កំពង់ស្ពឺ៖ នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកជំទាវ ម៉េង វ៉ាន់ដានីន ភរិយាឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ប្រធានកិត្តិយសក្រុមចលនាស្ត្រីខេត្ត លោកជំទាវ ទឹម សាវ៉ាត ទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃ ព្រះរាជាណាចក្រកម្ពុជា អនុប្រធានក្រុមការងារចុះជួយស្រុកសាមគ្គីមុនីជ័យ និងជាប្រធានក្រុមការងារចុះជួយឃុំភ្នំតូចបានដឹកនាំក្រុមការងារ ចូលរួមកម្មវិធីដាល់អំបុកសាមគ្គីសន្តិភាពនៅវត្តភ្នំ ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ពិធីនេះក៏មានសមាជិកសមាជិកាក្រុមការងារស្រុក បានរួមគ្នា បង្កើតនូវព្រឹត្តិការណ៍មួយក្នុងនោះមានដូចជាការ -ច្រូតស្រូវ -ជិះរទេះសាឡីដឹក កណ្ដាប់ស្រូវ -បែនស្រូវ -លីងស្រូវ -បុកអំបុក -រាំលេងនិង អកអំបុក ដែលជាប្រពៃណីទំនៀមទម្លាប់ខ្មែរ តាំងពីដូនតា តរៀងមក។
លោកជំទាវ ម៉េង វ៉ាន់ដានីន បានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះរដ្ឋបាលស្រុកសាមគ្គីមុនីជ័យ និងក្រុមការងារថ្នាក់ ខេត្ត និងការចូលរួមយ៉ាងសកម្មរបស់មន្ទីរអង្គភាព រដ្ឋបាលក្រុង ស្រុក និងវិស័យឯកជននានា ដែលបានរៀបចំកម្មវិធីដាល់អំបុកសាមគ្គីដើម្បីសន្តិភាព ក្នុងគោលបំណងអបអរពិធីបុណ្យអុំទូកនាឆ្នាំនេះ។ លោកជំទាវបញ្ជាក់ថា ពិធីដាល់អំបុកនេះ មិនមែនជាពិធីដែលទើប និងកកើតឡើងនាពេលថ្មីៗនោះទេ តែវាបានកើតឡើងជា យូឡុងណាស់មកហើយ ដែលបុព្វបុរសខ្មែរយើងបានបន្សល់ទុកតរៀងមក យើងដឹងហើយថា ពិធីដាល់អំបុក ប្រជាកសិករ ខ្មែរយើងតែងប្រារព្វធ្វើឡើង ស្របពិធីបុណ្យអុំទូក ដែលមានរយៈពេល៣ថ្ងៃ។ ហើយពិធីនេះ រាជរដ្ឋាភិបាល បានរៀបចំ ឲ្យមានការជួបជុំ ប្រណាំងទូក ង ទូកមួង ទូកផ្កាចារ បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ដើម្បីរម្លឹកពីវិរៈភាពអង្គអាចក្លាហានរបស់កងទ័ពជើងទឹកខ្មែរ ក្នុងបុព្វហេតុការពារជាតិមាតុភូមិ ពីការឈ្លានពានរបស់ខ្មាំងសត្រូវ ហើយក៏រម្លឹកពីការដឹងគុណចំពោះព្រះគង្គារ ដែលបាននាំមកនូវជីវជាតិតាមដងទន្លេមក ស្រោចស្រពផល ដំណាំរបស់ប្រជាកសិករកំពុងប្រកបរបរកសិកម្ម ឲ្យទទួលបាននូវទិន្នផលល្អ។
លោកជំទាវបានអំពាវនាវឱ្យប្រជាកសិករខ្មែរយើងសូមចូលរួមគ្នាក្នុងការរៀបចំកម្មវិធីដាល់អំបុកសាមគ្គីនេះឱ្យមាន ជានិរន្ត លើទឹកដីកំពង់ស្ពឺរបស់យើង ហើយក៏ជាការរឹតនូវចំណងមិត្តភាពគ្រប់វ័យទាំងអស់ឱ្យបានស្គាល់ និងចងចាំនូវស្នាដៃរបស់ដូនតាយើង។
សូមរំលឹកផងដែរថា៖ នាឱកាសនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន បានធ្វើដំណើរកំសាន្ត ពីតាមបណ្តាខេត្តមកទីប្រជុំជននិងពីទីប្រជុំជនទៅតាមបណ្តាខេត្តនានា ហើយប្រជាពលរដ្ឋ ខ្មែរយើងមួយចំនួនទៀតបានធ្វើដំណើរទៅកំសាន្តតាម បណ្តាប្រទេសផ្សេងៗទៀតនៅក្នុងតំបន់និងពិភពលោក នេះដោយសាតែប្រទេសជាតិយើងមានសុខសន្តិភាព យ៉ាងពេញលេង ធ្វើឲ្យប្រជាពលរដ្ឋយើងមានឱកាស គ្រប់គ្រាន់អាចធ្វើដំណើរកំសាន្តផង និងធ្វើដំណើរជាលក្ខណៈមុខជំនួញផ្សេងៗទៀតផងដែរ៕