ព័ត៌មានជាតិ

រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​សហរដ្ឋអាមេរិក​៖ សហរដ្ឋអាមេរិក​នឹង​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ជាពិសេស​លើ​វិស័យ​ការពារ​ជាតិ​

​នា​ព្រឹក ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​ឯកឧត្តម Lloyd James Austin III រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​សហរដ្ឋអាមេរិក ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព​។​

​ក្នុងឱកាស​នៃ​ជំនួប ឯកឧត្តម Lloyd James Austin III បាន​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​ធិបតី ដែល​បាន​ឆ្លៀត​ពេលវេលា​ដ៏​មមាញឹក​អនុញ្ញាតឱ្យ​រូប​ឯកឧត្តម និង​គណៈប្រតិភូ ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ព្រមទាំង​បាន​សម្តែង​នូវ​ការ​អរគុណ​ចំពោះ​ការ​ធ្វើ​បដិសណ្ឋារកិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។ ជាមួយគ្នានេះ ឯកឧត្តម​រដ្ឋមន្ត្រី​ការពារជាតិ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា នេះ​គឺជា​ដំណើរ​ទស្សនកិច្ច​លើក​ទី​២ របស់​ឯកឧត្តម​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា ដែល​លើក​ទី​១ ឯកឧត្តម​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​បូក​កាលពី​ឆ្នាំ​២០២២ ។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​ទី​២ នេះ ឯកឧត្តម​មាន​គោលបំណង​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា លើ​វិស័យ​ជាច្រើន​ដែល​ប្រទេស​ទាំង​ពីរ​អាច​ធ្វើការ​រួម​គ្នា ជាពិសេស​លើ​វិស័យ​ការពារ​ជាតិ ដោយ​សហរដ្ឋអាមេរិក​នឹង​ត្រៀម​ខ្លួន​រួចជាស្រេច​ក្នុងការ​ធ្វើ​ការងារ​រួម​គ្នា​យ៉ាង​ជិតស្និទ្ធ​ជាមួយ​កម្ពុជា ដើម្បី​រៀបចំ​ដាក់ចេញ​នូវ​យន្តការ​ក្នុង​ការកសាង​ទំនាក់ទំនង និង​សហប្រតិបត្តិការ​រវាង​គ្នា ឱ្យ​កាន់តែ​ប្រសើរ​បន្ថែមទៀត​។

​ឯកឧត្តម​រដ្ឋមន្ត្រី​ការពារជាតិ ក៏​បាន​បង្ហាញ​ក្តី​សោមនស្ស​រីករាយ​ក្នុង​ការ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​នឹង​ធ្វើ​ជា​ប្រទេស​សម្របសម្រួល​កិច្ចសន្ទនា​ការពារជាតិ អាមេរិក​-​អាស៊ាន ក្នុង​ឆ្នាំ​២០២៤ នាពេល​ខាងមុខ​នេះ​។ បន្ថែម​លើ​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​ការពារជាតិ ក៏​បាន​សម្តែង​នូវ​ការកោតសរសើរ​អំពី​ជំនាញ​បោសសម្អាត​មីន​របស់​កងទ័ព​កម្ពុ​ជា ហើយ​ឯកឧត្តម​មាន​ជំនឿ​ជា​ក់ថា សហរដ្ឋអាមេរិក និង​កម្ពុជា​នឹង​បន្ត​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​បោសសម្អាត​មីន​នេះ​បន្ថែម​ទៀត​។ ឯកឧត្តម​រដ្ឋមន្ត្រី​ការពារជាតិ ក៏​បាន​គូសបញ្ជាក់​អំពី​ការផ្លាស់ប្ដូរ​នូវ​កិច្ច​ពិគ្រោះ​យោបល់ និង​ការផ្លាស់ប្ដូរ​ទស្សនៈ​ររ​វាង​កម្ពុជា និង​សហរដ្ឋអាមេរិក ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត រវាង​ប្រទេស​ទាំង​ពីរ​។​

​ជា​ការឆ្លើយតប សម្តេច​ធិបតី បាន​ស្វាគមន៍​ចំពោះ​វត្តមាន​របស់ ឯកឧត្តម Lloyd James Austin III និង​គណៈប្រតិភូ ព្រមទាំង​បាន​អរគុណ និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ និង​ទំនាក់ទំនង​ល្អ​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក ហើយ​តាមរយៈ​ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម​រដ្ឋមន្ត្រី​មក​ព្រះរាជាណាចក្រ​កម្ពុជា​នា​ឱកាស​នេះ កិច្ចសហប្រតិបត្តិការ និង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​នឹង​កាន់តែ​ត្រូវបាន​ពង្រឹង និង​ពង្រីក​បន្ថែម​ទៀត ជាពិសេស​លើ​វិស័យ​ការពារ​ជាតិ​។

​ជាមួយគ្នានេះ សម្តេច​ធិបតី ជឿជាក់ថា ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តមរ​ដ្ឋ​មន្ត្រី​ការពារជាតិ​នឹង​ផ្ដល់​នូវ​កាលានុវត្តភាព​ថ្មី​ក្នុង​ការពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការពារ​ជាតិ​រវាង​ប្រទេស​ទាំង​ពីរ ដែល​រួមមាន ការប្រយុទ្ធប្រឆាំង​នឹង​ភេរវកម្ម ការជួញដូរ​មនុស្ស និង​ការជួញដូរ​គ្រឿងញៀន ជាដើម​។​

​សម្ដេច​ធិបតី និង​ឯកឧត្តម​រដ្ឋមន្ត្រី​ការពារជាតិ ក៏​បាន​ពិភាក្សា និង​ផ្លាស់ប្ដូរ​យោបល់​គ្នា​លើ​បញ្ហា​សន្តិសុខ និង​ស្ថិរភាព​ក្នុង​តំបន់ និង​អន្តរជាតិ ដើម្បី​ចូលរួម​ក្នុង​ការកសាង​សន្តិភាព ស្ថិរភាព សាមគ្គីភាព និង​វិបុលភាព​នៅក្នុង​តំបន់ និង​អន្តរជាតិ ក៏ដូចជា​ផ្ដល់នូវ​អត្ថប្រយោជន៍​ទៅវិញទៅមក​រវាង​ប្រទេស​ទាំង​ពីរ​។

​ចុងបញ្ចប់ សម្ដេច​ធិបតី ក៏​បាន​ស្នើ​ឱ្យ​ឯកឧត្តម​រដ្ឋមន្ត្រី​ការពារជាតិ បន្ត​នូវ​កិច្ចសហប្រតិបត្តិការ​ឡើង​វិញ​លើ​វិស័យ​មួយចំនួន ដូចជា​ការផ្លាស់ប្ដូរ​និស្សិត​ផ្នែក​កងទ័ព​រវាង​ប្រទេស​ទាំង​ពីរ និង​កិច្ចប្រតិបត្តិកា​រលើ​ការធ្វើ​សមយុទ្ធ​យោធា​រវាង​កងទ័ព​កម្ពុ​ជា​-​សហរដ្ឋអាមេរិក ព្រមទាំង​បាន​ជូនពរ​ឯកឧត្តម​រដ្ឋ​មន្ត្រី​ការពារ​ជាតិ ឱ្យ​ទទួលបាន​ជោគជ័យ​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា និង​ធ្វើ​មាតុភូមិនិវត្តន៍​ប្រកបដោយ​សុវត្ថិភាព​៕​

Leave a Reply

Your email address will not be published.