កំពង់ស្ពឺ÷ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្នាដៃក្នុង ការខិតខំប្រឹងប្រែង និងកិច្ចសហការល្អរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបាន ចូលរួមអនុវត្តតួនាទីភារកិច្ចប្រកបដោយស្មារតី ឆន្ទៈ មនសិការ និងការទទួលខុសត្រូវ ក្នុងការរួមចំណែកកសាង និងអភិវឌ្ឍន៍ខេត្តកំពង់ស្ពឺ។ លោក យឹម ណន ដែលត្រូវបាន រាជរដ្ឋាភិបាលផ្តល់ទំនុកចិត្តតែងតាំងជាប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តកំពង់ស្ពឺ ជំនួស លោក ឈៀង តុលា ដែលត្រូវចូលនិវត្តន៍ ឯកឧត្តមបណ្ឌិត សង្ឃឹម និងជឿជាក់ប្រកបដោយសុទិដ្ឋិនិយមតាមរយៈ ចំណេះដឹង សមត្ថភាព និងបទពិសោធន៍ របស់លោក យឹម ណន ដែលទើបប្រកាសចូលកាន់តំណែងថ្មីនេះ ពិតជាខិតខំបន្ត អនុវត្តតួនាទីភារកិច្ច សាមគ្គីភាពផ្ទៃក្នុង និងកិច្ចសហការល្អជាមួយមន្ត្រីក្រោមឱវាទ ពិសេសមន្ទីរ-អង្គភាពពាក់ព័ន្ធ សំដៅដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ស្ពឺ ឱ្យកាន់តែប្រសើរឡើងថែមទៀត។
ឆ្លៀតក្នុងឱកាសនេះឯកឧត្តម ឌិត ទីណា មានប្រសាសន៍ថា តំណែងប្រធាន មន្ទីរឥឡូវឋានៈស្មើនឹងប្រធាននាយកដ្ឋាន ពោល គឺតែងតាំងដោយ អនុក្រឹត្យខណៈ ដែលពីមុនតែងតាំងដោយប្រកាសប៉ុណ្ណោះ ។ ដូច្នេះដើម្បី ឆ្លើយតបទៅនឹងការជឿទុកចិត្តរបស់រាជរដ្ឋាភិបាល ប្រធានមន្ទីរទាំងអស់ត្រូវ បំពេញការងារឲ្យបានល្អប្រសើរទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានដាក់ចុះ។ មួយវិញទៀតត្រូវមានសាមគ្គីភាពផ្ទៃក្នុងឲ្យ បានល្អប្រសើរ ព្រោះថាសាមគ្គីភាពផ្ទៃក្នុងនេះ មានសារៈសំខាន់ណាស់ បើគ្មានសាមគ្គីភាផ្ទៃក្នុងទេ ការអនុវត្តការងារពិតជាមិនទទួលបានជោគជ័យនោះដែរ។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ក៏បានបញ្ជាក់បន្ថែមថា មន្ទីរគ្រប់រាជធានី-ខេត្ត គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួង និងរាជធានី-ខេត្ត ដូច្នេះក្រសួងត្រូវដើរតួនាទីជាឪ ចំណែករាជធានី-ខេត្តត្រូវដើរតួជាម៉ែ នូវរាល់សកម្មភាពការងាររបស់មន្ទីរ គឺដឹក នាំ បញ្ជាពីក្រសួង និងរាជធានី -ខេត្ត។ បើក្រសួង និងរាជធានី- ខេត្ត ដែលជាម៉ែ ជាឪ មិនស៊ីចង្វាក់គ្នា នោះការងាររបស់មន្ទីរក៏មានបញ្ហាទៅតាមនោះដែរ។ ដូច្នេះដើម្បីឱ្យការអនុវត្តការងារសម្រេចបានតាមគោលការណ៍ លុះត្រាណាថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិបានបន្ស៊ីការងារ និងដាក់ទិសដៅតែមួយឱ្យមន្ទីរក្រោមឱវាទអនុវត្ត។
ជាមួយគ្នានោះដែរឯកឧត្តម ឌិត ទីណា ក៏បានក្រើនរំឭក ដល់ប្រធានមន្ទីរកសិកម្មខេត្ត ដែលទើបប្រកាសចូលកាន់តំណែងថ្មី ត្រូវមានស្មារតីយកចិត្តទុកក្នុងការងារ មានទំនួលខុសត្រូវខ្ពស់ បង្ហាញចំណេះជំនាញទាក់ទងនឹងវិស័យកសិកម្ម និងឆ្លើយតបទៅតាមតម្រូវការរបស់ប្រជាជនមូលដ្ឋាន ដោយត្រូវធ្វើការតាមខ្សែបណ្តោយ ផ្តល់ផលប្រយោជន៍ដល់អង្គភាពនិងផ្តល់ផលចំនេញជាឧត្តមប្រយោជន៍ដល់ប្រជាកសិករ ជាពិសេសត្រូវមានសាមគ្គីភាព និងប្រសិទ្ធភាពការងារធានាឱ្យបាននូវសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន។ បន្ថែមពីនេះត្រូវស្វែងយល់ និងយកចិត្តទុកដាក់ កំណត់អាទិភាពឱ្យចំគោលដៅ និងអនុវត្តឱ្យមានប្រសិទ្ធ ភាព និងប្រសិទ្ធផលខ្ពស់ ត្រូវសហការឱ្យបានល្អជាមួយមន្ត្រីក៏ដូចជាអាជ្ញាធរដែនដីលើវិស័យកសិកម្មនេះ ពិសេសរក្សាឱ្យបាននូវសាមគ្គីភាពផ្ទៃក្នុង។
គួរបញ្ជាក់ផងដែរថា នាព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាពក្នុង ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ស្ពឺ មានការអញ្ជើញចូល ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើរ លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ អភិបាលក្រុង/ស្រុក មេឃុំ/ចៅសង្កាត់ សរុបប្រមាណជា ៤០០នាក់ ពិធីនេះដែរប្រារព្ធធ្វើនៅសាលប្រជុំ វ៉ី សំណាង អគាររដ្ឋបាលសាលាខេត្តកំពង់ស្ពឺផងដែរ៕