កំពង់ស្ពឺ៖ ព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ រដ្ឋបាល ខេត្តកំពង់ស្ពឺ បានប្រារព្ធនូវកម្មវិធីរាប់បាត្របុណ្យមាឃបូជាដែល កម្មវិធីនេះបានធ្វើឡើងជារៀង រាល់ឆ្នាំមិនដែល អាក់ខានម្តងណាឡើយហើយការប្រារព្ធធ្វើនេះគឺធ្វើនៅវត្តមុនីរង្សីរតនារាម (ម្រុំខាងជើង) ស្ថិតនៅភូមិទួលគក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
កម្មវិធីបុណ្យដ៏មហោឡារិកនេះបានប្រារព្ធឡើងដោយ មានការអញ្ជើញចូលរួមជាអធិបតីភាពពីសំណាក់ ឯកឧត្តម អុិន ឃុន សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម ទិត្យ វុទ្ធី អភិបាលរង នៃ គណៈអភិបាលខេត្តកំពង់ស្ពឺ និងឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងមន្ត្រីសង្ឃ ព្រះសង្ឃរួមនឹង លោក ជំទាវ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ ព្រមទាំងប្រជាពុទ្ធបរិស័ទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សយ៉ាងច្រើនកុះករ។
ពិធីបុណ្យមាឃបូជា ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ នាថ្ងៃ១៥កើត ពេញបូណ៌មី ខែមាឃ ក្នុងថ្ងៃដ៏វិសេសនេះ គ្រប់វត្តអារាមនានា បានរៀបចំពិធីបុណ្យមាឃបូជា ដេីម្បីរំលឹកដល់មហាព្រឹត្តិការណ៍ទាំងបីធំៗ ក្នុងវិសយ័ព្រះពុទ្ធសាសនារួមមាន៖ ថ្ងៃប្រជុំចតុរង្គសន្និបាត គឺការប្រជុំប្រកបដោយអង្គបួននៅវត្តវេឡុវ័ន នាក្រុងរាជគ្រឹះ។
-ថ្ងៃព្រះសម្មាសម្ពុទ្ធ ទ្រង់សម្តែងឱវាទបាតិមោក្ខ ដល់ព្រះអរហន្តសាវ័កទាំង១២៥០ព្រះអង្គ។
-ថ្ងៃព្រះអង្គដាក់ព្រះជន្មាយុសង្ខារចំពោះមុខមារ នៅបាវាលចេតិយ ក្បែរក្រុងវេសាលី។
សូមបញ្ជាក់ផងដែរថាពិធីបុណ្យមាឃបូជាដែលប្រារព្ធធ្វើឡើងនាថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥នេះគឺមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ព្រះសង្ឃ ថ្នាក់ដឹកនាំខេត្ត និងពុទ្ធបរិស័ទ បានចូលរួមដង្ហែរក្បួនមាឃបូជាតាមដងផ្លូវ និងជុំវិញបរិវេណវត្ត ធ្វើពិធីវេរគ្រឿងសក្ការៈបូជាស្វាធ្យាយចំរើនព្រះបរឹត្ត ដោយមាននិមន្តព្រះសង្ឃធ្វើពិធីបិណ្ឌបាត្រចំនួន ៣០០ អង្គជាកិច្ចបង្ហើយបុណ្យផងដែរ៕