ព័ត៌មានជាតិ

​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សន្ទនា​ជាមួយ ប្រធានសភា​អ៊ុ​យក្រែន តាម​ប្រព័ន្ធ​វីដេអូ​

នៅ​រសៀល​ថ្ងៃ​អង្គារ ៦ រោច ខែ​ពិសាខ ឆ្នាំ​រោង ឆ​ស័ក ពុទ្ធ​សករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែ​ឧសភា ឆ្នាំ​២០២៤ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួប​សន្ទនា​ជាមួយ ឯកឧត្តម រូ​ស្លា​ន ស្តេ​ហ្វាន​ឈុក (Ruslan Stefanchuk) ប្រធានសភា​អ៊ុ​យក្រែន តាម​ប្រព័ន្ធ​វីដេអូ ។

​ជា​កិច្ច​ចាប់ផ្តើម ឯកឧត្តម ប្រធានសភា បាន​ថ្លែងអំណរគុណ​សម្តេច​តេជោ ដែល​បាន​តប​នឹង​សំណើ​សុំ​ជួប​សន្ទនា​តាម​ប្រព័ន្ធ​វីដេអូ​នាពេលនេះ ដែល​ជា​កិច្ចប្រជុំ​ដ៏​មាន​សារសំខាន់ ចំពោះ​កិច្ចសន្ទនា​សន្តិភាព​ស្តី​ពី​អ៊ុ​យក្រែន​។

​ជា​ការឆ្លើយតប សម្តេច​តេជោ ប្រធានព្រឹទ្ធសភា បាន​សំដែង​នូវ​ក្តីរីករាយ​ដែល​បាន​ជួប ឯកឧត្តម​តាម​ប្រព័ន្ធ​វីដេអូ និង សម្ដែង​នូវ​ការរំលែក​ទុក្ខ សេចក្តី​អាណិតអាសូរ និង​ការសោកស្តាយ ចំពោះ​សោកនាដកម្ម ការបំផ្លិចបំផ្លាញ ដែល​បាន​កើត​នៅ​ប្រទេស​អ៊ុយ​ក្រែន​អស់​រយៈពេល​ជាង​២​ឆ្នាំ កន្លងមកនេះ ហើយ សម្ដេច​តេជោ ក៏​បាន​បញ្ជាក់ថា​កម្ពុជា​ធ្លាប់​ឆ្លងកាត់​នូវ​សង្គ្រាម​រ៉ាំរ៉ៃ ដូច្នេះ​កម្ពុជា​បាន​យល់​យ៉ាង​ច្បាស់​ពី​ផល​លំបាក និង​ទុក្ខវេទនា​ដែល​ប្រជាជន​អ៊ុយ​ក្រែន​កំពុង​ទទួល​រង​។​

​សម្តេច​តេជោ បាន​រំលឹក​ពី​ការ​ជួប​សន្ទនា​តាម​ទូរស័ព្ទ​ចំនួន ២​ដង​ជាមួយ ឯកឧត្តម វ៉ូ​ឡូ​ឌី​មៀ ហ្ស៊ែ​លឡិន​ស្គី (Volodymyr Zelenskyy) ប្រធានាធិបតី​អ៊ុ​យក្រែន ក៏ដូចជា​ជំនួប​រវាង​រដ្ឋមន្ត្រី​ការបរទេស និង​ជំនួប​រវាង​រដ្ឋមន្ត្រី​ការពារជាតិ​នៃ​ប្រទេស​យើង​ទាំងពីរ ហើយ​ក្នុង​ឪ​កាស​នេះដែរ សម្តេច​តេជោ ក៏​បាន​ផ្ដាំផ្ញើ​សួរសុខទុក្ខ​តាមរយៈ ឯកឧត្តម ប្រធានសភា ជូន​ចំពោះ ឯកឧត្តម​ប្រធានាធិបតី ហ្ស៊ែ​លឡិន​ស្គី ផងដែរ​។

​ឯកឧត្តម ប្រធានសភា បាន​អរគុណ​ចំពោះ សម្តេច​តេជោ នូវ​ពាក្យពេចន៍​ប្រកប​ដោយ​សម្មានចិត្ត និង​កក់ក្តៅ​បំផុត ដល់​ប្រជាជន​អ៊ុ​យក្រែន និង បានបញ្ជាក់​ថា​នឹង​ពាំនាំ​ការសួរសុខទុក្ខ របស់​សម្តេច ជូន​ដល់ ឯកឧត្តម​ប្រធានាធិបតី ហ្ស៊ែ​លឡិន​ស្គី ។

​ឯកឧត្តម ប្រធានសភា បាន​លើកឡើង​នូវ​ប្រធានបទ​ចំនួន​៣ ជូន​សម្តេច​តេជោ ៖

​ទី​១)​ប្រទេស​អ៊ុយ​ក្រែន​បានលើក​១០​ចំណុច ដើម្បី​ស្តារ​បូរណភាព​ដែនដី និង សន្តិភាព និង អំពាវនាវ​ឱ្យ​កម្ពុជា​ចូលរួម​ក្នុង​រូបមន្ត​សន្តិភាព​នេះ ។ ជាមួយគ្នានេះដែរ នៅ​ពាក់កណ្តាល​ខែ​មិថុនា​ខាងមុខ នៅ​ប្រទេស​ស្វីស នឹង​មាន​កិច្ចប្រជុំ​កំពូល​ស្តី​ពី​សន្តិភាព​នៅ​អ៊ុ​យក្រែន ដោយ ឯកឧត្តម រំពឹងថា សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី ដែល​ជា​កូនប្រុស​របស់ សម្ដេច​តេជោ នឹង​អាច​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល ដែល​មាន​សារៈសំខាន់​សម្រាប់ អ៊ុ​យក្រែន និង​ពិភពលោក ។

​ទី​២)​ការដោះមីន នៅ​អ៊ុ​យក្រែន គឺជា​កិច្ចការ​សំខាន់​ណាស់ ហើយ​កម្ពុជា​គឺ​មាន​បទពិសោធន៍​ដ៏​មានតម្លៃ​មិនអាច​ថ្លៃ​បាន​ក្នុង​ការដោះមីន​។ ចំនុច​នេះ ឯកឧត្តម ស្នើ​សុំ​ការគាំទ្រ​ពី សម្តេច​តេជោ ប្រធានព្រឹទ្ធសភា និង ទន្ទឹង​រងចាំ​កម្ពុជា ចូលរួម​ក្នុង​សម្ព័ន្ធភាព​ដោះមីន នៅ​ប្រទេស​អ៊ុយ​ក្រែន​ផងដែរ ។​

​ទី​៣) ក្នុង​គោលដៅ​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​អ៊ុ​យក្រែន ឯកឧត្តម ប្រធានសភា បាន​អញ្ជើញ សម្តេច​ធិបតី នាយករដ្ឋមន្ត្រី ទៅ​បំពេញ​ទស្ស​កិច្ច​នៅ​អ៊ុ​យក្រែន និង សុំ​ការគាំទ្រ​ពី​កម្ពុជា ដល់​ទំនាក់ទំនង​របស់​អ៊ុ​យក្រែន ជា​ដៃគូ​សន្ទនា​ជាមួយ​អាស៊ាន ហើយ​និង សូម​គោរព​អញ្ជើញ​សម្តេច​តេជោ ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​គាវ ដើម្បី​ពង្រឹង​ទំនាក់ទំនង​រវាង​ព្រឹទ្ធសភា​កម្ពុជា និង​សភា​អ៊ុ​យក្រែន​។

​ជា​កិច្ច​ឆ្លើយតប សម្តេច​តេជោ បានបញ្ជាក់​ថា សម្តេច នឹង​យក​រូបមន្ត​១០​ចំណុច ទៅ​ពិចារណា​។ ចំណែក​ការចូលរួម​របស់​កម្ពុ​ជា នៅក្នុង​កិច្ចប្រជុំ​កំពូល​ស្តី​ពី​សន្តិភាព​នៅ​អ៊ុ​យក្រែន នៅ​ទីក្រុង​ហ្សឺ​ណែ​វ សម្តេច​ទុក​ជូន​រាជរដ្ឋាភិបាល​សម្រេច ។ សម្តេច​តេជោ បានកត់សម្គាល់​ឃើញ​ថា កិច្ចប្រជុំ​កំពូល​ស្តី​ពី​សន្តិភាព ដែល​មាន​តម្លៃ​ជាក់លាក់ ត្រូវតែ​មាន​គ្រប់​ភាគី​ពាក់ព័ន្ធ​ចូលរួម ដូចនេះ​ត្រូវតែ​មាន​វត្តមាន​តួអង្គ​រុស្ស៊ី ។​

​សម្តេច​តេជោ ក៏​បាន​ជម្រាប ឯកឧត្តម ប្រធានសភា ថា ដោយសារ​កិច្ចការ​រវល់​ច្រើន​នៅក្នុង​ស្រុក រាជរដ្ឋាភិបាល​កម្ពុជា បាន​ចាត់តាំង ឯកអគ្គរាជទូត​កម្ពុ​ជា ចូលរួម​ក្នុង​សន្និសីទ​ស្តីពី​ការកសាង​ប្រទេស​អ៊ុយ​ក្រែន​ឡើងវិញ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​ប៊ែឡាំ​ង នា​ថ្ងៃ​ទី​១១-១២ ខែ​មិថុនា​ខាង​មុខ​នេះ​។

​ពាក់ព័ន្ធ​នឹង​បញ្ហា​មីន​នៅ​អ៊ុ​យក្រែន ឯកឧត្តម ប្រធានសភា បាន​ស្នើ​ឱ្យមាន​អ្នក​ដោះមីន​កម្ពុជា ទៅ​ជួយ​នៅ​អ៊ុ​យក្រែន ។ សម្តេច​បាន​មានប្រសាសន៍ថា សម្តេច មាន​ការសោកស្តាយ​ដែល​កម្ពុជា មិន​មាន​លទ្ធភាព​បញ្ជូន​អ្នកដោះមីន​ទៅ​អ៊ុយ​ក្រែន​បានទេ ដោយសារ រដ្ឋធម្មនុញ កម្ពុជា មិន​អនុញ្ញាត ឱ្យ​បញ្ជូន​កងកម្លាំង​ដោះមីន នៅក្រៅ​ឆ័ត្រ​អង្គការសហប្រជាជាតិ ។ កម្ពុជា ធ្លាប់បាន​ផ្តល់​ការបណ្តុះបណ្តាល​អ្នកដោះមីន​អ៊ុ​យក្រែន ដោយមាន​កិច្ចសហប្រតិបត្តិការ​ជាមួយនឹង​ប្រទេស​ជប៉ុន ។ សម្តេច​បាន​បញ្ជាក់ថា កម្ពុជា នឹង​ពិនិត្យមើល​លទ្ធភាព​បណ្តុះបណ្តាល​អ្នកដោះមីន​អ៊ុ​យក្រែន បន្តទៀត ដោយ​សហការ​ជាមួយនឹង​ជប៉ុន ។

​ចំពោះ​ការអញ្ជើញ សម្តេច​តេជោ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​អ៊ុ​យក្រែន សម្តេច​តេជោ បាន​មានប្រសាសន៍ សម្តេច​នឹង​ផ្តល់​ចម្លើយ​ក្នុងពេល​សមស្រប​ណាមួយ ។​

​ជា​ចុងក្រោយ សម្ដេច​តេជោ ប្រធានព្រឹទ្ធសភា បាន​ជូនពរ ឯកឧត្តម​ប្រធានសភា អោយ​ទទួលបាន​ជោគជ័យ​ក្នុង​ភារកិច្ច​ការងារ និង​ជា​ថ្មី​ម្តង សូម​ផ្ដាំផ្ញើ​ការសួរសុខទុក្ខ​របស់​សម្តេច ជូន​ចំពោះ ឯកឧត្តម​ប្រធានាធិបតី ហ្ស៊ែ​លឡិន​ស្គី ផងដែរ​៕

 

Leave a Reply

Your email address will not be published.