ព័ត៌មានជាតិ

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ ក្រសួងមហាផ្ទៃ បំពេញ​ទស្សនកិច្ច​ការងារ នៅ​រដ្ឋធានី​ប៉េកាំង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​

​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៣​កើត ខែ​ភទ្របទ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​៥ ខែ​កញ្ញា ឆ្នាំ​២០២៤​នេះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ ក្រសួងមហាផ្ទៃ អញ្ជើញ​បំពេញ​ទស្សនកិច្ច​ការងារ នៅ​រដ្ឋធានី​ប៉េកាំង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

​តប​តាម​ការអញ្ជើញ​របស់ ឯកឧត្តម វ៉ាង ស៊ា​វ​ហុង សមាជិក​ក្រុមប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រី​ក្រសួង សន្តិសុខ​សាធារណៈ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ដោយ​ទទួលបាន​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់ របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ ក្រសួងមហាផ្ទៃ អញ្ជើញ​បំពេញ​ទស្សនកិច្ច​ការងារ នៅ​រដ្ឋធានី​ប៉េកាំង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ចាប់ពី​ថ្ងៃ​ទី​០៥-០៧ ខែ​កញ្ញា ឆ្នាំ​២០២៤ ។​

​ដំណើរ​ទស្សនកិច្ច​នេះ គឺជា​ការ​បន្ត​អនុវត្ត​យន្តការ​សហប្រតិបត្តិកា​រ​ទ្វេភាគី រវាង​ក្រសួង​មហាផ្ទៃ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយ​ក្រសួង​សន្តិសុខ​សាធារណៈ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដោយ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា អញ្ជើញ​ធ្វើ​ជា​សហប្រធាន​ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប និង​វាយតម្លៃ លទ្ធផល​កិច្ចសហប្រតិបត្តិការ​អនុវត្ត​ច្បាប់​ឆ្នាំ​២០២៣ រវាង​ក្រសួង​ទាំងពីរ ៕

Leave a Reply

Your email address will not be published.