ព័ត៌មានជាតិ

ស៊ុតមាន់​ជាង​៦​ម៉ឺន​គ្រាប់ ដែល​ឈ្មួញ​លួច​បង្កប់​តាម​រថយន្តក្រុង ដឹក​ពី​ខេត្ត​កំពង់ស្ពឺ មក​ចែកចាយ​នៅក្នុង​ខេត្ត​បន្ទាយមានជ័យ​គ្មាន​ច្បាប់ ត្រូវបាន​ពេទ្យសត្វ ចុះបង្ក្រាប​

(​បន្ទាយមានជ័យ​)៖​កម្លាំង​ជំនាញ​ពេទ្យសត្វ បាន​ចុះ​បង្ក្រាប​រថយន្តក្រុង លួច​ដឹក​បង្កប់​ស៊ុតមាន់​ចំនួន ២០០​ដុំ ស្មើនឹង​៦០ ០០០​គ្រាប់ ដែល​គ្នាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ នៅលើ​ផ្លូវជាតិ​លេខ​៥ ចំណុច​មុខ​សាលាបឋមសិក្សា​ព្រែករ​ពៅ ស្ថិតក្នុង​ភូមិ​ព្រែករ​ពៅ ឃុំ​ប្ញ​ស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ ។​

​មន្ត្រី​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​បន្ទាយមានជ័យ​បាន​ប្រាប់​អ្នក​យក​ព័ត៍មាន​ឲ្យដឹងថា នៅវេលា​ម៉ោង ១​រសៀល ថ្ងៃទី​៤ ខែ​កុម្ភ​: ឆ្នាំ​២០២៤ មន្ត្រី​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ ខេត្ត​បន្ទាយមានជ័យ បាន​ចុះ​ដល់​ចំណុច​ខាងលើ​កាក់​រថយន្តក្រុង ១​គ្រឿង ពណ៌​លឿង​លាយ​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 3D-9090 ជា​ប្រភេ​រថយន្តក្រុង ក្រោយពី​ក្រុម​ការងារ​ពិនិត្យ​ក្នុង​ខ្លប់​រថយន្ត​ខាងក្រោម​បាន​រកឃើញ​ស៊ុត​ម៉ាន់ ចំនួន ២០០​ដុំ ស្មើនឹង​៦០ ០០០​គ្រាប់ ដែល​ដឹក​ពី​ខេត្ត​កំពង់ស្ពឺ មក​ចែកចាយ​នៅក្នុង​ខេត្ត​បន្ទាយមានជ័យ​។​

​មន្ត្រី​ពេទ្យសត្វ​បាន​បន្តថា ការឃាត់​រថយន្ត​នេះ ក្រោយពី​ទទួលបាន​ព័ត៌មាន​ពី​ភ្នាក់​សម្ងាត់ រាយការណ៍​មក​ថា មាន​រថយន្ត​ខាងលើ​លួច​ដឹក​បង្កប់​ស៊ុត​មាន់ ចំណែក​តៃកុង​រថយន្ត​វិញ​បាន​និយាយថា គាត់ ស៊ីឈ្នួល​ដឹក​ស៊ុតមាន់​ចេញពី​ម្តុំ​ស្រុក​ឧត្តុង្គ ខេត្ត​កំពង់ស្ពឺ ឆ្ពោះ​មក​ឲ្យ​ម៉ូយ​គេ​លក់​ចែកចាយ​នៅ​ខេត្ត​បន្ទាយមានជ័យ​តែ​ប៉ុណ្ណោះ ប៉ុន្តែ​ខ្លួន​ប្រកែក​ថា មិន​បាន​ស្គាល់​ម្ចាស់​ស៊ុតមាន់​នោះឡើយ​គឺ​បាន​ទាក់ទង​តែ​អ្នក​ហៅ​មក​ដឹក​ប៉ុណ្ណោះ ។​

​ក្រោយពី​ពិនិត្យ​សួ​នាំ​ហើយ​បាន​នាំយក​វត្ថុតាង​ល្មើស​និង​មធ្យោបាយ​ខាងលើ ទៅកាន់​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ព្រោះ​ស៊ុតមាន់​ទាំងអស់​នេះ​អត់​មាន​ឯកសារ​ត្រឹមត្រូវ និង​អត់​មាន​ប្រភព​ដឹក​ចេញពី​កន្លែង​ណា​មក​៕

Leave a Reply

Your email address will not be published.