កំពង់ស្ពឺ÷ ថ្ងៃអង្គារ ៩កើត ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ នៅរង្វង់មូលវិមានឯករាជ្យ រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍ជ័យជម្នះលើកទី ៤៦ (៧ មករា ១៩៧៩-២០២៥) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអានសន្ទរកថារបស់សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជូនដល់បងប្អូនជាមន្ត្រីរាជការ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ប្រមាណជាង ៤៥០០ នាក់។
ជំនួសមុខឱ្យសមាជិក សមាជិកា នៃអង្គមិទ្ទិញទាំងមូល លោកស្រី វិឆដា មានប្រសាសន៍ថា÷ ក្រោយពីបានស្តាប់ដោយយកចិត្តទុកដាក់នូវសុន្ទរកថា ដែលមានអត្ថន័យដ៏ជ្រាលជ្រៅបំផុតរបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ប្រធានគណបក្សប្រជា ជនកម្ពុជា ដែលអានដោយឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺរួចមក ខ្ញុំព្រះករុណា ខ្ញុំសូមគោរពអនុញ្ញាតធ្វើ ចំណាប់ អារម្មណ៍ដូចតទៅ៖
ខ្ញុំព្រះករុណា ខ្ញុំបានចងចាំជានិច្ច និងយល់ដឹងកាន់តែច្បាស់ថែមទៀតអំពីប្រវត្តិ និងអត្ថន័យដ៏ថ្លៃថ្លា បំផុតនៃជ័យជម្នះ៧មករា គឺជាថ្ងៃរស់រានមានជីវិតឡើងវិញរបស់ប្រជាជាតិ និងប្រជាជនកម្ពុជា ហើយក៏មិនអាច បំភ្លេចបានឡើយនូវបុព្វការីជនដែលបានបូជាសាច់ស្រស់ ឈាមស្រស់ ក្នុងចលនា ” រណសិរ្សសាមគ្គីសង្គ្រោះជាតិ កម្ពុជា ” ដែលបានបង្កើតឡើងនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ដែលជាអង្គការចាត់តាំងនយោបាយតែមួយគត់របស់ ប្រជាជនកម្ពុជា ដោយបានប្រមូលផ្តុំកម្លាំង អ្នកស្នេហាជាតិ តស៊ូប្រយុទ្ធប្តូរផ្តាច់ និងបានផ្តួលរំលំរបបប្រល័យពូជ សាសន៍ ប៉ុល ពត ដ៏សាហាវឃោរឃៅ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ និងបានបើកនូវស័ករាជថ្មី គឺ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។
យើងខ្ញុំទាំងអស់គ្នាបានយល់ដឹងកាន់តែស៊ីជម្រៅថែមទៀតថាក្នុងរយៈពេល៤៦ឆ្នាំកន្លងទៅនេះ មាតុភូមិកម្ពុជាយើងបានឆ្លងកាត់នូវឧបសគ្គ និងការលំបាករាប់ម៉ឺនសែនជំពូក ដោយចាប់ផ្តើមស្តារកសាង ប្រទេសពីបាតដៃទទេ ពីលើគំនរផេះផង់នៃភ្លើងសង្គ្រាម និងការបំផ្លិចបំផ្លាញដល់ឬសគល់ក្នុងរបបប្រល័យពូជ សាសន៍ ប៉ុល ពត និងបានទប់ស្កាត់ការប៉ុនប៉ងការវិលត្រឡប់នៃរបបដ៏សាហាវឃោរឃៅនេះ ការពារការរស់ឡើងវិញរបស់ប្រជាជាតិ ព្រមទាំងខិតខំស្វះស្វែងរកសុខសន្តិភាព ក្រោមគោលនយោបាយឈ្នះឈ្នះ ធ្វើឱ្យសង្គមជាតិ ទាំងមូលទទួលបានសុខសន្តិភាពពេញលេញ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ។
ក្រៅពីការខិតខំស្ដារស្ថានភាពសេដ្ឋកិច្ច-សង្គម ពីវិបត្តិដ៏ធ្ងន់ធ្ងរខាងលើនេះ យើងសម្រេចបានជោគជ័យយ៉ាងត្រចះត្រចង់បំផុត ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ប្រកបដោយសេរី ត្រឹមត្រូវ និងយុទ្ធត្តិធម៌ និងបានផ្តល់លទ្ធភាពពេញលេញក្នុងការប្រគល់ភារកិច្ច ដឹកនាំជូនអ្នកបន្តវេនវ័យក្មេងដ៏មានសក្តានុពល ដោយចាប់ផ្តើមពីនីតិកាលទី៧នៃរដ្ឋសភាប្រកបដោយសុទិដ្ឋិនិយម និងសុភវិនិច្ឆ័យ ដែលមានសម្តេចមហាវបធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ។ រយៈពេលជាង១ឆ្នាំ ក្រោយ ការបង្កើតរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានឆ្លុះបញ្ចាំងឱ្យឃើញពីសក្តានុពលនៃការដឹកនាំ ដោយយុវជនបន្តវេន ដែលកំពុងបន្តដឹកនាំប្រទេសឆ្ពោះទៅមុខក្នុងភាពស្វាហាប់ ដើម្បីសម្រេចនូវចក្ខុវិស័យរបស់ គណបក្ស ក្នុងការការពារ និងការអភិវឌ្ឍន៍សង្គមជាតិ ។
សមិទ្ធផលលេចធ្លោជាប្រវត្តិសាស្ត្រ ដែលពុំធ្លាប់មានពី មុនមក គឺការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ហើយថ្មីៗនេះទៀត នៅក្នុងមហាសន្និបាតនៃសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយ អាស៊ី ICAPP លើកទី១២ ស្តីពី – ការស្វែងរកសន្តិភាព និងការផ្សះផ្សា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ អង្គសន្និបាតបានវាយតម្លៃខ្ពស់ពីកម្ពុជា ថាបាន ផ្តល់នូវបទពិសោធន៍ដល់ពិភពលោក ពិសេសក្នុងការកសាងសន្តិភាព និងការផ្សះផ្សា ជាគំរូក្នុងការចូលរួម ចំណែកក្នុងការដោះស្រាយជម្លោះទូទាំងពិភពលោក ។ ដោយឡែកសម័យប្រជុំពេញអង្គរបស់សភាអន្តរជាតិ សម្រាប់ការអត់ឱន និងសន្តិភាព (IPTP) ដែលរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ធ្វើជាប្រធាន ក្រោមប្រធាន បទ – ការស្វែងរកសន្តិភាព ការផ្សះផ្សា និងការអត់ឱន គណៈកម្មការ IPTP និងGTCTP បានគោរពប្រគល់ជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នូវ មេដាយ សន្តិភាពសម្រាប់មនុស្សជាតិ និងភពផែនដី – ជាពានរង្វាន់សន្តិភាពឈានមុខគេ ដែលពុំធ្លាប់មានពីមុន មក ។
ប្រធាន IPTP បានប្រកាសពីការទទួលស្គាល់ភាពជាអ្នកដឹកនាំឆ្នើម និងការលះបង់ពេញមួយជីវិតរបស់ សម្តេចតេជោ ដើម្បីសន្តិភាព ការផ្សះផ្សាស្ថិរភាព វឌ្ឍនភាពសង្គម និងវិបុលភាព តាមរយៈនយោបាយឈ្នះ ឈ្នះដ៏ជោគជ័យ ដែលក្លាយជាគំរូដ៏ប្រពៃសម្រាប់ការកសាងសន្តិភាព និងការដោះស្រាយជម្លោះផ្ទៃក្នុង។
ជោគជ័យ និងការសប្បាយរីករាយរបស់យើងខ្ញុំទាំងអស់នៅថ្ងៃនេះ គឺផ្តើមចេញពីស្មារតី៧មករា”បើ គ្មានជ័យជម្នះ៧មករា យើងពិតជាមិនអាចមានអ្វីៗ ដូចថ្ងៃនេះឡើយ” នេះជាសច្ចៈធម៌ជា ប្រវត្តិសាស្ត្រ ។ ស្មារតី៧មករា ចារិកជាប់ក្នុងមនសិការរបស់យើងខ្ញុំទាំងអស់គ្នា ក៏ដូចជាប្រជាជនកម្ពុជាគ្រប់រូប និងប្រែក្លាយទៅជាកម្លាំងមហាសាមគ្គីជាតិ ដើម្បីកសាង និងការពារមាតុភូមិកម្ពុជា ព្រមទាំងមានតម្លៃដ៏ធំធេងជា អមតៈ សម្រាប់ប្រជាជនកម្ពុជា ។
* អរគុណសន្តិភាព អរគុណគោលនយោបាយឈ្នះឈ្នះ ដឹងគុណស្ថាបនិកមគ្គុទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលនាំមកសន្តិភាព និងឯកភាពជាតិពេញលេញ ” ។
ដើម្បីឆ្លើយតបនូវសមិទ្ធផលមិនអាចកាត់ថ្លៃបានខាងលើនេះ យើងខ្ញុំសូមធ្វើការប្តេជ្ញាចិត្ត ដូចតទៅ៖ ១-ប្តេជ្ញា ! លើកកម្ពស់ស្មារតីស្នេហាជាតិ ពង្រឹងសាមគ្គី ឯកភាពជាតិ ដើម្បីការពារដាច់ខាត នូវសុខ សន្តិភាពជាតិ អធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងលុបបំបាត់នយោបាយជ្រុលនិយមគ្រប់រូបភាពឱ្យអស់ពីកម្ពុជា ។
២-ប្តេជ្ញា ! ជំរុញការកែទម្រង់តាមអភិក្រម ” ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់ “។
៣-ប្តេជ្ញា | ជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ឱ្យបានសម្រេចជោគជ័យ ជយោ ! ស្មារតី៧មករា ស្ថិតក្នុងបេះដូងយុវជនខ្មែរគ្រប់រូបជាអមតៈផងដែរ៕