ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ា​នី អញ្ជើញ​ប្រកាស​បញ្ចូល​សមាជិក​គណ​បក្ស​ប្រជាជន​កម្ពុជា​ចំនួន​២២១​នាក់ ស្រី​៦៤​នាក់ នៅ​ឃុំ​ស្នំ​ក្រពើ​

(​កំពង់ស្ពឺ​)៖ ​នា​ព្រឹក​ថ្ងៃទី​១៨ ខែ​មករា ឆ្នាំ​២០២៥​នេះ ឯកឧត្តម ហ៊ុន ម៉ា​នី សមាជិក​គណៈ​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្តាល និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​ជួយ​ខេត្ត​កំពង់ស្ពឺ បាន​អញ្ជើញ​ប្រកាស​បញ្ចូល​សមាជិក​គណ​បក្ស​ប្រជាជន​កម្ពុជា​ចំនួន ២២១​នាក់​ស្រី ៦៤ នាក់​ស្ថិតនៅ​ឃុំ​ស្នំ​ក្រពើ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​។​

​ពិធី​នេះ មាន​ការចូលរួម​ពី ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ សមាជិក​គណៈកម្មាធិកា​រ​កណ្តាល និង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ខេត្ត​កំពង់ស្ពឺ​  អនុប្រធាន សមាជិក សមាជិកា ក្រុមការងារ​ចុះ​មូលដ្ឋាន​ខេត្ត ថ្នាក់ដឹកនាំ​គណៈកម្មាធិការ​គណបក្ស​គ្រប់​ជាន់ថ្នាក់ ព្រមទាំង​សមាជិក សមាជិកា​គណបក្ស​សរុប​៣៥០​នាក់​។​

​ថ្លែង​ក្នុង​ឱកាស​នោះ ឯកឧត្តម ហ៊ុន ម៉ា​នី បាន​ធ្វើ​ការថ្លែងអំណរគុណ និង​កោតសរសើរ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពង់ស្ពឺ និង​ស្រុក​គងពិសី ឃុំ​ស្នំ​ក្រពើ ទាំងអស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង ក្នុង​ការនាំយក​ជ័យជំនះ​ជូន​គណបក្ស​។ លោក​គូសបញ្ជាក់ថា ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ កាលពី​ថ្ងៃ​ទី ២៣ ខែកក្កដា ឆ្នាំ​២០២៣​កន្លងទៅ មាន​ប្រជាពលរដ្ឋ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា រហូតដល់​៨២% ដែល​លទ្ធផល​នៃ​ការបោះឆ្នោត​នេះ បាន​បង្ហាញ​អំពី​ជំនឿ​ទុកចិត្ត​របស់​ប្រជាជន​មក​លើ​គណបក្ស​ប្រជាជន​កម្ពុជា ក៏ដូចជា​ការផ្តល់​ឱកាស​ជូន សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ក្នុងការ​បន្តវេន​ដឹកនាំ ជា​រាជរដ្ឋាភិបាល នីតិកាល​ទី​៧​។​

​ឯកឧត្តម ហ៊ុន ម៉ា​នី បាន​លើកឡើង​នូវ​ស្ថានភាព​នយោបាយ និង​ការវិវត្ត​ថ្មីៗ​ផងដែរ ដើម្បី​ផ្តល់​ជា​ធាតុ​ចូល​សម្រាប់​មន្ត្រី​គណបក្ស​នៅ​មូលដ្ឋាន​ក្នុង​ការអនុវត្ត​ការងារ​ជូន​គណបក្ស​។ លោក​ក៏​បាន​ផ្តាំផ្ញើ​ឲ្យ​ក្រុមការងារ​គណបក្ស និង​គណៈកម្មាធិកា​រគ​ណ​បក្ស​គ្រប់​ជាន់ថ្នាក់​ត្រូវ​បន្ត​សហការ​គ្នា​ឲ្យបាន​ស្អិតរមួត ត្រូវ​ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង និង​ពង្រីក​សមាជិក​គណបក្ស ឆ្ពោះទៅ​រក​ជ័យជំនះ​ជា​បន្តបន្ទាប់​ក្នុង​ការបោះឆ្នោត​ខាង​មុខ​តទៅទៀត​។ ជា​ពិសេស​បាន​ណែនាំ​ដល់​ក្រុមការងារ ឲ្យ​បន្ត​យកចិត្តទុកដាក់​ក្នុង​ការតាមដាន​ការងារ​នយោបាយ សតិអារម្មណ៍​សមាជិក​បក្ស និង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។​

 

Leave a Reply

Your email address will not be published.