ព័ត៌មានជាតិ

សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​

នៅ​ព្រឹក​ថ្ងៃ​ចន្ទ ៥ រោច ខែ​ពិសាខ ឆ្នាំ​រោង ឆ​ស័ក ពុទ្ធ​សករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែ​ឧសភា ឆ្នាំ​២០២៤ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា នៅ​វិមាន​ព្រឹទ្ធសភា រាជធានី​ភ្នំពេញ ។​

​ជា​កិច្ច​ចាប់ផ្តើម សម្ដេច​តេជោ ហ៊ុន សែន បាន​សម្តែង​នូវ​ក្ដី​រីករាយ​ដែល​បាន​ជួប​ឯកឧត្តម ឯកអគ្គរដ្ឋទូត ប៉ុន្តែ​ក៏​មាន​អារម្មណ៍​សោកស្តាយ ដោយ ឯកឧត្តម ចប់​បេសកកម្ម និង​ត្រូវ​ចាកចេញ​ពី​កម្ពុជា ។ សម្តេច​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់ ឯកឧត្តម ឯកអគ្គរដ្ឋទូត ដែល​បាន​ចូល​រួមចំណែក​ពង្រឹង​និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ចិន ក្នុងពេល ឯកឧត្តម​កាន់​តំណែង​ជា​ឯកអគ្គរដ្ឋទូត​ប្រចាំ​នៅ​កម្ពុជា ជិត​៦ ឆ្នាំ ដែល​ជា​អំឡុង​ពេល​រវល់​ខ្លាំង និង​បាន​ធ្វើ​កិច្ចការ​រួមគ្នា​ជាច្រើន ប្រកបដោយ​ជោគជ័យ​ដ៏​ត្រចះត្រចង់ ជាពិសេស នៅក្នុង​ដំណាក់កាល​នៃ​ជំងឺ​កូវី​ដ ដែល​សម្តេច​បាន​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ឯកឧត្តម ក្នុង​ការខិតខំ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺឆ្លង​នេះ ។​

​ឯកឧត្តម Wang Wentian បាន​លើកឡើង​ថា ឯកឧត្តម ពិតជា​សោកស្តាយ​ដែល​ត្រូវ​មក​ជម្រាបលា សម្តេច និង​សូម​ថ្លែងអំណរគុណ​ដែល សម្តេច ឆ្លៀត​ពេល​ដ៏​មមាញឹក​ទទួល​ជួប​ឯកឧត្តម​នៅ​ថ្ងៃនេះ​។ ឯកឧត្តម​ក៏បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់ ឯកឧត្តម​ប្រធានាធិបតី ស៊ី ជីន​ពីង ឯកឧត្តម​នាយករដ្ឋមន្ត្រី លី ឈាង ជូន​សម្ដេច​តេជោ​។ ឯកឧត្តម ក៏​បាន​សម្ដែង​ការអបអរសាទរ ចំពោះ​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​នៃ​ការបោះឆ្នោត​បន្តបន្ទាប់រ​បស់​គណបក្ស​ប្រជាជន​កម្ពុជា ជាពិសេស ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា នា​ខែ​កុម្ភៈ​កន្លងមក ដែល​ជា​សក្ខីភាព​នៃ​ការទុកចិត្ត​របស់​ប្រជាជន​កម្ពុជា​ចំពោះ​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។

​ឯកឧត្តម បាន​សង្កត់​បញ្ជាក់ថា ចិន និង​កម្ពុជា គឺជា​មិត្ត​ប្រពៃណី និង​មិត្ត​ដែក​ថែប​។ ឯកឧត្តម មាន​កិត្តិយស​បំផុត ក្នុង​ជីវិត​របស់​ឯកឧត្តម ដែល​បាន​ធ្វើ​ជា ឯកអគ្គរដ្ឋទូត​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង ត្រូវបាន​ផ្តល់ឱកាស​ឱ្យ ចូលរួម​លើកកម្ពស់​ទំនាក់ទំនង​ចិន​-​កម្ពុជា និង​ចូលរួម​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​ជាច្រើន​នៅ​កម្ពុជា​។ ឯកឧត្តម​មាន​ការពេញចិត្ត​បំផុត​ដែល​បាន​ធ្វើការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់ សម្តេច​តេជោ ក្នុង​នីតិកាល​ទី​៦ និង​ក្រោម​ការដឹកនាំ​របស់​សម្តេច​ធិបតី ក្នុង​នីតិកាល​ទី​៧​នៃ​រដ្ឋសភា ដែល​បាន​នាំមក​នូវ​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច និង​សុខុមាលភាព​ជូន​ប្រជាជន​កម្ពុជា ។ ឯកឧត្តម បាន​អបអរ​សារ​កម្ពុជា ដែល​មាន​ការផ្ទេរអំណាច​ដោយ​រលូន​ដល់​ថ្នាក់ដឹកនាំ​ជំនាន់​ក្រោយ និង អបអរសាទរ​សម្តេច ដែល​បាន​ជាប់ឆ្នោត​ជា​ប្រធាន​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ឯកឧត្តម មាន​មោទកភាព​បំផុត ដែល​នៅ​ឆ្នាំ​២០១៩ ចិន និង​កម្ពុជា បាន​ចុះហត្ថលេខា មុនគេ​បង្អស់ លើ​អនុស្សរណ​យោគយល់​គ្នា ស្តីពី​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ​ក្នុង​ការកសាង​សហគមន៍​ជោគវាសនា​រួម​ចិន​-​កម្ពុជា ក្នុង​យុគសម័យ​ថ្មី​ប្រកបដោយ​គុណភាព​ខ្ពស់ កម្រិត​ខ្ពស់ និង​ស្តង់ដារ​ខ្ពស់ ។ ឯកឧត្តម ចាត់ទុក​ថា​ទំនង​ចិន​-​កម្ពុជា គឺជា​គម្រូ​នៃ​ទំនាក់ទំនង​អន្តរជាតិ​បែប​ថ្មី ។ ចិន​ចាត់ទុក​កម្ពុជា ជា​ប្រទេស​អាទិភាព ក៏​បាន​ប្តេជ្ញា​សហការ​ក្នុង​កិច្ចសហប្រតិបត្តិការ​ត្បូង​ពេជ្រ និង​ខិតខំ​ជំរុញ​ច្រករបៀង​មច្ឆា និង​អង្ករ ឧស្សាហកម្ម និង​បច្ចេកវិទ្យា ឱ្យមាន​ការរីកចម្រើន​ដើម្បី​ផលប្រយោជន៍​ទៅវិញទៅមក​។ ក្រោម​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ (BRI) ចិន និង​កម្ពុជា បាន​សហការ​ប្រែក្លាយ​ក្រុងព្រះសីហនុ ទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង និង​កសាង​ហេដ្ឋរចនាសម្ព័ន្ធ​ជាច្រើ​ន ជាពិសេស តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ ផ្លូវ​ល្បឿន​លឿន​រាជធានី​ភ្នំពេញ​-​ក្រុងព្រះសីហនុ និង​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប ពហុ​កីឡដ្ឋាន​មរ​ត​តេជោ … ។​ល​។ ជា​លទ្ធផល​នៃ​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA) ចិន​-​កម្ពុជា ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ​បាន​កើនឡើង​សន្ធឹកសន្ធាប់​។​

​ឯកឧត្តម ក៏​បាន​រំលឹក​ផងដែរ​អំពី​ភាពជោគជ័យ​របស់​កម្ពុ​ជា​ក្នុង​ការរៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប ជា​ប្រធាន​អាស៊ាន និង ការរៀបចំ​ការប្រកួត​កីឡា ស៊ី​ហ្គេម ដែល​បាន​លើកកម្ពស់​កម្ពុជា​នៅក្នុង​ឆាក​អន្តរជាតិ ព្រមទាំង ភាពជោគជ័យ​របស់​កម្ពុជា ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​១៩ ដោយ​មាន​ការចូលរួម​ចំណែក​របស់​ប្រទេស​និង​ប្រជាជន​ចិន​។ នេះ​គឺ​សក្ខីភាព​បញ្ជាក់​ពី​ការ​រួមសុខ​រួមទុក្ខ​របស់​ចិន ជាមួយ​កម្ពុជា​។ ឯកឧត្តម បាន​ថ្លែងអំណរគុណ​សម្តេច និង​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​រក្សា​ជំហរ​យុត្តិធម៌​ស្តី​ពី​សមុទ្រ​ចិន​ខាងត្បូង បញ្ហា​កោះ​តៃវ៉ាន់ និង​តំបន់​ស៊ី​ង​ជាំ​ង សំដៅ​ការពារ​ផលប្រយោជន៍​ចិន​-​កម្ពុជា និង​ផលប្រយោជន៍​អាស៊ាន​-​ចិន​។ ស្ថានការណ៍​ពិភពលោក​ប្រែប្រួល ទំនាក់ទំនង​ចិន​-​កម្ពុជា មិន​ប្រែប្រួល​ទេ ។ ឯកឧត្តម បាន​លើកឡើង​ថា ប្រជាជន​ចិន​នឹងមាន​ក្តីរំភើប​ទទួល​ទស្សនកិច្ច​របស់​សម្តេច តេ​ជោ នៅ​ប្រទេស​ចិន​នាពេលខាងមុខ ។

​ជា​ការឆ្លើយតប សម្ដេច​តេជោ បាន​អរគុណ​ចំពោះ ឯកឧត្តម Wang Wentian ដែល​បាន​ពាំនាំ​នូវ​ការផ្ដើម​ផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់ ឯកឧត្តម​ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង និង​ឯកឧត្តម​នាយករដ្ឋមន្ត្រី លី ឈាង​។ សម្តេច បាន​មានប្រសាសន៍ថា ការ​បែក​គ្នា គឺជា​ពេល​ដែល​ពិបាក ក៏ប៉ុន្តែ គឺជា​កាតព្វកិច្ច​ការទូត​ដែល​ចៀស​មិន​ផុត​។

​សម្ដេច​តេជោ បាន​គូសបញ្ជាក់ថា ទំនាក់ទំនង​កម្ពុជា​-​ចិន ដែល​ជា​ទំនាក់ទំនង​ប្រវត្តិសាស្ត្រ​យូរអង្វែង បាន​រីក​ចម្រើន​រហូត​ដល់​កម្រិ​តដែល​មិន​អាច​បំបែក​បាន​។ ទំនាក់ទំនង​នេះ ស័ក្តិសម​នឹង​គុណ​តម្លៃ​នៃ​ការជឿ​ទុកចិត្ត​គ្នា ជាពិសេស​ទំនុកចិត្ត​ខាង​នយោបាយ ។ ជំនួយ​របស់​ប្រទេស​ចិន ដល់​ប្រទេស​កម្ពុជា មិន​ត្រឹមតែ​ជួយ​អភិ​វ​ឌុ្ឍ​សង្គម​-​សេដ្ឋកិច្ច​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង ជួយ​ពង្រឹង​ឯករាជ្យ​ភាព​ខាង​នយោបាយ​របស់​កម្ពុជា​ទៀតផង​។ សម្ដេច បានបញ្ជាក់​សាជាថ្មី​ថា ទោះ​មាន​ការផ្លាស់ប្ដូរ​នាយក​រដ្ឋមន្ត្រី និង​គណៈរដ្ឋមន្ត្រី​នៅ​កម្ពុជា​ក៏​ដោយ ក៏​ពុំ​មាន​ការផ្លាស់ប្ដូ​រគោល​ជំហរ​ក្នុង​ទំនាក់ទំនង​កម្ពុជា​ជាមួយ​ចិន​នោះ​ឡើយ និង ជូនពរ​មិត្តភាព កម្ពុជា​-​ចិន ស្ថិតស្ថេរ​ជា​អមតៈ ។

​ទាក់ទង​ទៅនឹង​កិច្ចសហប្រតិបត្តិការ​ទប់ស្កាត់​ជំងឺ​កូវី​ដ​១៩ សម្ដេច​តេជោ បាន​សម្ដែង​នូវ​ការ​អរគុណ​ចំពោះ​មិត្ត​ចិន ដែល​ធ្វើឱ្យ​កម្ពុជា​អាច​ទប់ទល់​នឹង​ជំងឺ​នេះ​បាន​ប្រកបដោយ​ភាពជោគជ័យ​។ សម្ដេច​តេជោ ក៏​បាន​កោតសរសើរ ឯកឧត្តម ឯកអគ្គរដ្ឋទូត ដែល​បាន​ជួយ​ដល់​កម្ពុជា ក្នុង​ការប្រយុទ្ធ​ប្រឆាំង​កូវី​ដ​១៩ កន្លងទៅនេះ​។

​ជា​ចុងក្រោយ សម្ដេច​តេជោ​ប្រធានព្រឹទ្ធសភា បាន​សុំ​ឱ្យ ឯកឧត្តម​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្ដេច ទៅកាន់ ឯកឧត្តម​ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង ឯកឧត្តម​នាយករដ្ឋមន្ត្រី លី ឈាង និង​ថ្នាក់ដឹកនាំ​ចិន​ដទៃទៀត និង​សូម​ជូនពរ ឯកឧត្តម​ឱ្យ​មាន​សុខភាព​ល្អ បន្ត​នូវ​ភាពជោគជ័យ​ជា​បន្តបន្ទាប់​ទៀត និង​សង្ឃឹមថា ឯកឧត្តម​នឹង​ត្រឡប់​មក​ប្រទេស​កម្ពុជា និង​មាន​វត្តមាន​នៅ​កម្ពុជា នាពេលខាងមុខ ៕

Leave a Reply

Your email address will not be published.