ព័ត៌មានជាតិ

ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០២៤ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៥

កំពង់ស្ពឺ​៖ ឯកឧត្តម ហ៊ុន ម៉ា​នី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង​មុខងារសាធារណៈ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន ខេត្ត​កំពង់ស្ពឺ អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២៤ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៥ របស់​រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ​។​

​ពិធី​នេះ​ធ្វើឡើង ថ្ងៃ​ចន្ទ ទី​២៧ ខែ​មករា ឆ្នាំ​២០២៥ និង​មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្កម ប្រតិភូ​ក្រសួង ឯកឧត្តម យឹម សុខុម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាល នៃ​គណៈ​អភិបាលខេត្ត ឯកឧត្តម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរង​ខេត្ត នាយ​យក នាយករង​រដ្ឋបាលខេត្ត មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត កងកម្លាំង​ទាំង​៣​ប្រភេទ អភិបាលក្រុង ស្រុក​ទាំង​៩ អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ​ជាច្រើន​រូប​ទៀត ពិធី​នេះ​ប្រារព្ធ​នៅ​សាលប្រជុំ វ៉ី សំណាង ជាន់​ទី​២ អគារ​រដ្ឋបាលខេត្ត​។​

​នា​ឱកាស​នោះ​ដែរ ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ បាន​ថ្លែងថា អង្គសន្និបាត បាន​ប្រព្រឹត្តិ​ទៅ​រយៈ​២​ថ្ងៃ ហើយ​បាន​លើកឡើង​នូវ​សំណូមពរ និង​កំណត់​ទិសដៅ​អនុវត្ត​ការងារ​បន្ត​សម្រាប់​ឆ្នាំ​២០២៥​។ រដ្ឋបាលខេត្ត​បាន​ដាក់ចេញ ប្រធានបទ​សំខាន់ៗ​ចំនួន ៥​រួមមាន​៖ ប្រធានបទ​ទី​១ “​ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព​”

​ប្រធានបទ​ទី​២ “​ការពង្រឹង​យន្តការ​ដោះស្រាយ ទំនាស់​ក្រៅ​ប្រព័ន្ធតុលាការ​” ប្រធានបទ​ទី​៣ “​ប្រសិទ្ធភាព​នៃ​ការចុះបញ្ជី​អត្តសញ្ញាណ​កម្ម និង សេវាសាធារណៈ​” ប្រធានបទ​ទី​៤ “​ប្រសិទ្ធភាព​នៃ​ការពង្រឹង​ប្រព័ន្ធ​គាំពារ​សង្គម​នៅ​មូលដ្ឋាន​” និង ប្រធានបទ​ទី​៥ “​ការគ្រប់គ្រង​ធនធានធម្មជាតិ និង​សំណល់​រឹង​រាវ​”​។​

​មានប្រសាសន៍​ក្នុង​ពិធី​បិទ​សន្និបាត​នោះដែរ ឯកឧត្តម ហ៊ុន ម៉ា​នី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង​មុខងារសាធារណៈ បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​យក​អស់​កម្លាំងកាយ​ចិត្ត ខិតខំ​បំពេញ​ការងារ​នៅ​គ្រប់​មូលដ្ឋាន ក្នុង​គោលបំណង​បម្រើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ឲ្យទទួល​បាន​ទំនុកចិត្ត​ពី​ប្រជាពលរដ្ឋ​មក​លើ​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​ឯកឧត្ដម បន្តទៀតថា​៖ រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ ស្វាហាប់ និង​ឈ្លាសវៃ របស់​សម្តេច​មហា​បវ​រ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ ដើម្បី​កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង ចីរភាព​។​

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម ហ៊ុន ម៉ា​នី បាន​ណែនាំ​ដល់​រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ គណៈបញ្ជាការ​ឯកភាព​ខេត្ត ក្រុង​-​ស្រុក អាជ្ញាធរ និង​កងកម្លាំង​មាន​សមត្ថកិច្ច ត្រូវ​ខិតខំ​រួម​គ្នា​បន្ត​ពង្រឹង និង​ថែរក្សា​ការពារ​នូវ​សុខសន្តិភាព ស្ថិរភាព​នយោបាយ សណ្តាប់ធ្នាប់​សាធារណៈ និង សុវត្ថិភាព​សង្គម ។ ម្យ៉ាងទៀត អាជ្ញាធរ​ដែនដី​មន្ទីរ​-​អង្គភាព មន្ត្រីរាជការ និង​កងកម្លាំង​គ្រប់​លំដាប់ថ្នាក់​ទាំង​អស់ ត្រូវ​បន្ត​ថែរក្សា​ការពារ​នូវ​ស្ថិរភាព​នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​របៀបរៀបរយ​សង្គម ស្របតាម​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព របស់​ប្រមុខ​រាជរដ្ឋាភិបាល​ដែល​បាន​ដាក់ចេញ ដើម្បី​បង្ការ​ទប់ស្កាត់​បង្ក្រាប​ទ​ល្មើស​នានា​ឱ្យ​ខាន​តែ​បាន​។​

​ជា​ពិសេស​ត្រូវ​បន្ត​ពង្រឹង និង​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឱ្យបាន​តឹងរឹង ត្រូវ​បន្ត​អនុវត្ត​យុទ្ធនាការ ប្រយុទ្ធ​ប្រឆាំង​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ ជាពិសេស​ល្បែង​អន​ឡាញ គ្រឿងញៀន និង​ក្មេង​ទំនើង​ឱ្យបាន​ម៉ឺងម៉ាត់​ជាទីបំផុត​ផងដែរ​៕a

Leave a Reply

Your email address will not be published.