ភ្នំពេញ ៖ រសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីបិទការប្រកួតបាល់ទះអន្តរជាតិ ពានរង្វាន់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឆ្នាំ២០២៤ (SAMDECH MOHA BORVOR THIPADEI – 2024 SEA V LEAGUE CHALLENGE) នៅទីលានបាល់ទះនៃពហុកីឡដ្ឋានជាតិ (ស្តាតអូឡាំពិក) រាជធានីភ្នំពេញ។
ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់ឯកអគ្គរដ្ឋទូតប្រទេសឡាវ ប្រទេសម៉ាឡេស៊ី ប្រទេសសឹង្ហបុរី អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាអគ្គនាយក ក្រុមហ៊ុនខ្មែរប៊ែវឺរីជីស និងលោកជំទាវ គឹម ចាន់ណា ថ្នាក់ដឹកនាំ ថ្នាក់អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន ស្នងការរាជធានី-ខេត្ត ចំណុះក្រសួងមហាផ្ទៃ តំណាងអភិបាលរាជធានីភ្នំពេញ ព្រមទាំង អគ្គលេខាធិការ អគ្គលេខាធិការរង សមាជិក-សមាជិកា គណៈកម្មាធិការប្រតិបត្តិសហព័ទ្ធកីឡាបាល់ទះកម្ពុជា មន្ត្រីអាជ្ញាកណ្ដាលជាតិ អន្តរជាតិ ប្រតិភូ កីឡាករប្រទេសកម្ពុជា ឡាវ ម៉ាឡេស៊ី និងប្រទេសសិង្ហបុរី។
ជាលទ្ធផល ក្រុមកីឡាបាល់ទះប្រទេសកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ ១ ក្រោយយកឈ្នះក្រុមកីឡាបាល់ទះប្រទេសម៉ាឡេស៊ី ៣-០ ក្នុងការដណ្ដើមប្រាក់រង្វាន់ សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត SAMDECH MOHA BORVOR THIPADEI -2024 ។
ការប្រកួតដណ្តើមប្រាក់រង្វាន់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត សម្រាប់ក្រុមដែលជាម្ចាស់ជើងឯក នឹងទទួលបានប្រាក់រង្វាន់ ១០០លានរៀល លេខ២ នឹងទទួលបាន ៣០លានរៀល លេខ៣ ទទួលបាន ២០លានរៀល និងលេខ៤ ទទួលបាន ១០លានរៀល ។
គួរបញ្ជាក់ថា ពិធីប្រកួតកីឡាបាល់ទះអន្តរជាតិដណ្តើមប្រាក់រង្វាន់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត SAMDECH MOHA BORVOR THIPADEI – 2024 SEA V LEAGUE CHALLENGE នៅពហុកីឡដ្ឋានជាតិ (ស្ដាតអូឡាំពិក) ប្រព្រឹត្តឡើងចាប់ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិ(ស្តាតឣូឡាំពិក) ។ ក្រុមបាល់ទះជម្រើសជាតិដែលចូលរួមប្រកួត មានចំនួន ៤ ប្រទេស គឺ កម្ពុជា សិង្ហបុរី ម៉ាឡេស៊ី និងឡាវ គឺត្រូវប្រកួតដណ្តើមប្រាក់រង្វាន់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ៕