ព័ត៌មានជាតិ

កម្មវិធី ពិនិត្យ​ព្យាបាល និង​វះកាត់​ដោយ​ឥតគិតថ្លៃ​ជូន​ដល់​កុមារ​ដែល​មាន​បញ្ហា​មិន​ប្រក្រតី​ពី​កំណើត ដោយ​ក្រុម​គ្រូពេទ្យ​ឯកទេស​នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ សហការ​ជាមួយ​សម្ព័ន្ធ​គ្រូពេទ្យ ស​.​ស​.​យ​.​ក​

​កំពង់ស្ពឺ​៖ ព្រឹក​ថ្ងៃ​ទី​២០ ខែ​កុម្ភ​: ឆ្នាំ​២០២៥ លោកជំទាវ​បណ្ឌិត ដាំ ដា​រី​នី អនុប្រធាន​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា តំណាង​ដ៍​ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ា​នី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ ប្រធាន​(​ស​.​ស​.​យ​.​ក​) ឯកឧត្តម ស្រ៊ុន​  ស្រ៊ន់ អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ អញ្ជើញ​ជា​អធិបតីភាព​ក្នុង​កម្មវិធី ពិនិត្យ​ព្យាបាល និង​វះកាត់​ដោយ​ឥតគិតថ្លៃ​ជូន​ដល់​កុមារ​ដែល​មាន​បញ្ហា​មិន​ប្រក្រតី​ពី​កំណើត ដោយ​ក្រុម​គ្រូពេទ្យ​ឯកទេស នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ សហការ​ជាមួយ​សម្ភ័ន្ធ​គ្រូពេទ្យ​(​ស​.​ស​.​យ​.​ក​) ព្រមទាំង​មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម លោកជំទាវ លោក លោកស្រី​ប្រធាន អនុប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត លោក លោកស្រី​វេជ្ជបណ្ឌិត ក្រុមគ្រូពេទ្យ និង​ក្មួយៗ​ជាច្រើនរូប​ទៀត ពិធី​នេះ​ប្រារព្ធ​ធ្វើ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​កំពង់ស្ពឺ​។​

​នា​ឳ​កាស​នោះ ឯកឧត្តម ស្រ៊ុន​  ស្រ៊ន់ អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ កោតសរសើរ​ដល់​មន្ទី​រ​ពេទ្យ​ខេត្ត​កំពង់ស្ពឺ បាន​សហការ​ជាមួយ​សម្ព័ន្ធ​គ្រូពេទ្យ​(​សស​យក​) និង​ក្រុម​គ្រូពេទ្យ​មន្ទីរពេទ្យ​កុមារ​ជាតិ រៀបចំ​កម្មវិធី​ពិនិត្យ​ព្យាបាល និង​វះកាត់​ជូន​ដល់​កុមារ ដែល​មាន​បញ្ហា​សរីរាង្គ មិន​ប្រក្រតី​ពី​កំណើត​ចំនួន ១២៣ នាក់ (​ដោយ​ឥតគិតថ្លៃ​)​។ កម្មវិធី​នេះ​ប្រព្រឹត្ត​ទៅ​រយៈពេល​៣​ថ្ងៃ មាន​គ្រូពេទ្យ​ចូលរួម ចំនួន ៧០ រូប ដែល​ក្នុងនោះ​មាន​ក្រុម​គ្រូពេទ្យ​មក​ពី​មន្ទីរពេទ្យ​កុមារ​ជាតិ ចំនួន ៣៥ រូប គ្រូពេទ្យ​របស់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់ស្ពឺ​ចំនួន ៣៥ រូប និង​មាន ក្រុមយុវជន ស​.​ស​. យ​.​ក វិស័យ​សុខាភិបាល​ខេត្ត​កំពង់ស្ពឺ ចំនួន ៣០ រូប ជួយ​ក្នុង​ការសម្របសម្រួល​ក្នុង​កម្មវិធី នេះ​ផង​ដែរ​។​

​មានប្រសាសន៍​ក្នុង​កម្មវិធី​នោះដែរ លោកជំទាវ​បណ្ឌិត ដាំ ដា​រី​នី អនុប្រធាន​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា ក៏​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ ជាពិសេស​មន្ទីរពេទ្យបង្អែក​ខេត្ត​កំពង់ស្ពឺ និង​ស​.​ស​.​យ​.​ក​. ខេត្ត​កំពង់ស្ពឺ ដែល​បាន ផ្តល់​កិច្ច​សហការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ក្នុង​ការរៀបចំ​កម្មវិធី​នេះ​ឡើង និង​បាន​សំណេះសំណាល​ជាមួយ​អាណាព្យាបាល និង​កុមារា កុមារី ដែល​មក​ពិនិត្យ ព្យាបាល និង​វះកាត់​ដោយ​ឥតគិតថ្លៃ កម្មវិធី​នេះ​គឺ​ចាប់ពី​ថ្ងៃ​ទី​២០ ដល់​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២៥​។​

​លោកជំទាវ​បាន​បន្តថា ប្រាកដ​ណាស់ កុមារ​គឺជា​ទំពាំង​ស្នង​ឬ​ស្សី និង​ជា​ធនធានមនុស្ស​ដ៏​មាន​សា​រៈ សំខាន់​នាពេល​អនាគត​របស់​ប្រទេសជាតិ ក្នុងន័យនេះ សុខុមាលភាព​កុមារ តែងតែ​ត្រូវបាន​យកចិត្តទុកដាក់ និង​ចាត់ទុក​ជា​កត្តា​អាទិភាព ដោយ​រាជរដ្ឋាភិបាល​កម្ពុជា នា​អាណត្តិ​កន្លងទៅ ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់ សម្តេច​អគ្គ​មហា សេនាបតី​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី ហើយ​កិច្ចការ​នេះ នៅតែ​ជា អាទិភាព​របស់​រាជរដ្ឋាភិបាល​បច្ចុប្បន្ន ក្រោម​ការដឹកនាំ​ប្រកបដោយ​ចក្ខុវិស័យ​វែងឆ្ងាយ​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ប្រមុខ​រាជរដ្ឋាភិបាល ការគិតគូរ​ពី​បញ្ហា​សុខភាព និង​សុខុមាលភាព​សាធារណៈ ហើយ​កត្តា​សុខភាព គឺ​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់​យើង ដែល​ជា​ចំណែក​ផ្តល់ឱកាស​ឱ្យ​យើង​អាច​សិក្សា​រៀនសូត្រ និង​ប្រកប​ការងារ​រកស៊ី ដើម្បី​ឈាន​ឆ្ពោះទៅរក​ភាពជោគជ័យ សេចក្តីសុខ និង​សុភមង្គល​ផ្ទាល់ខ្លួន ក្នុង​ក្រុម គ្រួសារ ក៏​ដូចជា​ក្នុង​សង្គម​ជាតិ​ទាំងមូល​ផង​ដែរ​។ ក្នុងន័យនេះ លោកជំទាវ បាន​លើកទឹកចិត្ត ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​បង្កើន​ការយកចិត្តទុកដាក់ ថែរក្សា​សុខភាព និង​ប្រកាន់ខ្ជាប់​នូវ​ការរស់នៅ​ស្អាត មាន​អនាម័យ​ជាប្រចាំ ដើម្បី​ធានា​នូវ​សុខភាព​ល្អ សម្រាប់​ខ្លួនឯង គ្រួសារ និង​សង្គមជាតិ​។​

​លោកជំទាវ​បាន​បន្តទៀតថា ការពិនិត្យ​ព្យាបាល និង​វះកាត់​ជំងឺ​ជូន​កុមារា កុមារី​ដោយ​ឥតគិតថ្លៃ​នាពេលនេះ គឺជា​ការចូលរួម​ចំណែក​មួយ​ផ្នែក​ជាមួយ​រដ្ឋាភិបាល​ក្នុង​ស្មារតី​មនុស្សធម៌​សុទ្ធសាធ ស្រប​ជាមួយនឹង​ការស្រឡាញ់ និង​យកចិត្តទុកដាក់​ចំពោះ ក្មួយៗ​កុមារា កុមារី​ទាំងអស់ ដែល​អនាគត​របស់​កម្ពុជា ដោយ​មិន មាន​ការរើសអើង ឬ​ប្រកាន់​និន្នាការ​នយោបាយ​នោះ​ទេ​  ដែល​មាន​ក្រសួង​សុខាភិបាល ជា​សេនាធិការ និង​មន្ទីរ​សុខាភិបាល​ខេត្ត ក្នុង​ការលើកកម្ពស់​សុខុមាលភាព និង​កាយសម្បទា របស់​កុមារា កុមារី​នៅតាម​មូលដ្ឋាន ព្រមទាំង​ជា​ការចូលរួម​សម្រាល​បន្ទុក ជីវភាព​រស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ​មួយ​កម្រិត​ផង​ដែរ​៕​

Leave a Reply

Your email address will not be published.