(ភ្នំពេញ)៖ ឧទ្ធម្ភាចក្រយោធា Z9 ដែលបាត់ដំណឹងនៅតំបន់ជួរភ្នំក្រវាញកាលពីថ្ងៃទី ១២ កក្កដាកន្លទៅ នៅរសៀល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ ត្រូវបានកម្លាំងចម្រុះ ប្រទះឃើញហើយ បន្ទាប់ពីបើកប្រតិបត្តិការអស់រយៈពេល ១៧ ថ្ងៃ ។ ចំណែកយោធាទាំង ២ នាក់ ដែលបានបាត់ខ្លួនជាមួយឧទ្ធម្ភាគចក្រ គឺនៅមិនទាន់មានតម្រុយនៅឡើយទេ ។
បើតាមអ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ បញ្ជាក់ប្រាប់អ្នកសារព័ត៌មាន អោយដឹងថា ឧទ្ធម្ភាចក្រនេះ ត្រូវបានប្រទះឃើញនៅចំណុចលើខ្នងភ្នំយ៉ាវយ៉ៃ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
សូមបញ្ជាក់ថា ឧទ្ធម្ភាគចក្រយោធា Z9 បានបាត់ដំណឹងកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ខណៈពេលកំពុងហ្វឹកហ្វឺន នៅតំបន់ជួរភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ដោយមានការយកចិត្តទុកដាក់ពីសំណាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ថ្នាក់ដឹកនាំ ក្រសួងការពារជាតិ អគ្គបញ្ជាការ និងកងទ័ពជើងគោក កងកម្លាំងចម្រុះ បានរុករកឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទង ជាប់ជានិច្ច ចាប់តាំងពីថ្ងៃទី១៣ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ។ គិតមកដល់ថ្ងៃនេះ មានរយៈពេល ១៧ ថ្ងៃហើយ ៕