កំពង់ស្ពឺ÷ បន្ទាប់ពីបានស្ដាប់របាយការណ៍សកម្មភាពការងារស្តីពីសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា អានដោយលោកស្រី ស្រី លីនណា ប្រធានមន្ទីរ រួចមក ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺបានអានសារលិខិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចែកជូនដល់លោក លោកស្រី បង ប្អូនជនមានពិការភាព ក្នុងខេត្តកំពង់ស្ពឺ។
ឆ្លៀតក្នុងឱកាសនេះ ក្នុងនាមថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ និងបងប្អូនជនពិការទូទាំងខេត្ត សូមសំដែងនូវកត្តញ្ញូតាធម៌យ៉ាងជ្រាលជ្រៅ បំផុតចំពោះសម្តេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា និងលោកជំទាវ ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់លើកទឹកចិត្ត និងសណ្តោសប្រណីចំពោះបងប្អូនជនពិការ ពិសេស សម្តេច និងលោកជំទាវបានបរិច្ចាកថវិកាផ្ទាល់ដើម្បីកសាងលំនៅដ្ឋានជូនបងប្អូនជនមានពិការភាពក្រីក្រ។ ដើម្បីឆ្លើយតបចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងគុណូបការដ៏ថ្លៃថ្លារបស់សម្តេច និងលោកជំទាវក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបងប្អូនជនពិការទូទាំងខេត្ត សូមប្តេជ្ញាចិត្តថា នឹងខិតខំពង្រឹង សមិទ្ធផលទាំងឡាយ ដែលទទួលបាន និងបង្កើតស្នាដៃថ្មីៗថែមទៀតដើម្បីរួមចំណែកអនុវត្តឱ្យបានជោគជ័យនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ បញ្ជារកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិ បាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា។
មុននឹងបញ្ចប់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោក លោកស្រី តំណាងអង្គការដៃគូ និងអង្គពិធីទាំងមូល ដែលតែងតែជួយគាំទ្រ ទាំងបច្ចេកទេស និងថវិកា ធ្វើយ៉ាងណាក្នុងការរួមគ្នាអនុវត្តកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ក្នុងខេត្តកំពង់ស្ពឺ ឱ្យទទួលបាន នូវសមភាព សមធម៌ បរិយាបន្ន និងសូមបន្តជួយឧបត្ថម្ភ គាំទ្របន្ថែមទៀតលើវិស័យពិការភាព និងស្តារលទ្ធភាពពលកម្ម ដើម្បីលើក ស្ទួយសុខុមាលភាពបងប្អូនជនមានពិការភាព។ ព្រមជាមួយនេះផងដែរ ឯកឧត្តម បានអំពាវនាវដល់បងប្អូនជនពិការគ្រប់រូបត្រូវតែខិតខំតស៊ូជំនះរាល់ការលំបាកដើម្បីឈានដល់ការគ្របគ្រងជោគវាសនារបស់ខ្លួន ប្រកបដោយ ភាពម្ចាស់ការ សេចក្តីថ្លៃថ្នូរ និងជោគជ័យថ្មីៗបន្ថែមទៀតផងដែរ។
គូរបញ្ជាក់ផងដែរថា ការអបអរសាទរ ទិវាជនមានពិការភាពកម្ពុជាលើកទី២៦ និងអន្តរជាតិលើកទី៤២ ក្រោមប្រធានបទ «បរិយាបន្នពិការភាពលើគ្រប់វិស័យក្នុងយុគសម័យបរិវត្តកម្មឌីជីថល» និងពិធីប្រកាសដាក់ឱ្យអនុវត្តន៍ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ឆ្នាំ២០២៤-២០២៨ និងមានការអញ្ជើញចូលរួមពីសំណាក់ លោកនាយករដ្ឋបាលខេត្ត អនុប្រធាន និងសមាជិកលេខាធិការ ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត តំណាងមន្ទីរ អង្គភាពជុំវិញខេត្ត ព្រមទាំងបងប្អូនជនមានពិការភាពសរុប១៦៥នាក់ នៅសាលប្រជុំ វុី សំណាង អគាររដ្ឋបាលខេត្តកំពង់ស្ពឺ៕