ព័ត៌មានជាតិ

រដ្ឋបាល​ខេត្ត​ក្រចេះ ប្រារព្វ​ពិធី​អបអរសាទរ ខួប​លើក​ទី​១៨ នៃ​ទិវា​អតីតយុទ្ធជន​កម្ពុជា ឆ្នាំ​២០២៥

ក្រចេះ​÷ នា​ព្រឹក​ថ្ងៃ​សុក្រ ៩​កើត ខែ​អាសាឍ ឆ្នាំ​ម្សាញ់ សប្តស័ក ពុទ្ធ​សករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០២៥ ឯកឧត្តម ស្រេង សុភាព អភិបាលរង​ខេត្ត តំណាង​ឯកឧត្តម វ៉ា ថន អភិបាលខេត្ត អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អបអរសាទរ​ខួប​លើក​ទី​១៨ ទិវា​អតីតយុទ្ធជន​កម្ពុជា ២១​មិថុនា ២០២៥ នៅ​សាល​មហោស្រព​ខេត្ត ។​

​លោក ចាន់ សុ​គុណ ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត​ក្រចេះ បានបញ្ជាក់​ថា ៖ អតីតយុទ្ធជន ជា​និវត្តជន ជន​បាត់បង់​សមត្ថភាព​ការងារ ជនពិការ ជន​ពលី និង​ជន​មរណៈ សរុប​ចំនួន ១,៨០៥​នាក់ ក្នុងនោះ​និវត្តជន​ចំនួន ៨៦០​នាក់ ជន​បាត់បង់​សមត្ថភាព​ការងារ​ចំនួន ៥៤​នាក់ ជនពិការ​ចំនួន ២០២​នាក់ ជន​ពលី ៤៤៨​នាក់ និង​មរណៈ​ចំនួន ២៤១​នាក់ ចំណាយ​ថវិកា​ប្រចាំខែ​សរុប​ចំនួន ១,៣០១,៩៧៥,៦៦០៛ ( មួយ​ពាន់​បី​រយ​មួយ​លាន ប្រាំបួន​រយ​ចិតសិប​ប្រាំ​ពាន់ ប្រាំមួយរយ​ហុកសិប​រៀល​គត់ ) ដែល​កំពុង​បើក​ប្រាក់រ​បប​គោលនយោបាយ​ប្រចាំ​ខែ​ជា​រៀងរាល់ខែ -​ផ្ដល់​រទេះរុញ​ចល័ត​ជូន​ជន​មាន​ពិការភាព​ចំនួន ៥៥៦ នាក់ ស្រី ៣២០​នាក់ ដោយ​មាន​ជន​មាន​ពិការភាព មាន​អ្នក​មក​ទទួល​សេវា​ថ្មី​សរុប​ចំនួន ៤៧៩ នាក់ ស្រី​២៩២​នាក់ ។ គិត​ត្រឹម​ខែមិថុនា ឆ្នាំ​២០២៥ សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្ត មាន​សមាជិក​សរុប ចំនួន ១,៤០៣ នាក់ ក្នុងនោះ​មាន ៖- ពិការ​ចំនួន ២០៤​នាក់ – គ្រួសារ​ពលី ចំនួន ២៥០​នាក់ – គ្រួសារ​មរណៈ​ចំនួន ៤៧​នាក់ – និវត្ត​ជន ចំនួន ៨៥១​នាក់ – បាត់បង់​សមត្ថភាព ចំនួន ៥១​នាក់ ។

​ឯកឧត្តម ស្រេង សុភាព អភិបាលរង​ខេត្ត បាន​មានប្រសាសន៍​បន្ថែម​ថា ៖ ជាមួយនឹង​ការ​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ និង​កម្មវិធី​នយោបាយ​សំខាន់ៗ​នានា​របស់​រាជរដ្ឋាភិបាល ការលើកទឹកចិត្ត ការផ្តល់​ឱកាស និង​ការលើកកម្ពស់​ជីវភាព ត្រូវបាន​ផ្តល់​ឲ្យ​យ៉ាង​ទូលំទូលាយ​ជូន​ដល់​អតីតយុទ្ធជន រួម​ទាំង​និវត្តជន និង​ជនពិការ​បាត់បង់​សមត្ថភាព​ការងារ​ទាំងអស់ ។ ការតស៊ូ​រហូត​បាន​សន្តិភាព​ពេញលេញ​ដូច​សព្វថ្ងៃនេះ គឺ​ពិតជា​លំបាក​ណាស់ ដែល​ប្រជាពលរដ្ឋ​គ្រប់រូប មិនអាច​បំភ្លេច​បាន​ទេ ដល់​បិតា​សន្តិភាព​របស់​កម្ពុជា គឺ​សម្ដេច​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ដ្រី និង​ជា​ប្រធានព្រឹទ្ធសភា និង​រាល់​អតីតយុទ្ធជន​ទាំងអស់ ដែល​បាន​ចូលរួម​ឆ្លងកាត់​គ្រប់​ដំណាក់កាល​នៃ​ការតស៊ូ​រំដោះជាតិ ចេញ​ពី​ភ្លើងសង្គ្រាម និង​បាន​បន្ត​រក្សា​គាំទ្រ​ជ្រុម​ជ្រែង​សម្តេច​មហា​បវរ​ធីបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​ដូច្នេះ​យើងទាំងអស់គ្នា សុទ្ធតែ​បាន​យល់​យ៉ាងច្បាស់ ចំពោះ​ការលះបង់​បូជា និង​គំរូ​វីរៈ​ភាពក្លាហាន​អង់អាច​ជាទី​បំផុត​របស់​យុទ្ធជន​កម្ពុជា និង​បាន​ណែនាំ​ដល់​ថ្នាក់ដឹកនាំ​សមាគម​អតីតយុទ្ធជន​ខេត្ត​ទាំងអស់ សូម​ចុះ​ពិនិត្យ​ឲ្យបាន​ជាប់​ជាប្រចាំ ជាមួយ​អតីត​យុទ្ធជន​ក្នុង​មូលដ្ឋាន​រស់នៅ​របស់​ខ្លួន ដើម្បី​ធានា​ពី​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ សំដៅ​ជួយ​លើកស្ទួយ​ជីវភាព​អតីតយុទ្ធជន ឲ្យទទួល​បាន​នូវ​អត្ថប្រយោជន៍​ជាច្រើន និង​ជីវភាព​រស់នៅ​កាន់តែ​ល្អប្រសើរ​ឡើង ៕ ដោយ​លោក ម៉ែន បូរិទ្ធ​

 

Leave a Reply

Your email address will not be published.