កំពង់ស្ពឺ÷ ការិយាល័យប្រជាពលរដ្ឋ ជាអង្គភាពអព្យាក្រឹតមួយមានតួនាទី ទទួល និងសម្រុះសម្រួលពាក្យបណ្ដឹងក្រៅប្រព័ន្ធតុលាការ ធានាឲ្យការផ្តល់សេវា សាធារណៈ ការគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ខេត្តមានតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព សំដៅបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ និងមន្ត្រី រាជការនៅថ្នាក់មូលដ្ឋាន។ លោក សុខ សុទ្ធី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺមានប្រសាសន៍ដូច្នេះគ្រាដែលលោកបានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំកម្មវិធីផ្សព្វផ្សាយអំពីតួនាទី ភារកិច្ច បែបបទ និងនីតិវិធីសម្រុះសម្រួលដោះស្រាយបណ្តឹង របស់ការិយាល័យប្រជាពលរដ្ឋខេត្ត នាថ្ងៃសុក្រ ទី២០ ខែ ធ្នូ ឆ្នាំ២០២៤ រៀបចំធ្វើឡើងនៅសាលប្រជុំ យឹម សុខុម អគាររដ្ឋបាលខេត្តកំពង់ស្ពឺ។
លោកអភិបាលរងខេត្តបានបន្តទៀតថា ការិយាល័យប្រជាពលរដ្ឋ បង្កើតឡើងដោយអនុក្រឹត្យលេខ ១៩ អនក្រ.បក ចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណង ដើម្បីលើកកម្ពស់អភិបាលកិច្ចល្អក្នុងការផ្តល់សេវា និងការអភិវឌ្ឍសេដ្ឋកិច្ចនៅរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការពង្រឹងតួនាទី ភារកិច្ចក្នុងការទទួល និងការសម្រុះ សម្រួលដោះស្រាយបណ្តឹង នៅក្រៅប្រព័ន្ធតុលាការ ដែលពាក់ព័ន្ធ នឹងការផ្តល់សេវាសាធារណៈ និងការគ្រប់គ្រងរដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងមានគោលដៅ ដើម្បីកំណត់អំពីយន្តការ គោលការណ៍ បែបបទ និងនីតិវិធីនៃការសម្រុះសម្រួលដោះស្រាយបណ្ដឹងនៅថ្នាក់ក្រោមជាតិ។
ជាងនេះទៅទៀតការិយាល័យប្រជាពលរដ្ឋ មានវិសាលភាពអនុវត្តនៅរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ក្នុងការទទួល នឹងការសម្រុះសម្រួលដោះស្រាយបណ្តឹង ដែលពាក់ព័ន្ធការផ្តល់សេវាសាធារណៈ និងការគ្រប់គ្រងរដ្ឋបាល។ ហើយមិនមានវិសាលភាពអនុវត្តចំពោះវិវាទនៅមូលដ្ឋាន និងវិវាទដែលច្បាប់ ឬរាជរដ្ឋាភិបាលបានកំណត់ឱ្យស្ថាប័ន ឬយន្តការជាក់លាក់ណាមួយដោះស្រាយនោះឡើយ៕