កំពង់ស្ពឺ៖ ថ្ងៃចន្ទ ១១រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តបានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់អចលន វត្ថុជូនបងប្អូនប្រជាពលរដ្ឋ ដែលមានវិញ្ញាណប័ត្រសម្គាល់ម្ចាស់អចលវត្ថុក្នុងឃុំពាំងល្វា មានចំនួន០៦ភូមិ សរុបចំនួន ៣៧៩០បណ្ណ ស្មើនឹង ២០៣៩ កម្មសិទ្ធិករ និងឃុំជើងរាស់ មានចំនួន០៨ភូមិ សរុបចំនួន ៥១៥០បណ្ណ ស្មើនឹង ២៩៤១ កម្មសិទ្ធិករ ក្នុងស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អភិបាលរងខេត្ត លោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ លោកនាយករដ្ឋបាលសាលាខេត្ត ឯកឧត្តម លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត លោកអភិបាលស្រុក និងបងប្អូនប្រជាពលរដ្ឋជាច្រេីនរូបទៀត។
មានប្រសាសន៍ទៅកាន់ពិធីនេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត បានថ្លែងនូវការអបអរសាទរជាមួយបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលទទួលបាននូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ សម្រាប់ប្រើប្រាស់ប្រកបដោយសុវត្ថិភាព និងមានទំនុកចិត្តលើកម្មសិទ្ធិរបស់ខ្លួនបន្ថែមទៀត ។
ឯកឧត្តមបណ្ឌិត បានបន្ថែមទៀតថា ការចែកប័ណ្ណកម្មសិទ្ធិ ជូនបងប្អូនប្រជាពលរដ្ឋនៅពេលនេះ ជាការឆ្លុះបញ្ចាំងឱ្យឃើញអំពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការធានាកម្មសិទ្ធិដីធ្លីស្របច្បាប់ ជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែក ដល់ ការពង្រឹង យុត្តិធម៌ និងស្ថេរភាពសង្គម។
ឯកឧត្តមបណ្ឌិត បានបន្តទៀតថា ក្នុងនាមរដ្ឋបាលខេត្ត សូមសម្ដែងនូវការអរគុណ និងកោតសរសើរបងប្អូនមន្ត្រីរាជការសុរិយោដីគ្រប់លំដាប់ថ្នាក់ និងប្អូនៗយុវជនស្ម័គ្រចិត្តទាំងអស់ ដែលបានលះបង់នូវពេលវេលា ពេលខ្លះក៏ត្រូវចុះបំពេញការងារទាំងថ្ងៃឈប់សម្រាក ដើម្បីចូលរួមចំណែកនៅក្នុងបេសកកម្មដ៏មានសារៈសំខាន់នេះ។
ទន្ទឹមនោះ ឯកឧត្តមបណ្ឌិត បានសម្ដែងនូវការកោតសរសើរ និងថ្លែងនូវការអរគុណចំពោះបងប្អូនប្រជាពលរដ្ឋ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ទីរជំនាញ ជាពិសេសមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តដែលជាប្រតិបត្តិករផ្ទាល់ និងអង្គភាពពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងចូលរួមទាំងកម្លាំងកាយចិត្តយ៉ាងមមាញឹក និងមិនខ្លាចពីការនឿយហត់ គាំទ្រដល់ដំណើរការចុះបញ្ជីដីធ្លីលើគ្រប់នីតិវិធី និងគ្រប់ដំណាក់កាល ដើម្បីជំរុញការងារចេញប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋឲ្យបានចេញជាផ្លែផ្កា នាពេលនេះ៕





