ក្រចេះ÷ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ នៅវត្ត សទ្ធារង្សីខត្តិយារាម ហៅ វត្តផ្សារស្នួល ស្ថិតនៅឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ឯកឧត្តម គង់ គឹមនី បានមានប្រសាសន៍ថា ការចូលកាន់ព្រះវស្សា គឺជាបុណ្យមួយដែលមានសារ:សំខាន់ក្នុងព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ក៏ជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេ បានរៀនធម៌ និងវិន័យឱ្យបានខ្ជាប់ខ្ជួន តាមពុទ្ធឱវាទរយៈពេល ៣ខែ។ ចំពោះ ទៀនព្រះវស្សាព្រមទាំង គ្រឿងឧបភោគបរិភោគ និងបច្ច័យយកមកវេរប្រគេន ព្រះសង្ឃ នាពេលនេះ គឺជាការគោរពប្រពៃណី សាសនា ព្រះពុទ្ធ ត្រូវចូលកាន់ព្រះវស្សា ក្នុងរយៈពេលអស់មួយត្រីមាស ដែលព្រះសង្ឃគង់ចាំព្រះវស្សានៅក្នុងទីវត្ត ដើម្បីព្រះសង្ឃយកទៅដុតបំភ្លឺ បូជាថ្វាយព្រះ និងសិក្សារៀនសូត្រនូវគម្ពីធម៌ វិន័យព្រះសម្មាសាម្ពុទ្ធ ព្រះបរមគ្រូនៃយើង។
វត្តចំនួន ៥វត្ត រួមមាន៖ វត្តផ្សារស្នួល វត្តក្រសាំង វត្តផ្អាក វត្តស្នួលវត្ត និងវត្តសេះសដោយក្នុង ១វត្ត ទទួលបានទៀនវស្សា ១គូ គ្រឿងឧបភោគបរិភោគ និងបច្ច័យចំនួន ២០មុឺនរៀល។ ដោយឡែក វត្តសុគន្ធារាម ហៅ វត្តសេះស ទទួលបានទៀនវស្សា ១គូ គ្រឿងឧបភោគបរិភោគ និងបច្ច័យចំនួន ២០មុឺនរៀល និងបច្ច័យចំនួន ១,៨០០ដុល្លា ដើម្បីកសាងរូបគំនូរ ១ផ្ទាំង និងបានប្រគេនបច្ចយ័កសាងដល់លោកគ្រូចៅអធិការវត្ត ចំនួន ៤០០.០០០ រៀល ដែលសរុបជាថវិកាចំណាយ ទាំងអស់ ចំនួន ៤.៦៦០.០០០ រៀល និង ១.៨០០ ដុល្លាអាមេរិក៕ដោយលោក ម៉ែន បូរិទ្ធ





