ព័ត៌មានជាតិ

ក្រុមហ៊ុន FreshStart Energy មានបំណង​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា​លើការ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ទំនើប​ក្នុង​ការគ្រប់គ្រង​ថាមពល​អគ្គិសនី​

នា​រសៀល​ថ្ងៃ​ទី​២ ខែ​មីនា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ លោក Mario Vecchio នាយក​ប្រតិបត្តិ និង​ជា​ប្រធាន​ក្រុមហ៊ុន FreshStart Energy ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ក្នុង​ឱកាស​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស អាស៊ាន​-​អូស្ត្រាលី នៅ​ទីក្រុង​ម៉ែ​ល​ប៊​ន ប្រទេស​អូស្ត្រាលី​។​

​ក្នុងឱកាស​នៃ​ជំនួប លោក​នាយក​ប្រតិបត្តិ បាន​ថ្លែងអំណរគុណ​ចំពោះ សម្តេច​ធិបតី ដែល​បាន​ឆ្លៀត​ពេល​ដ៏​មមាញឹក​អនុញ្ញាតឱ្យ​រូបលោក បាន​ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​។

​លោក​នាយក​ប្រតិបត្តិ បាន​គោរព​ជម្រាបជូន សម្ដេច​ធិបតី អំពី​វឌ្ឍនភាព​នៃ​អាជីវ​កមុ្ម​របស់​ក្រុមហ៊ុន FreshStart Energy ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន FreshStart ហើយ​កំពុង​មាន​ប្រតិបត្តិការ​នៅ​ប្រទេស​អូស្ត្រាលី និង​បណ្តា​ប្រទេស​មួយចំនួន ដូចជា​ប្រទេស​សិង្ហ​បុរី និង​ប្រទេស​ថៃ​ជាដើម ដែល​នៅក្នុង​ប្រទេស អូស្ត្រាលី ក្រុមហ៊ុន​របស់​លោក បាន​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ក្នុង​ការគ្រប់គ្រង​ការប្រេីប្រាស់​ថាមពល​អគ្គិសនី​នៅ​តាម​សាលារៀន មន្ទីរពេទ្យ និង ស្ថានីយប្រេងឥន្ធនៈ ជាដើម​។

​លោក​នាយក​ប្រតិបត្តិ​បាន​បន្ថែមទៀតថា ក្រុមហ៊ុន​អភិវឌ្ឍ​បច្ចេកវិទ្យា​ទំនើបៗ សម្រាប៉​ការប្រើប្រាស់​ថាមពលអ​គ្គី​ស​នី ប្រកបដោយ​ប្រសិទ្ធភាព គុណភាព និង​សន្សំសំចៃ​ខ្ពស់​។ លោក​នាយក​ប្រតិបត្តិ បាន​បង្ហាញ​បំណង​វិនិយោគ​នៅ​កម្ពុជា​ដោយ​នាំយក​បច្ចេកវិទ្យា​ទំនើប​នៃ​ការគ្រប់គ្រង​ការប្រើប្រាស់​ថាមពល​អគ្គិសនី​។​

​ជា​ការឆ្លើយតប សម្តេច​ធិបតី បាន​សម្តែង​នូវ​ការស្វាគមន៍ និង​រីករាយ​ដែល​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​នាយក​ប្រតិបត្តិ និង​អរគុណ​ចំពោះ​ក្រុមហ៊ុន FreshStart Energy ដែល​បាន​បង្ហាញ​ពី​បំណង​ក្នុងការ​បណ្តាក់ទុន​វិនិយោគ​នៅ​កម្ពុជា ហើយ​សម្ដេច​ធិបតី​បាន​គូសបញ្ជាក់ថា គោលបំណង​របស់​កម្ពុ​ជា គឺ​មិន​ត្រឹមតែ​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​រវាង​រដ្ឋាភិបាល​និង​រដ្ឋាភិបាល និង​ការភ្ជាប់​ទំនាក់ទំនងរ​វាង​ប្រជាជន​និង​ប្រជាជន​ប៉ុណ្ណោះ​ទេ ថែមទាំង​មាន​បំណង​ផ្សារភ្ជាប់​ទំនាក់ទំនងរ​វាង​វិស័យ​ឯកជន​និង ឯកជន​នៃ​ប្រទេស​ទាំង​ពីរ​ផង​ដែរ​។

​ចំពោះ​វិស័យ​ថាមពល សម្ដេច​ធិបតី​បាន​គូសបញ្ជាក់ថា បណ្ដា​ប្រទេស​ជាច្រើន​ទាំង​ក្នុង​ក្របខ័ណ្ឌ​តំបន់ និង​ពិភពលោក​បាន​យកចិត្តទុកដាក់​ខ្ពស់​លើ​ការធ្វើ​បរិវត្ត​កម្មវិស័យ​ថាមពល ហើយ​រាជរដ្ឋាភិបាល​កម្ពុជា ក៏​កំពុងតែ​យកចិត្តទុកដាក់​អភិវឌ្ឍ​លើ​វិស័យ​ថាមពល​នេះដែរ​។

​បន្ថែម​ពី​នេះ សម្ដេច​ធិបតី បាន​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ដើម្បី ពិនិត្យ​លទ្ធភាព​ក្នុង​ការស្វែងរក​ឱកាស​វិនិយោគ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​សហការ​ជាមួយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​ក្រសួង​រ៉ែ និង​ថាមពល ដើម្បី​ស្ថាប័ន​ទាំងពីរ​អាច​ជួយ​សម្រប​សម្រួល និង​គាំទ្រ​ដល់​ការរៀបចំ​នូវ​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​នៅ​កម្ពុជា​៕

Leave a Reply

Your email address will not be published.