នៅព្រឹកថ្ងៃចន្ទ ៩រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម លី ឈូលវ៉ូ (LEE CHEOL-WOO) អភិបាលខេត្តឃ្យុងសាងបុកដូ នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ដោយសេចក្តីរីករាយចំពោះដំណើរទស្សនកិច្ចមកកាន់ព្រះរាជាណាចក្រកម្ពុជារបស់ឯកឧត្តម លី ឈូលវ៉ូ អភិបាលខេត្ត និងគណៈប្រតិភូនៃខេត្តឃ្យុងសាងបុកដូ ក្នុងឱកាសនេះ។ សម្តេចតេជោ បានមានប្រសាសន៍ថា ខេត្តឃ្យុងសាងបុកដូ និងខេត្តសៀមរាប បានសហការគ្នារៀបចំព្រឹត្តិការណ៍ពិព័រណ៍ អង្គរ-ឃ្យុងយូ ដែលគិតមកដល់ពេលនេះ គឺមានរយៈពេល១៨ឆ្នាំទៅហើយនោះ គឺជាការជំរុញឱ្យឃើញជាក់ស្តែងនូវលទ្ធផលជោគជ័យជាប្រវត្តិសាស្ត្រនៃការភ្ជាប់ទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការការទូតកម្ពុជា-កូរ៉េ នាពេលនោះ ដែលបន្តរីកចម្រើនយ៉ាងខ្លាំងមកដល់ទំនាក់ទំនងនៃភាពជាដៃគូយុទ្ធសាស្ត្រ និងការសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀងជាច្រើនទៀតនាពេលបច្ចុប្បន្ននេះ។
ឯកឧត្តមអភិបាលខេត្ត លី ឈូលវ៉ូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ដែលបាន ផ្តល់កិត្តិយសអនុញ្ញាតឱ្យឯកឧត្តម និងសហការី បានចូលជួបសម្តែងការគួរសម។ ឯកឧត្តម បានរំលឹកថា ឯកឧត្តម ធ្លាប់បានជួប សម្តេចតេជោ ជាញឹកញាប់ក្នុងបេសកកម្មរៀបចំព្រឹត្តិការណ៍ពិព័រណ៍ អង្គរ-ឃ្យុងយូ ឆ្នាំ២០០៦ ដែលពេលនោះ ឯកឧត្តម គឺជាអភិបាលរងខេត្តឃ្យុងសាងបុកដូ។ ឯកឧត្តម បានបន្តទៀតថា សម្តេចតេជោ គឺជាមេដឹកនាំ ប្រកបដោយភាពឈ្លាសវៃ និងប៉ិនប្រសប់ ដែលមានកេរ្ត៍ឈ្មោះល្បីល្បាញ នៅប្រទេសកូរ៉េ ហើយប្រជាជនកូរ៉េ ស្គាល់និងគោរពស្រឡាញ់ សម្តេចតេជោ គ្រប់ៗគ្នា។
ឯកឧត្តមអភិបាលខេត្ត បានជម្រាបសម្តេចតេជោថា ខេត្តឃ្យុងសាងប៊ុកដូ គឺជាខេត្តដែលធំជាងគេបង្អស់ នៅក្នុងប្រទេសកូរ៉េ និងមានសក្តានុពលខ្លាំងក្នុងវិស័យឧស្សាហកម្ម កសិកម្ម និងវប្បធម៌។ កន្លងមក ខេត្តឃ្យុងសាងប៊ុកដូ បានធ្វើកិច្ចសហប្រតិបត្តិការយ៉ាងសកម្មជាមួយប្រទេសកម្ពុជា តាមរយៈការបញ្ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពិនិត្យព្យាបាលប្រជាជនកម្ពុជា ដែលចាប់ផ្តើមឡើងតាំងពីឆ្នាំ២០១១ ដោយមានកិច្ចសហការល្អជាមួយឯកឧត្តម សួស យ៉ារ៉ា និងកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាល និងអនុវត្តនៅក្នុងប្រទេសកម្ពុជានូវកម្មវិធីចលនាភូមិថ្មី (Saemaul Undong) ដែលជាចលនាអភិវឌ្ឍន៍ជនបទដ៏ល្បីល្បាញរបស់អតីតប្រធានាធិបតី Park Chung Hee។ ខេត្តឃ្យុងសាងប៊ុកដូ ទើបតែចុះហត្ថលេខាចងសម្ព័ន្ធមេត្រីភាពជាមួយនឹងខេត្តកំពង់ធំ។
ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍បន្តថា នៅក្នុងដំណាក់កាលនៃសង្គ្រាមក្នុងប្រទេសកូរ៉េ មានប្រទេសជាច្រើន បានផ្តល់ជំនួយមកឱ្យកូរ៉េ ហើយក្នុងនោះមានជំនួយជាអង្ករ របស់ប្រទេសកម្ពុជាផងដែរ។ ក្នុងនាមជាខេត្ត ដែលចងសម្ព័ន្ធមេត្រីភាពជាមួយកម្ពុជា ឯកឧត្តម ត្រៀមលក្ខណៈដើម្បីជំរុញកិច្ចសហប្រតិបត្តការជាមួយកម្ពុជា ទាំងលើវិស័យឧស្សាហកម្ម កសិកម្ម វេជ្ជសាស្ត្រ វប្បធម៌ និងទេសចរណ៍។
ឯកឧត្តម បានបញ្ជាក់ជូន សម្តេចតេជោថា ក្នុងឆ្នាំ១៩៦១ GDP របស់ប្រជាជនកូរ៉េម្នាក់ត្រឹម ៦០ដុល្លារ តែប៉ុណ្ណោះ ប៉ុន្តែក្រោយពីការធ្វើបរិវត្តកម្មវិស័យកសិកម្ម ឧស្សាហូបនីយកម្ម និងកំណែទម្រង់វិស័យអប់រំ ដោយប្រើយុទ្ធសាស្ត្រ Saemaul Undong ក្រោមការដឹកនាំរបស់ប្រធានាធិបតី Park Chung Hee ធ្វើឱ្យប្រទេសកូរ៉េមានការអភិវឌ្ឍជឿនលឿនយ៉ាងឆាប់រហ័ស។ ក្នុងស្មារតីនេះ ឯកឧត្តម ជឿជាក់ថាការបន្តបើកសាកលវិទ្យាល័យ ដើម្បីបង្រៀនពីចលនាភូមិថ្មី និងឧស្សាហកម្មកែច្នៃនៅប្រទេសកម្ពុជា ដោយសហប្រតិបត្តិការជាមួយខេត្តឃ្យុងសាងប៊ុកដូ ក៏នឹងជួយជំរុញការអភិវឌ្ឍនៅកម្ពុជាដូចគ្នាទៅនឹងកូរ៉េផងដែរ។
ចំពោះវិស័យកសិកម្មវិញ ឯកឧត្តមអភិបាលខេត្ត បានជម្រាបជូនសម្តេចតេជោថា ទោះបីជាប្រទេសកូរ៉េមានការអភិវឌ្ឍដោយពឹងផ្អែកខ្លាំងលើវិស័យកសិ-ឧស្សាហកម្ម ប៉ុន្តែកូរ៉េនៅតែមានកង្វល់ចំពោះបញ្ហាអសន្តិសុខស្បៀង ដែលត្រូវគិតគូរជំរុញផលិតភាពកសិកម្ម និងការកែច្នៃ។ ក្នុងបញ្ហានេះ ឯកឧត្តម យល់ឃើញថា ប្រសិនបើកូរ៉េ និងកម្ពុជាជំរុញកិច្ចសហប្រតិបត្តិការផលិតកម្មកសិកម្ម និងកែច្នៃស្បៀង គឺជាកត្តាល្អប្រសើរផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។
នៅក្នុងវិស័យទេសចរណ៍ ឯកឧត្តម នឹងជំរុញកិច្ចសហប្រតិបត្តិការវប្បធម៌ និងទេសចរណ៍ដោយសារប្រទេសកូរ៉េ និងកម្ពុជា មានសក្តានុពលផ្នែកវប្បធម៌ និងបេតិកភណ្ឌពិភពលោកដូចគ្នា ដោយជំរុញការកសាងព្រលានយន្តហោះ និងភ្ជាប់ជើងហោះហើរមកកាន់តំបន់ទេសចរណ៍ក្នុងប្រទេសកម្ពុជាឱ្យកាន់តែច្រើន ដែលនឹងជួយបង្កើនចំនួនទេសចរអន្តរជាតិបន្ថែមទៀត។
ឯកឧត្តមអភិបាលខេត្ត ក៏បានជម្រាបជូនសម្តេច បន្ថែមទៀតផងដែរថា ឯកឧត្តមក៏នឹងត្រៀមខ្លួនសហការជាមួយកម្ពុជាក្នុងវិស័យឧស្សាហកម្មថាមពល ដូចជាថាមពលស្អាត ថាមពលអ៊ីដ្រូសែន និងថាមពលនុយក្លេអ៊ែខ្នាតតូចជាដើម ដែលវិស័យនេះកំពុងមានសន្ទុះល្អនៅក្នុងខេត្តឃ្យុងសាងប៊ុកដូនាពេលបច្ចុប្បន្ន។ ឯកឧត្តម នឹងពាំនាំនូវការសួរសុខទុក្ខរបស់សម្តេចតេជោជូន ឯកឧត្តមប្រធានាធិបតី Yoon Suk Yeol ដែលនឹងអញ្ជើញមកខេត្តឃ្យុងសាងប៊ុកដូ នៅដើមខែសីហាខាងមុខ។
ជាការឆ្លើយតប សម្តេចតេជោ បានថ្លែងអំណរគុណឯកឧត្តមអភិបាលខេត្តនិងក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ដែលបានចុះជួយពិនិត្យជំងឺដល់ប្រជាជនកម្ពុជា ចាប់តាំងពីឆ្នាំ២០១១កន្លងមក។ សម្តេច មានប្រសាសន៍ថា បញ្ហាសុខភាព និងសុខុមាលភាព របស់ប្រជាពលរដ្ឋគឺជារឿងសំខាន់ណាស់ ដែលសម្តេច តែងយកចិត្តទុយកដាក់ខ្ពស់ និងសំណូមពរដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តខេត្តឃ្យុងសាងប៊ុកដូ បន្តចុះជួយពិនិត្យជំងឺដល់ប្រជាជនកម្ពុជាបន្តទៀត ដោយផ្អែកលើតម្រូវការព្យាបាលរបស់ពួកគាត់ ដែលភាគច្រើន សម្តេច បានសង្កេតឃើញថា ជាជំងឺភ្នែក និងជំងឺមាត់ ធ្មេញ។
សម្តេចតេជោ បានបង្ហាញការគាំទ្រយ៉ាងខ្លាំង និងពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការអនុវត្តកម្មវិធីចលនាភូមិថ្មី Saemaul Undong របស់ប្រទេសកូរ៉េ ដែលកន្លងមក សម្តេចតេជោ បានចូលរួមសម្ពោធការអនុវត្តគម្រោងនៃកម្មវិធីនេះនៅខេត្តកំពង់ស្ពឺ ដែលទទួលបន្ទុកដោយក្រុមប្រឹក្សាអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ។ គម្រោងចលនាភូមិថ្មីរបស់កូរ៉េនេះ គឺស័ក្តិកសមសម្រាប់ប្រទេសកម្ពុជា ដោយសារនៅពេល សម្តេច ធ្វើទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េក្នុងឆ្នាំ ១៩៩៦ សម្តេច បានសង្កេតឃើញថា ស្ថានភាពកសិកម្មនៅកូរ៉េនឹងកម្ពុជា មានការជីកប្រឡាយ និងបូមទឹកដូចគ្នា។ សម្តេចតេជោ គាំទ្រការធ្វើបរិវត្តវិស័យកសិកម្ម និងឧស្សាហូបនីយកម្ម ដើម្បីធ្វើឱ្យកំណើននៃវិស័យឧស្សាហកម្ម និងសេវាកម្មកើនឡើង ហើយចំណែកវិស័យកសិកម្មធ្លាក់ចុះ ដែលជាសូចនាករបង្ហាញពីការរីកចម្រើនទាំងសេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋ។ សម្តេចតេជោ បានលើកឡើងថាកម្ពុជា និង កូរ៉េ មានមេរៀនដែលត្រូវរៀនពីគ្នា ដោយសារកូរ៉េធ្លាប់ជួបការលំបាក និងមានស្ថានភាពដូចកម្ពុជា ជាពិសេស នៅសម័យក្រោយសង្គ្រាមកូរ៉េ។ ជាកំណត់ត្រាប្រវតិ្តសាស្ត្រ សម្តេច ក៏អរគុណដល់រដ្ឋាភិបាលកូរ៉េ ដែល នៅក្នុងអំឡុងពេលវិបត្តិកូវីដ១៩ មិនបានបិទជើងហោះហើរមកកម្ពុជានោះទេ នៅពេលដែលប្រទេសដទៃបានបិទជើងហោះហើរអស់។ សម្ដេចចាត់ទុកថា ការមិនបិទជើងហោះហើរនេះ គឺជាជំនួយដ៏ធំធេងមួយរបស់កូរ៉េមកកាន់កម្ពុជា ដោយសារជាច្រកតែមួយគត់សម្រាប់កម្ពុជាមានដង្ហើមដកក្នុងពេលលំបាក ស្របនឹងទិសស្លោកខ្មែរ “ស្រឡាញ់គ្នាពេលក្រីក្រ មានមិត្តល្អពេលលំបាក”។
សម្តេចតេជោ បានស្នើទៅកាន់ឯកឧត្តមអភិបាលខេត្ត ជួយជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យឧស្សាហកម្មតាមរយៈ កៀរគរវិនិយោគិនមកបង្កើតរោងចក្រកែច្នៃផលិតផលកសិកម្ម រោងចក្រផលិតគ្រឿងអេឡិចត្រូនិក និងរោងចក្រផលិតគ្រឿងចក្រ នៅក្នុងប្រទេសកម្ពុជាឱ្យបានច្រើន។ សម្តេច មានប្រសាសន៍បន្តថា កម្ពុជា មានវត្ថុធាតុដើមច្រើន និងសុទ្ធតែមានគុណភាពខ្ពស់ ប៉ុន្តែខ្វះរោងចក្រកែច្នៃ ដែលសម្តេច យល់ឃើញថា វិនិយោគិនកូរ៉េ គួរបង្កើតរោងចក្រកែច្នៃនៅកម្ពុជា រួចនាំចេញទៅទីផ្សារកូរ៉េ និងទីផ្សារពិភពលោក។ សម្តេច ក៏បានសំណូមពរទៅឯកឧត្តមអភិបាលខេត្ត ជួយផ្សព្វផ្សាយពីវប្បធម៌ និងតំបន់ទេសចរណ៍កម្ពុជាទៅប្រជាជនកូរ៉េ ដើម្បីទេសចរកូរ៉េបានមកទស្សនាប្រទេសកម្ពុជាកាន់តែច្រើន។
សម្តេចតេជោ បានជម្រាបទៅឯកឧត្តមអភិបាលខេត្តថា ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ប្រទេសកូរ៉េ នៅខែកញ្ញា នាពេលខាងមុខ ដើម្បីចូលរួមក្នុង “វេទិកាចំណេះដឹងពិភពលោក” សម្តេច ក៏នឹងត្រូវទៅទទួល “សញ្ញាបត្របណ្ឌិតកិត្តិយសនៃភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព” ពីសាកលវិទ្យាល័យ Dongguk Wise នៅខេត្តឃ្យុងសាងបុកដូផងដែរ។ សម្តេចតេជោ មានប្រសាសន៍ថា ក្រៅពីជំនួបជាមួយថ្នាក់ដឹកនាំកំពូលនៃសាធារណរដ្ឋកូរ៉េ សម្តេចក៏នឹងជួបពិភាក្សាជាមួយ មិត្តចាស់របស់សម្តេចមួយចំនួននៅទីនោះ ដោយសម្តេចបញ្ជាក់ថា ការរីកចម្រើននៃទំនាក់ទំនងទ្វេភាគីរបស់ប្រទេសនីមួយៗ មិនពឹងផ្អែកតែលើទំនាក់ទំនងរវាងប្រទេសនិងប្រទេសនោះទេ ប៉ុន្តែវាអាស្រ័យលើទំនាក់ទំនងរវាងបុគ្គល និងបុគ្គលជាមេដឹកនាំនៃប្រទេសនោះផងដែរ។
មុននឹងបញ្ចប់ ឯកឧត្តមអភិបាលខេត្ត បានថ្លែងកោតសរសើរពីការចងចាំដ៏ច្បាស់លាស់ និងអារម្មណ៍ល្អរីករាយរបស់សម្តេចតេជោ ដែលបង្ហាញថាសម្តេចតេជោ មានសុខភាពរឹងមាំណាស់ ប្រាកដជាមានអាយុយឺនយូរជាទីបំផុត។ ឯកឧត្តម ពិតជារីករាយ នឹងត្រៀមរៀបចំស្វាគមន៍ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ទៅកាន់ខេត្តឃ្យុងសាងបុកដូ នាពេលខាងមុខឱ្យបានល្អប្រសើរជាទីបំផុត។
ជាទីបញ្ចប់ សម្តេចតេជោ ប្រធានព្រឹទ្ធសភា សូមអរគុណឯកឧត្តមអភិបាលខេត្តចំពោះការពាំនាំការសួរសុខទុក្ខរបស់សម្តេច ជូនឯកឧត្តម ប្រធានាធិបតី Yoon Suk Yeol និងសូមអរគុណ ប្រធានាធិបតី ដែលបានទទួលជួបនាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា និងបន្តជំរុញកិច្ចសហប្រតិបត្តិការដែលមានស្រាប់។ សម្តេច បានជូនពរឯកឧត្តមអភិបាលខេត្តឃ្យុងសាងប៊ុកដូ និង គណៈប្រតិភូ បន្តមានសុខភាពរឹងមាំ និងទទួលបានជោគជ័យបន្ថែមទៀត ក្នុងបេសកកម្មការងារជូនដល់ខេត្តឃ្យុងសាងបុកដូ៕