្រវត្តិសាស្ត្រ វត្ត​អារាម សំណង់​ប្រវត្តិសាស្ត្រ និង​សំណង់ ដែល​មាន​អាយុកាល​រាប់រយ​ឆ្នាំ នៅតាម​មូលដ្ឋាន​នៅ​ទូទាំង​ប្រទេស​។

​ក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ ត្រូវ​បន្ត​កិច្ចសហការ​ជាមួយ​ក្រសួងការបរទេស និង សហប្រតិបត្តិការ​អន្តរជាតិ បំផុសសកម្មភាព​គ្រប់​ស្ថានទូត និង ស្ថាន​កុងស៊ុល​កម្ពុជា​ប្រចាំ​នៅ​បរទេស រៀបចំ​ព្រឹត្តិការណ៍​វប្បធម៌​ខ្មែរ​ឱ្យបាន​ទៀងទាត់​ជា​រៀងរាល់ឆ្នាំ ដើម្បី​ផ្សព្វផ្សាយ​វប្បធម៌​ជាតិ ជាមួយនឹង​ការពង្រឹង​នយោបាយ​វប្បធម៌​ការទូត ហើយ​ត្រូវ​បំផុស​ឱ្យ​សហគមន៍​ខ្មែរ​នៅ​បរទេស ចូលរួម​រៀបចំ​កម្មវិធី​ទិវា​វប្បធម៌​ជាតិ​ឱ្យបាន​អធិកអធម និង​ទូលំទូលាយ​៕

 

 

Leave a Reply

Your email address will not be published.