ព័ត៌មានជាតិ

​ឯកឧត្តម​ប្រធានព្រឹទ្ធសភា​ហ្វីលីពីន​មាន​សុទិដ្ឋិនិយម​ចំពោះ ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិកា​ររ​វាង​ហ្វីលីពីន​-​កម្ពុជា​

​នា​រសៀល​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០២៥ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម Francis G. Escudero ប្រធានព្រឹទ្ធសភា នៃ​សាធារណរដ្ឋ​ហ្វីលីពីន នៅក្នុង​ឱកាស​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ នៅ​ទីក្រុង​ម៉ានីល​, សាធារណរដ្ឋ​ហ្វីលីពីន ចាប់ពី​ថ្ងៃ​ទី​១០-១១ ខែ​កុម្ភៈ ឆ្នាំ​២០២៥​។​

​ក្នុងឱកាស​នៃ​ជំនួប​, ឯកឧត្តម​ប្រធានព្រឹទ្ធសភា​បាន​សម្ដែង​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ​វត្តមាន​របស់​សម្ដេច​ប​វរ​ធិបតី ក្នុងឱកាស​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នា​ពេល​នេះ និង​បាន​វាយតម្លៃ​ខ្ពស់​អំពី​លទ្ធផល​ប្រកបដោយ​ផ្លែផ្កា​នៃ​កិច្ចសហប្រតិបត្តិការ និង​ទំនាក់ទំនង​ដ៏​ល្អ​ប្រសើរ​រវាង​ប្រទេស​ទាំង​ពីរ​។ ឯកឧត្តម​ប្រធានព្រឹទ្ធសភា​សង្ឃឹម​យ៉ាង​មុតមាំ​ថា​, បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​នេះ​, ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ នឹង​កាន់តែ​មាន​ភាព​សកម្ម និង ភាព​រីកចម្រើន បន្ថែមទៀត​។ លើសពីនេះ​, ការអនុវត្ត​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា និង​កិច្ចព្រមព្រៀង ទាំង ៨ ដែល​ត្រូវបាន​ចុះហត្ថលេខា​នា​ថ្ងៃនេះ នឹង​សម្រេច​បាន​នូវ​លទ្ធផល​ល្អ​ប្រសើរ សម្រាប់​ជា​ឧត្តម​ប្រយោជន៍​ដល់​ប្រជាជាតិ​ទាំងពីរ​។​

​ជា​ការឆ្លើយតប​, សម្ដេច​បវរ​ធិបតី​បាន​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​របស់​ប្រជាជន និង​រដ្ឋាភិបាល​ហ្វីលីពីន ជូន​ដល់​គណៈប្រតិភូ​កម្ពុជា​នា​ឱកាស​នេះ ព្រមទាំង​បាន​បង្ហាញ​សេចក្ដីសោមនស្ស​រីករាយ ចំពោះ​ផ្លែផ្កា​នៃ​កិច្ចប្រជុំ​ទ្វេភាគី​រវាង​សម្ដេច​បវរ​ធិបតី ជាមួយ​ឯកឧត្តម​ប្រធានាធិបតី Ferdinand R. Marcos Jr.​។ សម្ដេច​បវរ​ធិបតី​ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​ដ៏​ល្អ និង​យូរលង់​រវាង​ប្រទេស​ទាំង​ពីរ និង មាន​ជំនឿ​យ៉ាង​មុតមាំ​ថា កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​នឹង​បន្ត​ទទួល​បាន​លទ្ធផល​កាន់តែ​ល្អប្រសើរ​។ បន្ថែម​លើ​ផ្នែក​នយោបាយ និង​ការទូត​, ទំនាក់ទំនង​សេដ្ឋកិច្ច​, ពាណិជ្ជកម្ម​, និង ការវិនិយោគ​នៅ​មាន​លម្ហ​ច្រើន ដែល​ជា​កាលានុវត្តភាព​ប្រកប​ដោយ​សក្កា​នុព​ល ដើម្បី​ជំរុញ​ល្បឿន​នៃ​កិច្ចសហប្រតិបត្តិការ​នៃ​ប្រទេស​ទាំង​ពីរ​។ ក្នុងន័យនេះ​, កម្ពុជា​អាច​ក្លាយជា​ដៃគូ​ប្រកប​ដោយ​សក្កា​នុព​ល ក្នុង​ការចូលរួម​ធានា​សន្តិសុខ​ស្បៀង​នៃ​ប្រទេស​ហ្វីលីពីន​, ជា​ពិសេស​តាមរយៈ​អតិរេក​ស្រូវ​អង្ករ ដែល​កម្ពុជា​មាន​, ជាមួយនឹង​គុណភាព​ខ្ពស់ និង​តម្លៃ​ប្រកួតប្រជែង​។​

​សម្ដេច​បវរ​ធិបតី និង​ឯកឧត្តម​ប្រធាន​ព្រឹទ្ធសភា​ក៏​បាន​ពិភាក្សា​ផង​ដែរ​អំពី​ការជំរុញ​ទំនាក់ទំនង​រវាង​ប្រជាជន​និង​ប្រជាជន និង​ការតភ្ជាប់​ជើងហោះហើរ​ត្រង់​រវាង​ប្រទេស​ទាំង​ពីរ បន្ថែម​លើ​ជើងហោះហើរ​ដែលមាន​ស្រាប់ ជា ពិសេស ម៉ានីល​-​សៀមរាប​-​ម៉ានីល និង​សេ​ប៊ូ​-​សៀមរាប​-​សេ​ប៊ូ ដើម្បី​បង្កើត​ជា​សហ​ថាមពល​ក្នុងការ​លើកកម្ពស់​វិស័យ​ទេសចរណ៍ តាមរយៈ​ការទាក់ទាញ​ភ្ញៀវទេសចរ​នានា​ពី​ក្រៅ​តំបន់ ឱ្យមក​ធ្វើ​ទេសចរណ៍​នៅក្នុង​ប្រទេស​ទាំង​ពីរ និង​តំបន់​អាស៊ាន​។

​មុន​នឹង​បញ្ចប់​, សម្ដេច​បវរ​ធិបតី​បាន​អញ្ជើញ​ឯកឧត្តម​ប្រធានព្រឹទ្ធសភា និង​សមាជិក​ព្រឹទ្ធសភា មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​នៅ​ក្នុង​ពេលវេលា​សមស្រប​ណាមួយ ហើយ​កម្ពុជា​នឹង​រងចាំ​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ ជានិច្ច​៕

Leave a Reply

Your email address will not be published.