ព័ត៌មានជាតិ

សម្តេច​មហា​បវ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ប្រគល់​វិញ្ញាបនបត្រ​សម្បទា​ខាង​វិជ្ជាជីវៈ​មេធាវី​ដល់​សិស្ស​មេធាវី និង ប្រគល់​វិញ្ញាបនបត្រ សុក្រឹតការ​វិជ្ជាជីវៈ​មេធាវី​ដល់​សិក្ខាកាម​មេធាវី សរុប​ចំនួន ១ ៦៦០ នាក់​

ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​០៥ ខែ​កញ្ញា ឆ្នាំ ២០២៤ សម្តេច​មហា​បវ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ​សម្បទា​ខាង​វិជ្ជាជីវៈ​មេធាវី​ដល់​សិស្ស​មេធាវី​ជំនាន់​ទី ១៥ ដល់​ជំនាន់​ទី ១៩ និង ប្រគល់​វិញ្ញាបនបត្រ សុក្រឹតការ​វិជ្ជាជីវៈ​មេធាវី​ដល់​សិក្ខាកាម​មេធាវី​វគ្គ​ទី​៣ ដល់​វគ្គ​ទី​១៦ សរុប​ចំនួន ១ ៦៦០ នាក់​។​

​វិជ្ជាជីវៈ​មេធាវី ជា​តួអង្គ​មួយ​យ៉ាង​សំខាន់​ក្នុង​ការចូលរួម​បម្រើ​វិស័យ​យុត្តិធម៌​។ បេសកកម្ម​របស់​មេធា​វី គឺ​ចូលរួម​ក្នុង​ការរៀបចំ​នីតិរដ្ឋ ពង្រឹង​យុត្តិធម៌​សង្គម និង​ការពារ​សិទ្ធិមនុស្ស​។ ទោះបីជា​វិជ្ជាជីវៈ​មេធាវី​ជា​វិជ្ជាជីវៈ សេរី និង​ឯករាជ្យ ប៉ុន្តែ​វិជ្ជាជីវៈ​នេះ ត្រូវ​ស្ថិត​ក្នុង​ក្របខ័ណ្ឌ​ច្បាប់ និង​វិធាន​វិជ្ជាជីវៈ​។ វិជ្ជាជីវៈ​មេធាវី​និយាយ​ដោយឡែក ជា​តួអង្គ​មួយ​យ៉ាង​សំខាន់​ក្នុង​ការចូលរួម លើកកម្ពស់​យុត្តិធម៌​សង្គម និង​ពង្រឹង​នីតិរដ្ឋ​តាមរយៈ​ការជួយ​ការពារ​ក្តី​ជូន​ជនក្រីក្រ និង​ជន​ងាយ​រងគ្រោះ​ដោយ​ឥត​គិត​កម្រៃ ការផ្តល់​ការពិគ្រោះ​យោបល់​ផ្នែក​ច្បាប់​ដល់​ជនក្រីក្រ កម្មករ​និយោជិត គ្រូ​បង្រៀន​ដោយ​ឥត​គិត​កម្រៃ និង​ការផ្សព្វផ្សាយ​ច្បាប់​ជា​មូលដ្ឋាន​ដល់​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ មន្ត្រីនគរបាល​យុត្តិធម៌​ថ្នាក់មូលដ្ឋាន ក្រុមប្រឹក្សាឃុំ សង្កាត់ ថ្នាក់ដឹកនាំ​ភូមិ និង​សាធារណជន​ទូទៅ​។​

​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧​នៃ​រដ្ឋសភា បាន កំណត់​យក​អាទិភាព​គន្លឹះ​ចំនួន ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និង​បច្ចេកវិទ្យា ពិសេស​បច្ចេកវិទ្យា​ឌីជីថល​។ ដូច្នេះ ការបណ្តុះបណ្តាល​វិជ្ជាជីវៈ ដល់​សិស្ស​មេធាវី និង​សិក្ខាកាម​មេធាវី ពិតជា​បាន​ឆ្លើយតប​ទៅនឹង​យុទ្ធសាស្ត្រ បញ្ច​កោណ​ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល ជា​ពិសេស​បាន​ឆ្លើយតប​ទៅ​នឹង​កម្ម​ភាព​ដែល​បាន​កំណត់​ក្នុង​មុំ​ទី​៤ អាទិភាព​ការងារ​ទី​១ “​លើកកម្ពស់​សមត្ថភាព​ធនធានមនុស្ស​ក្នុង​វិស័យ​យុត្តិធម៌ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ ប្រសិទ្ធភាព​បរិមាណ គុណភាព និង​ភាព​ឆាប់រហ័ស​នៃ​ការដោះស្រាយ​វិវាទ​ក្នុង និង​ក្រៅ​ប្រព័ន្ធតុលាការ​”៕

Leave a Reply

Your email address will not be published.