ព័ត៌មានជាតិ

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ចាត់​មន្ត្រី​ចុះ​សួរសុខទុក្ខ​ដោយផ្ទាល់​ដល់​មន្ទីរពេទ្យ​ណា​ម​សៃ​ហ្គ​ន ប្រទេស​វៀតណាម និង​ឧបត្ថម្ភ​ថវិកា ២​ម៉ឺន​ដុល្លារ​បន្ថែមទៀត ជួយ​ដល់​ការព្យាបាល​ស្ត្រី​រងគ្រោះថ្នាក់​ចរាចរណ៍​នៅលើ​ផ្លូវ​៦០​ម៉ែត ស្លាប់ ៣​នាក់ ប្តី​និង​កូន …!!

​ទឹកចិត្ត​មេត្តាករុណារ​បស់​អ្នក​ម្តាយ​មនុស្សធម៌ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា តែងតែ​គិតគូរ ខ្វល់ខ្វាយ និង​តាមដាន​ជាប់​ជានិច្ច​ចំពោះ​ស្ថានភាព​ក្មួយ​ស្រី នន ចន្ទ​លក្ខិណា ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ណា​ម​សៃ​ហ្គ​ន ប្រទេស​វៀតណាម ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅលើ​ផ្លូវ​៦០​ម៉ែត កាលពី​ថ្ងៃ​ទី​១០ ខែ​មករា​កន្លងទៅ បណ្តាល​ឱ្យ​ស្វាមី និង​កូន​តូច ៗ ២​នាក់ បាន​បាត់បង់​ជីវិត​។

​ជាក់ស្តែង នៅ​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០២៥​នេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន បាន​ចាត់​ឱ្យ លោកជំទាវ ម៉ែន នារី​សោ​ភ័គ អគ្គលេខាធិការរង​ទី ១ កាកបាទក្រហមកម្ពុជា និង​សហការី ចុះ​សួរសុខទុក្ខ​ដោយ​ផ្ទាល់​នៅ​មន្ទីរពេទ្យ ដើម្បី​លើកទឹកចិត្ត និង​នាំយក​ថវិកា​ចំនួន ២​ម៉ឺន​ដុល្លារ​អាម៉េរិក​ទៀត ជូន​ដល់​លោកស្រី នន ចន្ទ​លក្ខិណា សម្រាប់​ជួយ​សម្រាល​ការលំបាក​ដែល​ត្រូវ​ចំណាយ​លើ​ការព្យាបាល​រយៈពេល​យូរ​នៅ​ប្រទេស​វៀតណាម​។

​ក្នុងឱកាស​នោះ លោកជំទាវ ម៉ែន នារី​សោ​ភ័គ បាន​នាំនូវ​ប្រសាសន៍​របស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ដែល​ផ្តាំផ្ញើ​សួរសុខទុក្ខ ក្តីអាណិតអាសូរ និង​លើកទឹកចិត្ត​ដល់​ក្មួយ​ស្រី នន ចន្ទ​លក្ខិណា សូម​មាន​ស្មារតី​រឹង​ប៉ឹង ត្រូវ​សម្រាក និង​បរិភោគ​អាហារ​បំប៉ន​សុខភាព​ឱ្យបាន​គ្រប់គ្រាន់ ជា​ពិសេស​ត្រូវ​អនុវត្ត​តាម​វេជ្ជបញ្ជា​គ្រូពេទ្យ​ដើម្បី​ឆាប់​បាន​ជាសះស្បើយ​ឡើងវិញ​។

​ជាមួយគ្នានេះ លោកជំទាវ ក៏​បាន​ថ្លែងអំណរគុណ​ដល់​ក្រុម​គ្រូពេទ្យ​ដែល​បាន​យកចិត្តទុកដាក់​ជួយសង្គ្រោះ និង​ព្យាបាល​ដល់​ក្មួយ​ស្រី​លក្ខិណា ដោយ​យកចិត្តទុកដាក់​ទទួល​បាន​លទ្ធផល​វិជ្ជមាន​ជា​បន្តបន្ទាប់​។

​លោកស្រី ហេង សុខ​ឡេង ម្តាយ​ស្ត្រី​រងរបួស​ធ្ងន់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ បានឱ្យដឹងថា រហូតមក​ទល់​នឹង​ពេលនេះ កូន​របស់​គាត់ មិនទាន់​ដឹង​ទេ​ថា ស្វាមី និង​កូន​ជាទី​ស្រលាញ់​របស់​ខ្លួន​បាន​ស្លាប់ចោល​ខ្លួន ដោយ​មិន​បាន​សូម្បី​តែ​ការជូន​ដំណើរ​ជា​ចុងក្រោយ នេះ​ជា​ការឈឺចាប់​បំផុត ដែល​មិន​អាច​យក​អ្វី​មក​គណនា​បាន​នោះ​ទេ​។

​ជាមួយគ្នានេះ លោកស្រី បាន​ថ្លែងអំណរគុណ​ដោយ​ក្តីរំភើប​ក្តុកក្តួល​ចំពោះ​ការសណ្តោសប្រណី​ជា​បន្តបន្ទាប់​របស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​បន្ទាប់ពី​ពេល​កើតហេតុ​ភ្លាមៗ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​ចូលរួម​រំលែក​មរណទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត និង​ចាត់​មន្ត្រី​នាំយក​ថវិកា​ចំនួន ១៥​លាន​រៀល រួម​ជាមួយ​គ្រឿងឧបភោគ​បរិភោគ​មួយចំនួនទៀត សម្រាប់​ចូល​បុណ្យសព ៣​នាក់ ឪពុក​និង​កូន ដែល​តម្កល់​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​វត្ត​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០២៥​។ ទន្ទឹមនឹងនេះ កាលពី​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០២៥ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប្រធាន​កាកបាទក្រហមកម្ពុជា ក៏​បាន​ចាត់​ឱ្យ​សហការី​ជួប​ផ្ទាល់​ជាមួយ​លោក សំ នន ដែល​ត្រូវជា​ឪពុក​របស់​លោកស្រី នន ចន្ទ​លក្ខណា ដើម្បី​ចូលរួម​សោកស្តាយ សាកសួរ​ពី​ស្ថានភាព​រង​របួស​របស់​ក្មួយ​ស្រី​លក្ខិណា និង​ឧបត្ថម្ភ​ថវិកា​ចំនួន ១០​លាន​រៀល​ផងដែរ​។ បន្ថែម​ពី​នេះ ក្នុង​ថ្ងៃ​នេះ​ទៀត សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​ចាត់​មន្ត្រី​ឱ្យ​ចុះមក​សួរសុខទុក្ខ​ដោយ​ផ្ទាល់ និង​ឧបត្ថម្ភ​ថវិកា​បន្ថែម​ចំនួន ២​ម៉ឺន​ដុល្លារ​បន្ថែមទៀត ដើម្បី​ជួយ​ដល់​ការ​សម្រាក​ព្យាបាល​ក្នុង​ពេល​ដ៏​លំបាក​មួយ​នេះ​។

​ជា​ចុងក្រោយ លោកស្រី សូម​គោរព​បួងសួង​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក សូម​តាម​បីបាច់​ថែរក្សា សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត និង​សម្តេច​តេជោ ហ៊ុន សែន សូម​មាន​សុខភាព​ល្អ​បរិបូរណ៍ ជន្មាយុ​យឺនយូរ ដើម្បី​បន្ត​ជា​ម្លប់​ដ៏​កក់ក្តៅ​ដល់​កូនចៅ និង​ប្រជាជន​កម្ពុជា ជា​រៀង​ដរាប​តទៅ​៕

Leave a Reply

Your email address will not be published.