ព័ត៌មានជាតិ

ប្រមុខ​ក្រសួងមហាផ្ទៃ កម្ពុជា​-​ថៃ ប្ដេជ្ញា​ពូន​ជ្រុំ​កិច្ច​សហប្រតិបត្តិ​ខេត្ត​ជាប់​ព្រំដែន​ឱ្យ​កាន់តែ​រីកចម្រើន ដើម្បី​ផលប្រយោជន៍​ជាតិ និង​ប្រជាជន​ទាំងសងខាង​

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ឯកឧត្តម អនុ​ធី​ន ឆាន​វីរ​គូ​ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បានបង្ហាញ​ការប្ដេជ្ញាចិត្ត​ប្រកប​ដោយ​ភាតរភាព​ដូចៗ​គ្នា ក្នុងការ​ពូន​ជ្រុំ ជំរុញ និង​គាំទ្រ​គ្រប់បែបយ៉ាង ដើម្បី​ឱ្យ​អាជ្ញាធរ​ខេត្ត​ជាប់​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ កាន់តែ​មាន​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយគ្នា ជាពិសេស​ការបង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ឆ្លងដែន និង​កិច្ចសហប្រតិបត្តិការ​ផ្សេងៗ​ទៀត​ដែល​ផ្ដល់​បរិយាកាស​អំណោយផល​ដល់​វិស័យ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម នៃ​ធុរជន និង​ប្រជាជន​ប្រទេស​ទាំង​ពីរ​។​

​ការប្ដេជ្ញា​ចិត្ត​ជា​វិជ្ជមាន​នេះ បាន​ធ្វើឡើង​ក្នុង​ឱកាស​ប្រមុខ​ក្រសួង​មហាផ្ទៃ​ទាំងពីរ អញ្ជើញ​ជា​សហប្រធាន​ដឹកនាំ​កិច្ចប្រជុំ​អភិបាល​ខេត្ត​ជាប់​ព្រំដែន កម្ពុជា​-​ថៃ ដែល​ភាគី​កម្ពុជា ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ នា​ព្រឹក​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០២៤ នេះ​។ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត និង​សម​ភាគី​ថៃ ក៏​បាន​ថ្លែង​កោតសរសើរ​ថ្នាក់ដឹកនាំ​ខេត្ត​ជាប់​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ ដែល​បាន​ខិតខំ​អនុវត្ត​ស្មារតី​នៃ​កិច្ចប្រជុំ​កាលពី​ឆ្នាំ​២០២២ ធ្វើឱ្យ​ទំនាក់ទំនង​ខេត្ត​នឹង​ខេត្ត ជារួម​ប្រទេស​និង​ប្រទេស​បន្ត​មាន​ភាពល្អប្រសើរ ទប់ស្កាត់​បាន​នូវ​បាតុភាព​អវិជ្ជមាន​នានា តាមរយៈ​ការផ្លាស់ប្ដូរ​ព័ត៌មាន ការផ្លាស់ប្ដូរ​ទស្សនកិច្ច និង​ជំនួប​ដោះស្រាយ​បញ្ហា​ជាក់ស្ដែង​នានា​។​

​ភាគី​ទាំងពីរ ក៏​បាន​បន្ត​ផ្លាស់ប្ដូរ​យោបល់​គ្នា លើ​ប្រធានបទ​សំខាន់ៗ ជាអាទិ៍ ករណី​ពលករ​កម្ពុជា​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ការងារ​ច្រកទ្វារព្រំដែន ការនាំ​ចេញ​កសិផល​កម្ពុជា​ទៅ​ប្រទេស​ថៃ ការផ្លាស់ប្ដូរ​ទស្សនកិច្ច​សិក្សា និង​ដកស្រង់​បទពិសោធ​ទៅវិញទៅមក និង​ការរៀបចំ​ក្រុមមន្ត្រី​សម្រួល​ដល់​ការផ្លាស់ប្ដូរ​ព័ត៌មាន​។ ជាពិសេស​ទំនាក់ទំនង​ការងារ​ដទៃ​ទៀត ឱ្យបាន​ឆាប់រហ័ស​នឹង​ទាន់ពេលវេលា​។ ភាគី​ទាំងពីរ បាន​សម្ដែង​ក្ដីសង្ឃឹម និង​ជឿជាក់​ថា តាមរយៈ​កិច្ចប្រជុំ​នេះ កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​និង​ប្រទេស និង​ដោយឡែក​ខេត្ត​ជាប់​ព្រំដែន នៃ​ប្រទេស​ទាំង​ពីរ ឱ្យ​កាន់តែ​រឹងមាំ និង​រីកចម្រើន​បន្ថែម​ទៀត ទាំង​លើ​វិស័យ​សន្តិសុខ ការធ្វើ​ពាណិជ្ជកម្ម និង​វិស័យ​ទេសចរណ៍​៕​

Leave a Reply

Your email address will not be published.