ព័ត៌មានជាតិ

រដ្ឋបាល​ខេត្ត​រតនគិរី​ប្រារព្ធ​ទិវា​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ក្រោម​ប្រធានបទ​“​រួម​គ្នា​វិនិយោគ​លើ​ការបង្ការ​ទប់ស្កាត់ និង​លើកកម្ពស់​ការអប់រំ ដើម្បី​សហគមន៍​គ្មាន​គ្រឿងញៀន​”

ខេត្ត​រតនគីរី​÷​ទិវា​ដ៏​មាន​សារៈសំខាន់​នេះ​ប្រារព្ធ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២៤ នា​សាល​មហោស្រព​រតនៈ ក្រោម​អធិបតីភាព ឯកឧត្តម ស៊ូ សិរី​អភិបាលរង​ខេត្ត តំណាង ឯកឧត្តម ញ៉ែម សំអឿន អភិបាល​
​ខេត្ត​រតនគិរី​។​

​នៅក្នុង​ឱកាស​នេះ ឯកឧត្តម ស៊ូ សិរី អភិបាលរង​ខេត្ត​បាន​អាន​សារលិខិត​របស់​សម្តេច​ធិបតី ហ៊ុន​ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ដែល​បាន​បង្ហាញ​ពី​ការប្តេជ្ញា​របស់​រាជរដ្ឋាភិបាល​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ដេ​ី​ម្បី​សុខមាលភាព​ប្រជាពលរដ្ឋ ជាមួយនឹង​ពាក្យស្លោក «​ចូលរួម​លុបបំបាត់​គ្រឿងញៀន ដើម្បី​អនាគត​កូនចៅ​របស់​យើង​»​ហើយ​កម្ពុជា នៅតែ​ប្រឈម​ទៅនឹង​បញ្ហា​គ្រឿងញៀន​ដែល​ជា​បញ្ហា​សង្គម​ដ៏​ស្មុគស្មាញ សម្រាប់​សង្គម​មនុស្ស​ជាតិ​ទាំងមូល ។​

​ឯកឧត្តម​ក៏បាន​លើកឡើង​ផងដែរ​ថា សន្តិភាព ស្ថេរភាព​នយោបាយ សណ្ដាប់ធ្នាប់​សាធារណៈ ជា​កត្តា​គន្លឹះ​ដ៏​សំខាន់ ដែល​ផ្ដល់​ភាពអនុគ្រោះ ដល់​ដំណើរការ​នៃ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គម និង​វិស័យ​ផ្សេងៗ​ទៀត ឱ្យមាន​ការរីកចម្រើន ស្របតាម​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ គ្រប់​ដំណាក់កាល របស់​រាជរដ្ឋាភិបាល​កម្ពុជា បន្ត​តាំង​ពី​សម្ដេច​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី បច្ចុប្បន្ន ជា​ប្រធាន​ព្រឹទ្ធសភា​នៃ​កម្ពុជា បន្ត​មក​ដល់​សម្ដេច​ម​ហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា​បច្ចុប្បន្ន​។​ដូច្នេះ​ហើយ​កន្លង​មក​រដ្ឋបាលខេ​ត្ត បាន​អនុវត្តន៍​យ៉ាង​ខ្ជាប់ខ្ជួន​ពាក់ព័ន្ធ​នឹង​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​។ ក្នុងនោះ​បាន​ដាក់ចេញ​វិធានការ​យ៉ាង​មុឺងម៉ាត់​ចំពោះ​បញ្ហា​ក្មេង​ទំនើង ការបើកបរ​ល្មើស​ច្បាប់​ចរាចរ បង្ក្រាប​បទល្មើស​នានា ល្បែង​សុីសង​ខុសច្បាប់​គ្រប់​ប្រភេទ ជា​ពិសេស​បញ្ហា​គ្រឿងញៀន​។ ខណៈ​ជា​គោលដៅ គឺ​បាន​អនុវត្តន៍ និង​បន្ត​អនុវត្តន៍ ឲ្យ​គ្រប់​ភូមិ​ទាំងអស់ ក្លាយ​ជា​ភូមិ​ឃុំ​ដែល​គ្មាន​គ្រឿងញៀន​ផងដែរ​។ យើង​ត្រូវ​និយាយ​ថា​ទេ​ចំពោះ​គ្រឿងញៀន គ្រឿងញៀន​បំផ្លាញ​អនាគត​ខ្លួនឯង ក្រុមគ្រួសារ និង​សង្គមជាតិ​ទាំងមូល៊ ឯកឧត្តម​
​អភិបាលរង​ខេត្ត ក៏បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ គ្រប់​ស្រទាប់​វ័យ គ្រប់​មជ្ឈដ្ឋាន និង​គ្រប់​វិស័យ ជាពិសេស​សិស្សានុសិស្ស សូម​បន្ត​អនុវត្ត​ស្មារតី​ជាតិ​របស់​យើង គឺ​ចាត់​ទុក​បញ្ហា​គ្រឿងញៀន​ជា​បញ្ហា​រួម ដែល​ត្រូវ​ចូលរួម​ដោះស្រាយ និង​លុបបំបាត់​ទាំងអស់គ្នា​។​

​សូមបញ្ជាក់​ថា បើ​តាម​របាយការណ៍​ដែល​លើកឡើង ដោយ លោក​ឧត្តមសេនីយ៍ត្រី វ៉ាន់ សង្វាត ស្នងការរង​ទទួលបន្ទុក​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រតនគិរី​បានអោយដឹងថា ក្នុង​រយៈពេល ៦​ខែ ឆមាស​ទី​១ ឆ្នាំ​២០២៤​នេះ មន្ត្រី​អនុវត្ត​ច្បាប់​គ្រឿងញៀន សហការ​ជាមួយ​អធិការ ដ្ឋា​ន​នគរបាល​ក្រុង​ស្រុក​ទាំង​៩ បាន​ចុះ​ផ្សព្វផ្សាយ និង​អប់រំ​ខ្លឹមសារ​ស្តីពី ផលប៉ះពាល់​ក្នុង​ការប្រើប្រាស់​គ្រឿងញៀន​ជូន​ដល់​ប្រជាពលរដ្ឋ សិស្សានុសិស្ស ជា​ពិសេស​មុខសញ្ញា​ដែល​ធ្លាក់ ក្នុង​អន្ទាក់​គ្រឿងញៀន​គ្រប់​រូបភាព​តាមរយះ វេទិការ​សាធារណៈ គ្រឹះស្ថានសិស្សា ទីប្រជុំជន ខ្នង​ផ្ទះ វត្ត​អារាម នៅតាម​មូលដ្ឋាន សរុប​ចំនួន ១,៧០៨​លើក មាន​អ្នកចូលរួម​ចំនួន ៧៣,០២៧ នាក់ ស្រី ៣៥,១៨៥ នាក់​។​បាន​តម្លើ​ហ​បញ្ជី​គ្រប់គ្រង​មុខសញ្ញា​ចេញពី​ពន្ធនាគារ ក្នុងករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ដោយ​មាន​សាវតា​ជាតិ និង​រូបថត ចំនួន ២៣​មុខសញ្ញា ស្រី​០៣​នាក់​។​បាន​តំឡើង​បញ្ជី​គ្រប់គ្រង​មុខសញ្ញា​ថ្មី ដែល​សង្ស័យ​អាច​មាន​ការពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន ដោយ​មាន​សាវតា​ជាតិ និង​រូបថត ចំនួន ៧៤​មុខសញ្ញា ស្រី​១៣​នាក់ ដោយ​ជន​ទាំងនេះ​ស្ថិតក្រោម​ការ​ឃ្លាំ​មើ​ស របស់​សមត្ថកិច្ច​ជំនាញ​។​បាន​តំឡើង​បញ្ជី​គ្រប់គ្រង​ទីតាំង​ងាយ​រងគ្រោះ​បទល្មើស​គ្រឿងញៀន ដើម្បី​វាយ​តំលៃ​ពី​ស្ថានភាព​និង សភាពការណ៍​គ្រឿងញៀន​នៅក្នុង​ខេត្ត​រតនគិរី រួមមាន សណ្ឋាគារ ផ្ទះសំណាក់ បន្ទប់​ជួល ក្លិប​កំសាន្ត ខារ៉ាអូខេ និង​គោលដៅ​សាលារៀន ដែល​ជា​គោលដៅ​ចាប់​អារម្មណ៍​របស់​ពួកឧក្រិដ្ឋជន​គ្រឿងញៀន និង​ជា​គោលដៅ​ងាយ​រង គ្រោះ​ធ្លាក់​ចូល​អន្ទាក់​គ្រឿងញៀន​ចំពោះ​សិស្សានុសិស្ស ។​

​បាន​ចុះ​បង្ក្រាប​មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់ នូវ​សារធាតុ​ញៀន សរុប​ចំនួន ២៥​ករណី ឃាត់ខ្លួន​ជនសង្ស័យ​សរុប​ចំនួន ៧២​មុខសញ្ញា ស្រី​០២​នាក់ ក្នុងនោះ (​ករណី រក្សាទុក ជួញដូរ ២២​ករណី ករណី​ប្រើប្រាស់​ចំនួន ០៣​ករណី​) និង​អនុវត្ត​តាម​ដីកា​ចំនួន ០១​ដីកា​។ បាន​ដកហូត​វត្ថុតាង​រួមមាន​៖ គ្រឿងញៀន​ប្រភេទ មេតំ​ហ្វេ​តា​មីន​(​ហៅ​ថា​ម៉ា​ទឹកកក​) ចំនួន ១១៩ កញ្ចប់ ទម្ងន់ ៤០២.៧៩​ក្រាម WY​ទម្ងន់ ០.៣៧​ក្រាម ម៉ូតូ ១៩​គ្រឿង​, ទូរស័ព្ទ ២៨​គ្រឿង ជ​ញ្ជើ​ញ​ថ្លឹង​០៣ គ្រឿង​,​អាវុធ​AK០១​ដើម​, លុយ​ខ្មែរ​ចំនួន ៦៣១,៥០០​រៀល សម្ភារៈ​សម្រាប់​សេព និង​ថង់​សម្រាប់​ច្រក​ថ្នាំញៀន មួយចំនួនធំ​៕

 

Leave a Reply

Your email address will not be published.