ព័ត៌មានជាតិ

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ជំរុញ​ឱ្យ​សិស្សានុសិស្ស ខិតខំ​រៀនសូត្រ ដើម្បី​ក្លាយ​ជា​ធនធានមនុស្ស​ដ៏​មាន​សក្តានុពល​សម្រាប់​គ្រួសារ និង​សង្គមជាតិ​

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​ជំរុញ​ឱ្យ​សិស្សានុសិស្ស ខិតខំ​រៀនសូត្រ ឱ្យបាន​ពូកែ ធ្វើ​ជា​កូន​ល្អ សិស្ស​ល្អ មាន​សីលធម៌ សុ​វ​ជីវ​ធម៌​ក្នុងសង្គម និង​អភិវឌ្ឍន៍​ខ្លួន​ឱ្យ​ក្លាយជា​ធនធានមនុស្ស​ដ៏​មាន​សក្ដានុពល​សម្រាប់​គ្រួសារ និង​សង្គមជាតិ ស្រប​ពេល​ប្រទេស​ជាតិ កំពុង​មាន​សុខសន្តិភាព និង​ការអភិវឌ្ឍ​ដែល​ផ្ដល់​ឱកាស​ឱ្យ​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បង្កើន​ការយកចិត្តទុកដាក់​ពង្រឹង​គុណភាព​អប់រំ និង​បណ្ដុះបណ្ដាល​ធនធានមនុស្ស​។ ការ​ថ្លែង​បែបនេះ ក្នុងឱកាស​ដែល​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត និង​លោកជំទាវ រួម​នឹង​លោកជំទាវ ញ៉ែម សា​ខន ស ខេង អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ពិធី​បើក​ដំណើរការ​ឱ្យ​ប្រើប្រាស់​អគារ​ជួសជុល កែលម្អ និង​ពិសា​អាហារ​សាមគ្គី​ជាមួយ​លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស នៅ​សាលាបឋមសិក្សា​ត្នោត ស្ថិតក្នុង​ឃុំ​ត្នោត ស្រុក​កញ្ជ្រៀច ខេត្ត​ព្រៃវែង នា​ព្រឹក​ថ្ងៃទី​៩ ខែ​កញ្ញា ឆ្នាំ​២០២៤​។​

​ក្នុងឱកាស​នោះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ក៏​បាន​ថ្លែងអំណរគុណ​ដល់​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​កញ្ជ្រៀច ដែល​បាន​ផ្ដល់​ការគាំទ្រ និង​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល និយាយ​ជា​រួម និង​ដោយឡែក​ជាមួយ​រដ្ឋបាល​ខេត្ត​ព្រៃវែង និង​រដ្ឋបាល​ស្រុក​កញ្ជ្រៀច ក្នុង​ការងារ​លើ​កម្ពស់​វិស័យ​អប់រំ​នៅ​កម្ពុជា​។ ជាក់ស្ដែង​ការចូលរួម​ជួយ​ជួសជុល និង​កែលម្អ​អគារិក្សា​នៃ​សាលាបឋមសិក្សា​ត្នោត ឱ្យមាន​ភាពល្អប្រសើរ​ឡើង​វិញ តាម​សំណូមពរ​ប្រជាពលរដ្ឋ និង​លោកគ្រូ អ្នកគ្រូ រហូត​ឈានដល់​ការដាក់​ឱ្យ​ប្រើប្រាស់​ឡើងវិញ​។​

​សូមបញ្ជាក់​ថា អគារសិក្សា​នៃ​សាលាបឋមសិក្សា​ត្នោត ដែល​បាន​ជួសជុល និង​កែលម្អ​ឡើងវិញ​នេះ ជា​អំណោយ​របស់​សម្ដេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម អតីត​ប្រធាន​ព្រឹទ្ធសភា និង​លោកជំទាវ ញ៉ែម សឿន ជា ស៊ីម កាល​លោក​ទាំង​ពីរ នៅ​មាន​ជន្មាយុ​។ ដោយឡែក ក្នុងឱកាស​ដាក់ឱ្យ​ប្រើប្រាស់​អគារសិក្សា​នេះ​ដែរ លោកជំទាវ ញ៉ែម សា​ខន ស ខេង ព្រមទាំង​ឯ​ឧត្តម​អភិស​ន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ ក៏​បាន​រៀបចំ​អាហារ​សាមគ្គី​ជូន​លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​ផងដែរ​៕

 

Leave a Reply

Your email address will not be published.