ក្រចេះ÷ នាព្រឹកថ្ងៃសុក្រ ១១កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២០៦៩ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម វង ភិរុណ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា និងឯកឧត្តម ហង់ ចាន់ឌី អភិបាលរងខេត្តក្រចេះ តំណាងឯកឧត្ដម វ៉ា ថន អភិបាលខេត្ត អញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា១ខ្នង ៦បន្ទប់ ដែលជាជំនួយអង្គការ “មូលនិធិសង្គ្រោះកុមារកម្ពុជាអូស្ត្រាលី” រួមនិងសហគមន៍ នៅវិទ្យាល័យជ្រោយបន្ទាយ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។
លោកស្រី ប៊ុន ឡីវីសិដា ប្រធាន“មូលនិធិសង្គ្រោះកុមារកម្ពុជាអូស្ត្រាលី” (SCCFA) បានលើកឡើងថា៖ ថវិកាដែលយកមកកសាងអគារសិក្សា១ខ្នង មាន៦បន្ទប់នេះ គឺបានកៀរគរ ពីប្រជាជនអូស្ត្រាលី និងការចូលរួមពីសប្បុរសជន គ្រប់ទិសទី ក្នុងបុព្វហេតុជួយដល់វិស័យ អប់រំនៅកម្ពុជា នៅតាមតំបន់សាលាជួបការលំបាក និងដាច់ស្រយាល ដើម្បីជួយអភិវឌ្ឍមូលធនមនុស្ស ឱ្យមានចំណេះដឹង និងសមត្ថភាពខ្ពស់ ភាពច្នៃប្រឌិត ស្មារតីសហគ្រិនភាព នវានុវត្តន៍ និងក្រមសីលធម៌ខ្ពស់ និងរួមចំណែកដល់ការអភិវឌ្ឍសង្គមនិងប្រកបដោយបរិយាបន្នសប្បាយរីករាយ ។
ដោយលោក ម៉ែន បូរិទ្ធ





