ព័ត៌មានជាតិ

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា សំណេះសំណាល​និង​ផ្ដល់​ថវិកា​ជូន​កម្លាំង​រដ្ឋបាលខេត្ត​ពោធិ៍សាត់ ដែល​ចូលរួម​ក្នុង​ប្រតិបត្តិការ​រុករក​ឧទ្ធម្ភាគចក្រ​

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ នា​ព្រឹក​ថ្ងៃទី​២ ខែ​សីហា ឆ្នាំ​២០២៤ បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល និង​លើកទឹកចិត្ត​ដល់​រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ ដែល​បាន​ដឹកនាំ​កងកម្លាំង​ចំណុះ​គណៈបញ្ជាការ​ឯកភាព ចូលរួម​ក្នុង​ប្រតិបត្តិ​ការរុករក​ឧទ្ធម្ភាគចក្រ ដែល​បាត់​ដំណឹង​ជាមួយ​អាកាសយានិក ២​រូប កាលពី​ថ្ងៃ​ទី​១២ ខែកក្កដា និង​ត្រូវបាន​រកឃើញ នា​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២៤ ក្នុង​ភូមិសាស្ត្រ​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់​។​

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ របស់​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ថ្លែង​កោតសរសើរ​ប្រកបដោយ​ក្ដី​ស្ញប់ស្ញែង​ខ្ពស់​ចំពោះ​កម្លាំង​ប្រតិបត្តិការ​ទាំងមូល និយាយ​ជា​រួម និង​ដោយឡែក​កម្លាំងចម្រុះ​នៃ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខត្តពោធិ៍សាត់ ដឹកនាំ​ដោយ​ឯកឧត្តម ខូ​យ រី​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត ដែល​ជម្នះ​ឧបសគ្គ​ចូលរួម​ក្នុង​កិច្ចប្រតិបត្តិការ​យ៉ាងសកម្ម តាំងពី​ដំបូង រហូត​ដល់​ការបិទ​បញ្ចប់​។​

​ក្នុង​នាម​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ស៊ីវិល នគរបាលជាតិ និង​មន្ត្រី​ពន្ធនាគារ នៃ​ក្រសួង​មហាផ្ទៃ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ក៏​បាន​ថ្លែង​ចូលរួម​រំលែក​មរណទុក្ខ​ដ៏​ក្រៀមក្រម​ជាមួយ​ក្រុម​គ្រួសារ​សព​លោក​វរសេនីយ៍ទោ ស៊ុន ផល្លា និង​លោក​អនុសេនីយ៍ឯក ខេង ឆៃ​យុទ្ធ ដែល​បាន​បាត់បង់​ស្វាមី កូន និង​ឪពុក ព្រមទាំង​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ថ្នាក់ដឹកនាំ​និង​មន្ត្រី​គ្រប់​ថ្នាក់​នៃ​កងយោធពល​ខេមរភូមិន្ទ ដែល​បាន​បាត់បង់​ធនធាន​មនុស្ស​ដ៏​ល្អ​ក្នុង​បញ្ជាការដ្ឋាន​កងទ័ព​ជើង​អាកាស​នៃ​ក្រសួង​ការពារជាតិ​។​

​សូមបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០២៤ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ បាន​ចាត់​នាយ​ឧត្តមសេនីយ៍ ជា សុគន្ធា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ នាំយក​អំណោយ ទៅ​ប្រគល់ជូន​ឯកឧត្តម ខូ​យ រី​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ ដើម្បី​គាំទ្រ​ដល់​បេសកកម្ម​រុករក​ឧទ្ធម្ភាគចក្រ រួមមាន អង្ករ ៧​តោន ត្រីខកំប៉ុង ៤០​កេស​ធំ មី ៣៥​កេស​ធំ អាវ​ភ្លៀង ១០០​កំប្លេរ និង​តង់​ធំ ១ គិត​ជា​ទឹកប្រាក់​សរុប ៤០​លាន​រៀល​៕

Leave a Reply

Your email address will not be published.