ព័ត៌មានជាតិ

សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកអគ្គរាជទូត កាតា​(Qatar) ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​

​នៅ​ព្រឹក​ថ្ងៃ​ពុធ ១ កើត ខែ​ពិសាខ ឆ្នាំ​រោង ឆ​ស័ក ពុទ្ធ​សករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​៨ ខែ​ឧសភា ឆ្នាំ​២០២៤ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អនុញ្ញាត​ឱ្យ ឯកឧត្តម Khalid Ali Abdullah Abel ឯកអគ្គរាជទូត​នៃ​រដ្ឋកាតា​(State of Qatar) ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​ព្រឹទ្ធសភា រាជធានី​ភ្នំពេញ ។

​ជា​កិច្ច​ចាប់ផ្ដើម បន្ទាប់ពី​បាន​សម្តែង​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ ឯកឧត្តម ឯកអគ្គរាជទូត​ដែល​បាន​ធ្វើដំណើរ​មក​កម្ពុជា សម្តេច​តេជោ ប្រធានព្រឹទ្ធសភា បាន​មានប្រសាសន៍ថា កាតា មាន​ថវិកា​ច្រើន​គួរតែ​បើក​ស្ថានទូត​ផ្ទាល់​នៅ​កម្ពុជា ប្រសើរ​ជាជាង​មាន​និវេសដ្ឋាន​នៅ​ប្រទេស​ផ្សេង ។ សម្តេច​តេជោ បាន​រំឭកថា នៅពេល​សម្ដេច​នៅ​ជា​នាយករដ្ឋមន្ត្រី សម្តេច​ពុំមាន​ពេល​គ្រប់គ្រាន់​ក្នុង​ការទទួល​ទូត​ដែល​គ្មាន​និវេសដ្ឋាន​នៅ​កម្ពុជា​នោះ​ទេ ។ សម្ដេច​តេជោ បាន​លើកឡើង​ថា នៅ​ឆ្នាំ​២០០៨ ដែល​ព្រះអង្គម្ចាស់​នាយករដ្ឋមន្ត្រី​របស់​កាតា បាន​មក​បំពេញ​ព្រះរាជទស្សនកិច្ច​នៅ​កម្ពុជា គឺជា​ពេល​ដែល​យើង​បាន​ចាប់ផ្ដើម​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា​និង​កាតា​។

​ជា​ការឆ្លើយតប ឯកអគ្គរាជទូត បាន​ធ្វើ​គារវកិច្ច និង​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ ពី​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង ប្រធានសភា​កាតា ជូន​ចំពោះ​សម្តេច​តេជោ​និង​ប្រជាជន​កម្ពុជា និង​សូម​អបអរសាទរ​សម្តេច​ចំពោះ ដែល​ទទួលបាន​តួនាទី​ថ្មី ជា​ប្រធាន​ព្រឹទ្ធសភា​នៃ​កម្ពុជា​។ ឯកអគ្គរាជទូត បាន​ថ្លែងអំណរគុណ​ចំពោះ​សម្តេច និង​បាន​លើកឡើង​ថា​ជា​កិត្តិយស​ណាស់​ដែល ឯកឧត្ដម បាន​ចូលជួប​សម្តែង​ការគួរសម​ជាមួយ​សម្តេច​នៅថ្ងៃនេះ ហើយ​សង្ឃឹមថា​កាតា​នឹង​មាន​និវេសដ្ឋាន​នៅ​កម្ពុជា​នៅពេលខាងមុខ ។ ឯកឧត្ដម បាន​ប្ដេជ្ញា​ថា​នឹង​ខិតខំ​បង្កើន​ទំនាក់ទំនង​ការទូត​ឱ្យ​បាន​មាន​កម្រិត​ខ្ពស់​ជាង​មុន ពង្រីក​ទំនាក់ទំនង ជាមួយនឹង​កម្ពុជា ពិសេស​នៅ​លើ​វិស័យ​សន្តិសុខ​ស្បៀង ដោយសារ​ថា​កម្ពុជា​គឺជា​ប្រទេស​ដែល​ផលិត​ស្បៀង​។

​សម្ដេច​តេជោ បាន​សម្តែង​ការ​អរគុណ ចំពោះ​ការ​ពាំនាំ ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​នាយក​រដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ការបរទេស និង សភា​របស់​កាតា​ជូន​សម្ដេច ។ សម្ដេច​បាន​សម្ដែង​ការសោកស្ដាយ​ដោយ​មិនបាន​ចូលរួម​ក្នុង​កម្មវិធី​បើក​ព្រឹត្តិការណ៍ World Cup ចុង​ក្រោយ​នៅ​កាតា ដោយសារ​សម្តេច​ជាប់រវល់​កិច្ចការ​ជា​ប្រធាន​អាស៊ាន និង​បាន​ជូន​បាល់ទាត់​ដែល​បាន​ប្រើ​ក្នុង​វគ្គ​ចុងក្រោយ​នៅក្នុង​ព្រឹត្តិការណ៍ World Cup ជូន សម្ដេច​ទុក​ជា​អនុស្សាវរីយ៍​។

​សម្ដេច​តេជោ បាន​រំឭកថា សម្តេច បាន​ជួប​រដ្ឋមន្ត្រីការបរទេស​កាតា នៅពេល​កម្ពុជា​ជា​ម្ចាស់ផ្ទះ និង ប្រធាន​អាស៊ាន​ឆ្នាំ​២០២២ នៅ​ភ្នំពេញ ។ នៅពេលនោះ កាតា​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង TAC (Treaty of Amity and Cooperation) ជាមួយនឹង​អាស៊ាន ។

​សម្ដ​ច​តេជោ បាន​លើកឡើង​ថា ប្រទេស​យើង​ទាំងពីរ​មាន​កិច្ច​ការ​ធ្វើ​ច្រើន ដោយសារ​ថា​កាតា​ជា​ប្រទេស​ដែល​មាន​សន្តិសុខ​ថាមពល ហើយ​កម្ពុជា​ជា​ប្រទេស​ធានាបាន​នូវ​សន្តិសុខ​ស្បៀង មាន​ផលិតផល​កសិកម្ម​ច្រើន​ជា​ពិសេស​គឺ​ស្រូវ និង​គ្រាប់ស្វាយចន្ទី​ដែល​កម្ពុជា​ជា​ប្រទេស​ផលិត​គ្រាប់ស្វាយចន្ទី​ច្រើនជាងគេ ។ កម្ពុជា​មាន​គោលការណ៍​ពិសេស​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​បរទេស​ប្រមូល​ទិញស្រូវ ស្តុក​ទុក​ក្នុង​ឃ្លាំង បើក​រោងចក្រ​កិនស្រូវ និង កែច្នៃ វេច​ខ្ចប់ ហើយ​នាំ​ចេញ​ទៅ​ក្រៅប្រទេស និង​មាន​វិធាន​ភាពអនុគ្រោះ​ជាច្រើន​ដល់​វិនិយោគិន​ពី​បរទេស​។

​សម្ដេច​តេជោ បាន​រំឭកថា​កាតា​គួរតែ​ចាប់ផ្ដើម​ហោះហើរ​ឡើងវិញ​នូវ Qatar Airline បន្ទាប់ពី​បាន​ផ្អាក​ដំណើរការ​ដោយសារកូ​វីដ​កន្លង​ទៅ ដើម្បីឱ្យ​ការទំនាក់ទំនង​រវាង​ប្រជាជន​និង​ប្រជាជន ក៏ដូចជា​ការនាំ​ភ្ញៀវ​ពី​តំបន់​មជ្ឈិមបូព៌ា​និង​អឺរ៉ុប​មក​កាន់​កម្ពុជា ហើយ​ក៏​នាំ​ភ្ញៀវ​ពី​កម្ពុជា​និង​តំបន់​អាស៊ាន​ទៅកាន់​កាតា​វិញ​ផងដែរ​។

​ឯកអគ្គរាជទូត​បាន​ថ្លែងអំណរគុណ​ចំពោះ សម្តេច ដែល​បាន​ពន្យល់​យ៉ាង​ក្បោះក្បាយ​អំពី​បរិយាកាស​វិនិយោគ ឯកឧត្ដម បាន​គូសបញ្ជាក់ថា​មូលហេតុ​ដែល​ឯកឧត្ដម មក​ទី​នេះ​គឺ​ដើម្បី គាស់​នូវ​អ្វីៗ​ដែល​ជា​ផលប្រយោជន៍​ប្រទេស​ទាំង​ពីរ​ឱ្យមាន​ដំណើរការ​ឡើងវិញ​។ ឯកឧត្ដម សន្យាថា​នឹង​ខិតខំ​ទាក់ទាញ​វិនិយោគិន ពី​កាតា មក​កម្ពុជា​ក៏ដូចជា​នាំ​វិនិយោគិន​ពី​កម្ពុជា​ទៅ​កាតា ដើម្បី​ពិនិត្យមើល​លទ្ធភាព​ដែល​អាច​សហប្រតិបត្តិកា​រ​វិនិយោគ ។ ឯកអគ្គរដ្ឋទូត​បាន​លើកឡើង​ថា​កំពុងតែ​ស្វែងយល់​ពី​កត្តា​អនុគ្រោះ​អ្វីខ្លះ​ដែល​ធានា​ដល់​ការវិនិយោគ​របស់​កាតា​នៅ​កម្ពុជា​។ កាតា​មាន​លទ្ធភាព​នៃ​ការវិនិយោគ​លើ​វិស័យ​ច្រើន​ដូចជា វិស័យ​ថាមពល ប្រេង ឧស្ម័ន វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ការកសាង​មន្ទីរពេទ្យ ព្រលានយន្តហោះ និង​វិស័យ​ផ្សេងៗ​ជាច្រើន​ទៀត ហើយ​កាតា​ក៏​កំពុង​ពិនិត្យ សិក្សា​ពី Qatar Airlines ចាប់​ដំណើរការ​ឡើងវិញ ដោយ​លើក​ពី​ភាពអនុគ្រោះ​ដែល​ទេសចរ​កាតា​ទៅ​តំបន់​ផ្សេងៗ​។​

​សម្ដេច​តេជោ បាន​លើកឡើង​ថា ទំនាក់ទំនង​រវាង​ប្រទេស​ពីរ គឺ​ពឹងផ្អែក​ទៅលើ​ទំនាក់ទំនង​ខាង​សេដ្ឋកិច្ច ពេលណា ទំនាក់ទំនង​សេដ្ឋកិច្ច​រឹងមាំ ទំនាក់ទំនង​ខាង​នយោបាយ​ក៏​រឹងមាំ​ទៅតាម​នោះដែរ ។ សម្ដេច​តេជោ ជម្រុញ​ឱ្យ​ពិនិត្យមើល​លទ្ធភាព​រវាង​ប្រទេស​ទាំង​ពីរ ទី​១) ឱ្យមាន​កិច្ចព្រមព្រៀង​ការពា​រ​វិនិយោគ ដើម្បី​ផ្តល់​ទំនុកចិត្ត​ដល់​វិនិយោគិន ទី​២)​ឱ្យ​មាន​កិច្ចព្រមព្រៀង​ស្តីពី​ការ​ពុំ​យកពន្ធ​ត្រួតគ្នា ហើយ​កាន់តែ​ប្រសើរ​ជាង​នេះ​ទៅទៀត បើ​អាចធ្វើ​បាន សម្រេច កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ដូច​ដែល​កម្ពុជា​បាន​ធ្វើ​ជាមួយ ចិន កូរ៉េ អា​រ៉ាប៊ីសាអូឌីត​។ ក្នុង​ឱកាស​នេះ​ដែរ សម្ដេច​តេជោ ក៏​បាន​ធ្វើការ​សំណេះសំណាល​គ្នា​អំពី​ស្ថានភាព​នៅ​មជ្ឈឹម​បូព៌ា​ផងដែរ​។

​ជា​ចុងក្រោយ សម្តេច​តេជោ សូមឱ្យ ឯកឧត្ដម ឯកអគ្គរាជទូត ពាំនាំ​ការ​ផ្ដាំផ្ញើ​ការសាកសួរ​សុខទុក្ខរ​បស់​សម្តេច ថ្វាយ​ជូន​ព្រះមហាក្សត្រ ជូន​ប្រធាន​សភា​និង​នាយករដ្ឋមន្ត្រី​នៃ​រដ្ឋ​កាតា ហើយ​សង្ឃឹម​ថា​ទំនាក់ទំនង​នៃ​ប្រទេស​ទាំង​ពីរ​កាន់តែ​ប្រសើរ​ឡើង​បន្ទាប់ពី​វត្តមាន​របស់ ឯកឧត្ដម ឯកអគ្គរាជទូត នាពេលនេះ ។ ឯកអគ្គរាជទូត ក៏​បាន​សន្យាថា នឹង​មក​កម្ពុជា​ឱ្យ​ញឹកញាប់ និង បាន​សម្ដែង​នូវ​ការកោតសរសើរ​ចំពោះ សម្ដេច​តេជោ ដែល​យល់ច្បាស់​ពី​យុទ្ធសាស្ត្រ​ក្នុង​ការដឹកនាំ​កម្ពុជា ពី​ប្រទេស​ដែល​មាន​សង្គ្រាម ទៅ​ជា​ប្រទេស​ដែល​មាន​សន្តិភាព​ពេញលេញ និង​ការអភិវឌ្ឍ​។

​បន្ទាប់​ពី​បញ្ចប់​ជំនួប ជំនួស​ឱ្យ​ការ​ខក​ខា​មិនបាន​ចូលរួម​របស់​សម្តេច​តេជោ ឯកអគ្គរាជទូត​នៃ​រដ្ឋកាតា​(State of Qatar) ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជូន​បាល់ទាត់​ដែល​ត្រូវបាន​ប្រើ​នៅក្នុង​ការប្រកួត​វគ្គ​ចុងក្រោយ​នៃ​ព្រឹត្តិការណ៍ World Cup ២០២២ ក្នុង​ប្រទេស​កាតា ជូន សម្ដេច​តេជោ ប្រធានព្រឹទ្ធសភា ទុក​ជា​អនុស្សាវរីយ៍​៕

Leave a Reply

Your email address will not be published.