ព័ត៌មានជាតិ

ផ្លូវ​ទៅ​កាន់​ភ្នំ​ខ្នង​ផ្សារ ជួយ​លើកកម្ពស់​ជីវភាព​ពលរដ្ឋ​ក្នុង​សហគមន៍ តាមរយៈ​កំណើន​ភ្ញៀវទេសចរ

​កំពង់ស្ពឺ​៖ ថ្ងៃទី​១៦ ខែ​ឧសភា ឆ្នាំ​២០២៥ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រំពឹងថា សមិទ្ធិផល​ផ្លូវ​ចូល​ទៅកាន់​ភ្នំ​ខ្នង​ផ្សារ ដែល​បើក​ការដ្ឋាន​ក្នុងថ្ងៃនេះ នឹង​ជួយ​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​តាំង​បំពង់ ឱ្យ​កាន់តែ​ប្រសើរ​ឡើង​តាមរយៈ​កំណើន​ភ្ញៀវ​ទេសចរណ៍​មក​កម្សាន្ត កាន់តែ​ច្រើនឡើង​។ ការលើក​ឡើង​ដូចនេះ ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ផ្លូវ​មួយ​ខ្សែ​ឡើង​ទៅ​កាន់​ភ្នំ​ខ្នង​ផ្សារ និង​ស្ថាបនា ដែល​បម្រើឱ្យ​គោលដៅ​លំហែ​បៃតង​តំបន់ភ្នំ​ខ្នង​ផ្សារ ស្ថិតក្នុង​ភូមិ​តាំង​បំពង់ ឃុំ​តា​សាល ស្រុក​ឱ​រ៉ា​ល់ ខេត្ត​កំពង់ស្ពឺ​។

​ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត បាន​លើកឡើង​ថា ភ្នំ​ខ្នង​ផ្សារ គឺជា​ឋានសួគ៌​ក្រោម​មេឃ​មួយ​ដែល​បាន​សំងំ​លាក់ខ្លួន និង​ស្ថិតនៅ​ឆ្ងាយ​ពី​ក្រសែភ្នែក​មហាជន ពិសេស​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ នៅក្នុង​ភូមិសាស្ត្រ​ដាច់ស្រយាល​មួយ​នៃ​ស្រុក​ឱ​រ៉ា​ល់ នៃ​ខេត្ត​កំពង់ស្ពឺ​។ ក្រោម​ការអភិវឌ្ឍន៍ និង​យកចិត្តទុកដាក់​ពី​រាជរដ្ឋាភិបាល​កម្ពុជា ពិសេស​ក្រោម​ការគិតគូ​ពី​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត តាមរយៈ​សមិទ្ធផល​ទាំងនេះ នឹង​ធ្វើ​ឱ្យ​សហគមន៍​តាំង​បំពង់ ពិសេស​តំបន់​ភ្នំ​ខ្នង​ផ្សារ​លែង​ស្ថិតនៅ​ឆ្ងាយ​ពី​ក្រសែភ្នែក​មហាជន និង​ភ្ញៀវទេសចរ​ឡើយ​។

​ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត បាន​បន្ថែមថា តាមរយៈ​សមិទ្ធិផល​ផ្លូវ​មួយ​ខ្សែ និង​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​មួយ​ចំនួន​នេះ នឹង​ក្លាយជា​ចំណងដៃ​ថ្មី​ចូលរួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការជួយ​លើកកម្ពស់​ជីវភាព​របស់​ប្រជាពលរដ្ឋ​នៅ​ភូមិ​តាំងបំ​ពង់ និង​ប្រជា​សហគមន៍​តំបន់ការពារធម្មជាតិ​រលាក់​កងជើង ក៏ដូចជា​ការតភ្ជាប់​ខេត្ត​កំពង់ស្ពឺ និង​ខេត្ត​កោះកុង ពិសេស​គឺ​ជា​សមិទ្ធផល​ដ៏​ពិសិដ្ឋ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ផ្ដល់​ជូន​ផងដែរ​។

​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ការអភិវឌ្ឍ​តំបន់​ព្រៃ​ភ្នំ​ដ៏​មាន​សក្ដានុពល​នេះ ដើម្បី​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជា​សហគមន៍ តាមរយៈ​ការបម្រើ​សេវា​ទេសចរណ៍​។ គម្រោង​អភិវឌ្ឍន៍​តំបន់​ខ្នង​ផ្សារ នឹង​ជួយ​ផ្សព្វផ្សាយ​អំពី​ការគាំទ្រ​របស់​រដ្ឋាភិបាល និង​ដៃគូ​ពាក់ព័ន្ធ ក្នុង​ការរួមចំណែក​លើ​ក​កម្ពស់​សេដ្ឋកិច្ចសង្គម និង​គោលដៅ​លំហែ​បៃតង​នៅ​តំបន់​ភ្នំ​ខ្នង​ផ្សារ ព្រមទាំង​ជួយ​ជំរុញ​ចលនា​ទេសចរ​ជាតិ និង​អន្តរជាតិ​ឱ្យ​មក​កម្សាន្ត​កាន់តែច្រើន​។ តាមរយៈ​ការងារ​នេះ នឹងចូលរួម​លើកកម្ពស់​ជីវភាព​ពលរដ្ឋ​នៅ​តាម​សហគមន៍​មូលដ្ឋាន តាមរយៈ​ការផ្ដល់​សេវាកម្ម​ទេសច​រណ៍​នានា ដែល​ទាំងនេះ​ក៏​បាន​ចូលរួមចំណែក​យ៉ាង​សំខាន់​ដល់​ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ ប្រកបដោយ​និរន្តរភាព​។

​សូមបញ្ជាក់​ថា ការបើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ចូល​ទៅកាន់​ភ្នំ​ខ្នង​ផ្សារ និង​ហេដ្ឋារចនាសម្ព័ន្ធ ចាំបាច់​មួយ​ចំនួន​ក្នុង​ថ្ងៃនេះ ក៏​មាន​ការចូលរួម​ពី ឯកឧត្តម យឹម សុខុម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​កំពង់ស្ពឺ លោកជំទាវ មិថុនា ភូថ​ង អភិបាល​ខេត្ត​កោះកុង រួម​នឹង​តំណាង​ក្រសួង ស្ថាប័ន​រាជរដ្ឋាភិបាល អង្គភាព​ពាក់ព័ន្ធ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដៃគូ​អភិវឌ្ឍន៍ អង្គការ​មិនមែន​រដ្ឋាភិបាល វិស័យ​ឯកជន អាជ្ញាធរ​មូលដ្ឋាន និង​ប្រជា​សហគមន៍​។ គម្រោង​ផ្លូវ​ចូល​ទៅកាន់​ភ្នំ​ខ្នង​ផ្សារ គឺ

​គម្រោង​និរន្តរភាព​តំបន់​តំបន់​ទេសភាព និង​ទេសចរណ៍ធម្មជាតិ​នៅ​កម្ពុជា (CSLAEP) ហិរញ្ញប្បទាន​របស់​ធ​នាគារ​ពិភពលោក (WB) បំបែក​ពី​ផ្លូវ​លេខ​៤៨,៤ ចាប់​ពី​មុខ​វត្ត សំពៅ​ផុស​(​ហៅ​វត្ត​តាំង​បំពង់​) ទៅដល់​ចង្កេះភ្នំ​ដំណាក់​ដំរី មាន​ប្រវែង ៧,៤០ គីឡូម៉ែត្រ ទទឹង ៨ ម៉ែត្រ សាងសង់​ក្រាល​ល្បាយ​ក្រួស​ក្រហម ស្ថិតនៅ​ភូមិ​តាំង​បំពង់ ឃុំ​តា​សាល​៕​

   

Leave a Reply

Your email address will not be published.