ព័ត៌មានជាតិ

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាតឱ្យ​លោក​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Lippo Group ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​

នា​ព្រឹក​ថ្ងៃ​ពុធ ៧​កើត ខែ​បុស្ស ឆ្នាំ​ថោះ បញ្ច​ស័ក ពុទ្ធ​សករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែ​មករា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ លោក John Riady នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Lippo Group ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ក្នុង​ឱកាស​ចូលរួម​វេទិកា​សេដ្ឋកិច្ចពិភពលោក​ឆ្នាំ​២០២៤ នៅ​ទីក្រុង​ដា​វ៉ូស សហព័ន្ធ​ស្វីស​។​

​ក្នុងឱកាស​នៃ​ជំនួប លោក​នាយក​ប្រតិបត្តិ បាន​ថ្លែងអំណរគុណ​ចំពោះ សម្តេច​ធិបតី ដែល​បាន​ឆ្លៀត​ពេល​ដ៏​មមាញឹក​អនុញ្ញាតឱ្យ​រូបលោក និង​សហការី បាន​ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ព្រមទាំង​បាន​អបអរសាទរ​សម្ដេច​ធិបតី ដែល​ត្រូវបាន​ជ្រើសតាំង​ជា​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ លោក​នាយក​ប្រតិបត្តិ​បាន​គោរព​ជម្រាបជូន សម្ដេច​ធិបតី អំពី​វឌ្ឍនភាព​នៃ​អាជីវ​កមុ្ម​របស់​ក្រុមហ៊ុន Lippo Group ដែល​កំពុង​មាន​ប្រតិបត្តិការ​នៅ​តាម​បណ្ដា​ប្រទេស​ជាច្រើន​នៅក្នុង​តំបន់ និង​នៅ​ជុំវិញ​ពិភពលោក និង​ផ្តោតជាសំខាន់​លើ​វិស័យ​អចលនទ្រព្យ ផ្សារ​លក់រាយ បដិសណ្ឋារកិច្ច សុខាភិបាល អប់រំ សារព័ត៌មាន ទូរគមនាគមន៍ ឌីជីថល និង​ហិរញ្ញវត្ថុ​។ ជាមួយគ្នានេះ លោក​នាយក​ប្រតិបត្តិ​ក៏​បាន​បង្ហាញ​ចំណាប់អារម្មណ៍ និង​គោលបំណង​ក្នុង​ការវិនិយោគ​លើ​វិស័យ​សុខាភិបាល និង​វិស័យ​អចលនទ្រព្យ​ដែល​ផ្ដោត​លើ​ការផ្តល់​សេវា​សុខាភិបាល ប្រកបដោយ​គុណភាព ជាមួយ​តម្លៃ​សមរម្យ និង​ការអភិវឌ្ឍន៍​លំនៅឋាន​ដែល​មាន​តម្លៃ​ទាប នៅ​កម្ពុជា​។

​ជា​ការឆ្លើយតប សម្តេច​ធិបតី បាន​សម្តែង​នូវ​ការស្វាគមន៍ និង​រីករាយ​ដែល​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​នាយក​ប្រតិបត្តិ និង​សហការី និង​អរគុណ​ចំពោះ​ក្រុមហ៊ុន Lippo Group ដែល​បាន​បង្ហាញ​ពី​បំណង​ក្នុងការ​បណ្តាក់ទុន​វិនិយោគ​នៅ​កម្ពុជា​។ សម្ដេច​ធិបតី​បាន​គូសបញ្ជាក់ថា ផ្អែកលើ​បទពិសោធន៍​របស់​ក្រុមហ៊ុន ក៏ដូចជា​ភាពស្រដៀងគ្នា​នៃ​វប្បធម៌​ប្រពៃណី និង​បែបផែន​ទីផ្សារ​របស់​កម្ពុជា និង ឥណ្ឌូនេស៊ី ក្រុមហ៊ុន​នឹង​មាន​លទ្ធភាព​យល់ដឹង​ច្រើន​ពី​ឱកាស​នៃ​ការពង្រីក​ទីផ្សារ​វិនិយោគ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ សម្តេច​ធិបតី ក៏​បាន​ជម្រាបជូន លោក​នាយក​ប្រតិបត្តិ អំពី​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ពិសេស អំពី​យុទ្ធសាស្ត្រ​បញ្ច​កោណ​-​ដំណាក់កាល​ទី​១ ដែល​ផ្ដោត​អាទិភាព​លើ​ការកសាង​ធនធានមនុស្ស​ជាមួយ​ការយកចិត្តទុកដាក់​លើ​វិស័យ​សុខាភិបាល វិស័យ​អប់រំ បច្ចេកវិទ្យា​ឌីជីថល និង​វិស័យ​អាទិភាព​ផ្សេងៗ​ទៀត​។

​បន្ថែម​លើស​ពីនេះ សម្តេច​ធិបតី ក៏​បាន​គូសបញ្ជាក់​ពី​គោលនយោបាយ និង​ការលើកទឹកចិត្ត​របស់​រាជរដ្ឋាភិបាល​ចំពោះ​វិនិយោគិន​បរទេស​។ សម្ដេច​ធិបតី​បាន​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន Lippo Group ពិនិត្យ​លទ្ធភាព​ក្នុង​ការស្វែងរក​ឱកាស​នៅ​ក្នុង​កិច្ចសហការ​ជាមួយនឹង​ក្រុមហ៊ុន​វិនិយោគ​ក្នុងស្រុក ដើម្បី​ពង្រីក​ការវិនិយោគ​ទៅលើ​វិស័យ​សក្ដានុពល​ផ្សេងៗ​បន្ថែម​ទៀត​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​៕​

Leave a Reply

Your email address will not be published.