ព័ត៌មានជាតិ

សម្តេច​តេជោ​រំលឹកសារ​ចំនួន​៣ ក្រោយ​មេដឹកនាំ​ខ្មែរក្រហម​ទទួលទាន​អាហារ​នៅផ្ទះ​សម្តេច​កាលពី​២៦​ឆ្នាំមុន​

(​ភ្នំពេញ​) ៖ សម្តេច​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី និង​ជា​បិតា​ស្ថាបនិក​សន្តិភាព​កម្ពុជា បាន​រំលឹក​សារ​ដ៏​សំខាន់​ចំនួន​៣ ចំណុច​ទៅកាន់​ប្រជា​ពលរដ្ឋ​ខ្មែរ និង​បរទេស ក្រោយ​ក្រុម​មេដឹកនាំ​ខ្មែរក្រហម​បានសម្រេច​បង្រួបបង្រួម​ជាមួយ​រាជរដ្ឋាភិបាល ហើយ​បាន​ចូលរួម​ទទួល​ទាន​អាហារ​នៅផ្ទះ​សម្តេច​នៅ​ក្រុង​តាខ្មៅ​កាលពី​២៦​ឆ្នាំមុន ពោល​គឺ​ឆ្នាំ​១៩៩៨​។​

​សំណេរ តាម​ហ្វេ​ស​បុក និង​តេ​លេក្រា​ម ព្រឹក​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០២៤​នេះ ចំ​នឹង​ថ្ងៃ​អបអរសាទរ​ខួប​២៦​ឆ្នាំ នៃ​ការបញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា និង​ខួប ១​ឆ្នាំ​នៃ​«​ទិវា​សន្តិភាព​នៅ​កម្ពុជា​» សម្តេច​តេជោ ហ៊ុន សែន បានបញ្ជាក់​ថា​« ២៦​ឆ្នាំមុន ថ្ងៃនេះ ២៩​ធ្នូ ១៩៩៨ មេដឹកនាំ​ខ្មែរក្រហម​រួម​មាន​ខៀវ សំផន​, នួន ជា​, អៀង សារី និង​សមាជិក​គណៈរដ្ឋមន្ត្រី​ផ្សេងទៀត បាន​មក​ទទួល​ទាន​អាហារ​នៅផ្ទះ​ខ្ញុំ​ដែល​ជា​ដំណាក់កាល​បញ្ចប់សង្គ្រាម​ទាំងស្រុង​នាំមក​នូវ​ការបង្រួបបង្រួម​ជាតិ ឯកភាព​ទឹកដី​ជា​លើកដំបូង ក្នុង​ប្រវត្តិសាស្ត្រ​រាប់រយ​ឆ្នាំ​របស់​កម្ពុជា​។​
​សម្តេច​តេជោ អតីត​នាយករដ្ឋមន្ត្រី បាន​បន្ថែមទៀតថា​« ខ្ញុំ​សម្រេច​ទទួល ខៀវ សំផន​, នួន ជា និង​មេដឹកនាំ​ខ្មែរក្រហម​ផ្សេងទៀត​នៅផ្ទះ​របស់​ខ្ញុំ​នៅ​តាខ្មៅ​ដោយ​ចង់​ផ្ញើ​សារ​៣ ចេញ​ទៅ​កាន់​៖
១.​ផ្ញើ​សារ​ទៅកាន់​កងកម្លាំងប្រដាប់អាវុធ​ខ្មែរក្រហម​ដែល​នៅ​សេសសល់ សូម​បញ្ឈប់​ការប្រយុទ្ធ ព្រោះ​មេដឹកនាំ របស់​ពួកគេ​បាន​មក​ចុះ​ចូល​ដល់​ផ្ទះ​នាយករដ្ឋមន្ត្រី​ហើយ​។​
២.​ផ្ញើ​សារ​ទៅកាន់​ប្រជាជន​កម្ពុជា​ថា សង្គ្រាម​បាន​បញ្ចប់​ទាំងស្រុង​ហើយ​។​
៣.​ផ្ញើ​សារ​ទៅកាន់​សហគមន៍​អន្តរជាតិ សូម​មក​វិនិយោគ​និង​មក​ទេសចរណ៍​នៅ​កម្ពុជា ព្រោះ​កម្ពុជា​មាន​សន្តិភាព​ពេញលេញ​ហើយ​។​
​នេះ​ជា​សារ​ចុងក្រោយ​នៃ​ការអនុវត្ត​នយោបាយ​ឈ្នះ ឈ្នះ​»(​ផ្កា​រីក​គ្រប់​រដូវ​ក្រោម​ម្លប់​សន្តិភាព​)»៕

Leave a Reply

Your email address will not be published.