ព័ត៌មានជាតិ

កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ ២០២៣ និង​លើក​ទិសដៅ​សម្រាប់​ឆ្នាំ ២០២៤ នៃ​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​កំពង់ស្ពឺ​

​កំពង់ស្ពឺ​៖ រសៀល​ថ្ងៃ​ទី ១៧ ខែ មករា ឆ្នាំ ២០២៤ សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​កំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង ប្រធាន​គណៈកម្មាធិការ​សាខា បាន​ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ ២០២៣ និង​លើក​ទិសដៅ​សម្រាប់​ឆ្នាំ ២០២៤ ក្នុង​ពិធី​នេះ​ដែរ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម លោកជំទាវ គណៈកម្មាធិការ​សាខា លោក លោកស្រី ប្រធាន អនុប្រធាន​គណៈកម្មាធិកា​រ​អនុសាខា ក្រុង ស្រុក​ទាំង ៩ ក្រុម​ប្រតិបត្តិ​សាខា​សរុប​ចំនួន ២៧​នាក់ នៅ​សាលប្រជុំ កង ហ៊ាង​សាលាខេត្ត​កំពង់ស្ពឺ​ថ្មី ។

​គោលបំណង​នៃ​កិច្ចប្រជុំ​នេះ​គឺ ដើម្បី​បូក​សរុប​លទ្ធផល​ការងារ​ដែល​សម្រេចបាន​ក្នុង​ឆ្នាំ ២០២៣ ក៍​ដូចជា​បញ្ហា​ប្រឈម​នានា​ដែល​សាខា អនុសាខា​ជួបប្រទះ និង​ធ្វើ​ការដោះស្រាយ​នូវ​សំណូមពរ​មួយចំនួន​ដែល​មាន​នៅ​ថ្នាក់​សាខា និង​អនុសាខា ។​

​តាម​របៀបវារៈ​ដែល​បាន​គ្រោងទុក ឯកឧត្តម វ៉ី សំណាង បាន​មានប្រសាសន៍​បើក​កិច្ចប្រជុំ ដោយ​សំដែង​នូវ​ការកោតសរសើរ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​យក​អស់ពី​កម្លាំងកាយ​ចិត្ត​ប្រាជ្ញា ស្មារតី​ទទួលខុសត្រូវ​ចូលរួម​យ៉ាង​សកម្ម​ក្នុងការ​បំពេញបេសកកម្ម​មនុស្សធម៌​របស់​ឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំង​គណៈ​កិត្តិយស​សាខា គណៈកម្មាធិការ​សាខា ក្រុម​ប្រតិបត្តិ​សាខា អនុសាខា​ក្រុង​-​ស្រុក ក្រុម​កាកបាទ​ក្រហម​ឃុំ​សង្កាត់ អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ បានរួម​គ្នា​ដោះស្រាយ​ឆ្លើយតប​ដល់​ប្រជាជន​រងគ្រោះ និង​ងាយ​រងគ្រោះ​មហន្តរាយ​បំផុត និង​ការងារ​សង្គម​ជាច្រើន​ទៀត ទទួល​បាន​កាន់តែ​ប្រសើរ​ថែម​ទៀត ដោយ​មិន​គិត​ពេលវេលា​ឡើយ ។​ហើយ​សូម​ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈកម្មាធិការ​សាខា និង​អនុសាខា​ក្រុង ស្រុក យកចិត្តទុកដាក់​តាម​ដាន​ស្តាប់​សេចក្តីព្រាង​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ ២០២៣ និង​លើក​ទិសដៅ​សម្រាប់​ឆ្នាំ ២០២៤ ដែល​អាន​ដោយ​លោកស្រី អោម ចន្នា នាយិកា​សាខា ។

​ចុងបញ្ចប់​ឯកឧត្តម វ៉ី សំណាង ប្រធាន​គណៈកម្មាធិការ​សាខា មានប្រសាសន៍​បូកសរុប​ក្នុង​អង្គប្រជុំ និង​ក្រោយ​ពី​បាន​ស្តាប់​ការពិភាក្សា មតិយោបល់ និង​អនុម័ត​ទៅលើ​សេចក្តីព្រាង​របាយការណ៍​សកម្មភាព របាយការណ៍​ហិរញ្ញវត្ថុ និង​ទិសដៅ​អនុវត្ត​បន្ត ។​

Leave a Reply

Your email address will not be published.