ព័ត៌មានជាតិ

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បំផុស​ចលនា​បរិស្ថាន តាមរយៈ​ការជំរុញ​ឱ្យ​ប្រជាពលរដ្ឋ កងកម្លាំង មន្ត្រីរាជការ សិស្ស និស្សិត ចូលរួម​ដាំ​កូនឈើ​ទាំងអស់គ្នា ចាប់ផ្តើម​ពី​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពង់ស្ពឺ

កំពង់ស្ពឺ​៖ ឯកឧត្តម ហ៊ុន ម៉ា​នី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ស្ពឺ បាន​អញ្ជើញ​ប្រគល់​កូន​ឈើ​ជា​និមិត្តរូប ជូន​ដល់​អភិបាលក្រុង ស្រុក ចំនួន​៣ នៃ​ខេត្ត​កំពង់ស្ពឺ ដើម្បី​ដាំ​លម្អ​សងខាង​ដង​ផ្លូវជាតិ​លេខ​៤ ពី​ព្រំប្រទល់​ខេត្ត​កណ្តាល រហូត​ដល់​ព្រំប្រទល់​ខេត្ត​ព្រះសីហនុ លើ​ប្រវែង​ផ្លូវ​ប្រមាណ ៨១​គីឡូម៉ែត្រ ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពង់ស្ពឺ ដែល​ដើមឈើ​ទាំងអស់ ជា​ប្រភេទ​កូនឈើ ចាន់​គិរី ចំនួន ១៦,០០០​ដើម​។

​ការប្រគល់​កូនឈើ​នេះ ធ្វើឡើង​នា​ព្រឹក​ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ​២០២៥ ក្នុង​ពិធី «​ដាំ​កូន​ឈើ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពង់ស្ពឺ​» ក្នុង​គោលបំណង ដើម្បី​បំផុស​ចលនា​ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ​គ្រប់​ជាន់ថ្នាក់ សិស្ស និស្សិត ឱ្យ​ចូលរួម​យុទ្ធនាការ​សម្អាត​បរិស្ថាន ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​របស់​ក្រសួង​បរិស្ថាន ដែល​បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន ឆ្នាំ​២០២៣-២០២៨ សំដៅលើ «​ភាព​ស្អាត ភាព​បៃតង និង​ចីរភាព​» និង​ដើម្បី​បណ្តុះ​ផ្នត់គំនិត​ឱ្យ​កាន់តែ​ស្រលាញ់​ដើមឈើ​  តាមរយៈ​ការបង្កើន​ការយល់ដឹង​អំពី​អត្ថប្រយោជន៍​នៃ​ព្រៃឈើ និង​ជា​ការចូលរួម​ដោយ​ផ្ទាល់​ក្នុង​ការដាំ​ដើមឈើ​ជាដើម​។

​នៅក្នុង​ពិធី​ចែក​កូន​ឈើ​ជា​និមិត្តរូប​នេះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​នី បាន​មានប្រសាសន៍ថា “​សម្រាប់​ការរៀបចំ​កម្មវិធី​ដាំ​កូន​ឈើ​នាពេលនេះ គឺជា​ការបង្ហាញ​អំពី​សុ​ឆន្ទៈ និង​ការប្តេជ្ញាចិត្ត​របស់​យើងទាំងអស់គ្នា ក្នុង​ការចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ដើម្បី​ដោះស្រាយ​ការប្រែប្រួល​អាកាសធាតុ បញ្ហា​បរិស្ថាន​ជា​សកល ក្នុងនាម​កម្ពុជា ជា​ប្រទេស​មួយ​នៃ​សហគមន៍​អន្តរជាតិ និង​ដើម្បី​ជំរុញ​ឱ្យ​កម្ពុជា សម្បូរ​ទៅដោយ​ភាព​បៃតង និង បង្កើន​សោភ័ណ្ឌភាព​នៅ​តាម​ដង​វិថី​ផ្លូវជាតិលេខ​៤ ឱ្យ​កាន់តែ​មាន​ភាពស្រស់ស្អាត​។ ជាពិសេស ជា​ឱកាស​ក្នុង​ការបង្ហាញ​នូវ​មនោសញ្ចេតនា និង​ស្មារតី​រួមគ្នា ជា​ធ្លុង​មួយ រួមគ្នា​ដើម្បី​កំពង់ស្ពឺ​ទាំងអស់គ្នា​ផងដែរ​។​”

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​យក​ឱកាស​នេះ​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដែល​រៀបចំ​កម្មវិធី​នេះ​ឡើង ដោយ​ជឿជាក់ថា កម្មវិធី​ដាំ​កូនឈើ​នេះ បាន​ផ្តល់​ជា​ឱកាស​ដ៏​ល្អ សម្រាប់​ឱ្យ​យើងទាំងអស់គ្នា បាន​ស្វែង​យល់​បន្ថែម អំពី​សារៈសំខាន់​របស់​ព្រៃឈើ ធនធានធម្មជាតិ សម្រាប់​ការរក្សា​លំនឹង​បរិស្ថាន និង​ការរួមចំណែក​លើកកម្ពស់​ដល់​ផាសុខភាព ការរស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន និង​ជា​ការផ្លាស់ប្តូរ​នូវ​មុខមាត់​ថ្មី​របស់​ខេត្ត​កំពង់ស្ពឺ​យើង​ផងដែរ​៕​

Leave a Reply

Your email address will not be published.