កំពង់ស្ពឺ÷ ឯកឧត្តម បាន បុត្តា អនុរដ្ឋលេខាធិការក្រសួងសុខា ភិបាល និងជាប្រធាន ក្រុមប្រឹក្សាគណៈឱសថការីជាតិ មានប្រសាសន៍ វិស័យសុខាភិបាល ជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពជាច្រើនរបស់រាជរដ្ឋាភិ បាលកម្ពុជា ក្នុងនីតិកាលទី ៧ នៃរដ្ឋសភាជាតិ ដែលបានកំណត់គោលដៅយុទ្ធសាស្ត្រសុខាភិបាល ចម្បងៗ ដើម្បីឆ្លើយតបក្នុង យុទ្ធសាស្ត្របញ្ចកោណ ក្នុងនោះ មានការបង្កើនសកម្មភាពអប់រំសុខភាពដល់ប្រជាជនឱ្យកាន់តែប្រសើរឡើង។ ការប្រយុទ្ធប្រឆាំងនិងជំងឺឆ្លងនានាមានដូចជាជំងឺអេដស៍ ជំងឺគ្រុនចាញ់ គ្រុនឈាម ជំងឺរបេង ។ល។ ការទប់ស្កាត់ការរីករាលដាលនូវជំងឺជាសកលនានា មាន ជំងឺកូវីដ-១៩ ផ្តាសាយបក្សី ។ល។ ការប្រយុទ្ធប្រឆាំងនឹងជំងឺមិនឆ្លងនានា មានជំងឺលើសឈាម ទឹកនោមផ្អែម មហារីកមាត់ស្បូន ។ល។ ការប្រយុទ្ធប្រឆាំងនឹងការប៉ះពាល់សុខភាពដោយសារការបម្រែបម្រួលអាកាសធាតុ។ ការធ្វើឱ្យប្រសើរឡើងនូវការថែទាំ និងការព្យាបាល ដោយចូលរួមក្នុងកិច្ចគាំពារសង្គម (មូលនិធិសមធម៌-របបបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)។ល។
ការលើកកម្ពស់គុណភាពនៃការថែទាំ ទាំងនៅក្នុងសេវាសាធារណៈនិងឯកជន។ ការអភិវឌ្ឍធនធានមនុស្ស និងលើកកម្ពស់សមត្ថភាពអ្នកជំនាញសុខាភិបាល និងការពង្រាយបុគ្គលិដល់មូលដ្ឋាន ជាពិសេសថ្នាក់មណ្ឌលសុខភាព។ ការអភិវឌ្ឍសុខភាពតាមប្រព័ន្ធឌីជីថល។
ឯកឧត្តមបានបន្តថា នាឆ្នាំកន្លងទៅថ្មីៗនេះ ជាពិសេសក្នុងឆ្នាំ២០២៤ វិស័យសុខាភិបាលក្នុងខេត្តកំពង់ស្ពឺ ទាំងផ្នែកហេដ្ឋារចនាសម្ព័នរូបវ័ន្ត និងផ្នែកផ្តល់សេវាថែទាំជូនប្រជាពលរដ្ឋមានការអភិវឌ្ឍ និងរីកចម្រើន ហើយចំនួន ប្រជាពលរដ្ឋមកទទួលសេវាសុខភាពមានការកើនឡើង គួរជាទីមោទនៈ នេះបើយោងតាមរបាយការណ៍របស់មន្ទីរសុខាភិបាល។ ហើយសមិទ្ធិផលការងារ ដែលមន្ទីរសុខាភិបាលសំរេចបានក្នុងឆ្នាំកន្លងមកនេះ គឺ កើតឡើង អំពីការដឹកនាំដ៏ត្រឹមត្រូវពីសំណាក់ ថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំមន្ទីរ និងមាន ការចូលរួមពីបុគ្គលិកគ្រប់លំដាប់ថ្នាក់ ការចូលរួម និងឧបត្ថមគាំទ្រ សហការពីអង្គការដៃគូនានា ដើម្បី សម្រេចបានលទ្ធផលជោគជ័យដូចពេលនេះ។ ខ្ញុំពិតជាមានមោទនភាពជាខ្លាំងចំពោះលទ្ធផលដ៏ជោគជ័យ ក្នុងថ្ងៃនេះ និងសង្ឃឹមយ៉ាងមុតមាំថា ឆ្នាំបន្តនេះយើងនឹងទទួលបាននូវការសហការ គាំទ្រមិនខុសពីឆ្នាំកន្លង ទៅ។
ក្នុងពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកសាស្ត្រាចារ្យ វ៉ា សុខគា លោកឱសថ. កូ តាត លោកអនុប្រធាន លោក លោកស្រីជាសមាជិក សមាជិកានៃក្រុមប្រឹក្សាគណៈឱសថការីខេត្តកំពង់ស្ពឺប្រមាណជា ១០០ នាក់ ប្រារព្ធធ្វើឡើងមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ នាថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០២៤។
បើយោងតាមរបាយការណ៍ របស់លោកស្រី យឹម សុធារ៉ា អនុប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យ និងលោកវេជ្ជបណ្ឌិត ហុក គ្រី ប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យ និងប្រធានមន្ទីរសុខាភិបាលខេត្ត បានបញ្ជាក់ឲ្យដឹងផងដែរថា ការគ្រប់ គ្រង សេវាឯកជនក្នុងខេត្តកំពង់ស្ពឺ សរុបមានចំនួន ១០៣៤ កន្លែងក្នុង នោះមាន៖ បន្ទប់ពិគ្រោះស្ត្រីមានផ្ទៃពោះ១៨០ កន្លែង បន្ទប់ថែទាំជំងឺ ៣៧៥ កន្លែង បន្ទប់ពិគ្រោះព្យាបាល ជំងឺ ២៤៤ កន្លែង បន្ទប់ទន្តសាស្ត្រពិគ្រោះព្យាបាលជំងឺមាត់ ធ្មេញ ៥០ កន្លែង បន្ទប់ថែទាំជំងឺមាត់-ធ្មេញ ៣០ កន្លែង បន្ទប់ពិគ្រោះព្យាបាលជំងឺភ្នែក ១ កន្លែង មន្ទីរពេទ្យឯកជន ១កន្លែង មន្ទីរពហុព្យាបាល កន្លែង មន្ទីរសម្រាកព្យាបាល ៤២ កន្លែង មន្ទីរសម្រាកព្យាបាលកុមារ ១ កន្លែង មន្ទីរពិសោធន៍វេជ្ជ សាស្ត្រ ១ កន្លែង ឱសថស្ថាន៨៤ កន្លែង ឱសថស្ថានរង ក ១៥កន្លែង ឱសថ ស្ថានរង ខ ៧ កន្លែងផងដែរ៕