មណ្ឌលគិរី៖ ស្ត្រីម្នាក់ត្រូវបានជនសង្ស័យត្រូវជាសង្សា បាញ់សម្លាប់ ត្រូវចំក្បាលសៀតផ្កា ខាងស្ដាំ និងធ្លាយគ្រាប់ចេញទៅត្រូវដៃកុមារីម្នាក់ទៀត រងរបួសធ្ងន់ នៅចំណុចក្នុងបន្ទប់ដេក ក្រុមពូជូ ភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី នាយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ២៣ និង ២០នាទី ។ មូលហេតុដោយសារតែឈ្លោះប្រកែកគ្នា ជាហេតុធ្វើឲ្យឈានដល់ការបាញ់សម្លាប់នារីរងគ្រោះ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា នារីរងគ្រោះមានឈ្មោះ កែម កែវកន្និកា ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរពេទ្យ មានទីលំនៅបច្ចុប្បន្ន ភូមិ អណ្តងក្រឡឹង ឃុំ សែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ (ស្លាប់) និងឈ្មោះ ជូ សាណា ភេទស្រី អាយុ ០៦ ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ មុខរបរ សិស្ស មានទីលំនៅបច្ចុប្បន្ន ភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី(រងរបួសត្រូវដៃខាងឆ្វេង) រីឯជនបង្ក ឈ្មោះ សុខា នុត ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិព្នង សញ្ជាតិ ខ្មែរ មុខរបរ កសិករ មានទីលំនៅបច្ចុប្បន្ន ក្រុមពូជូ ភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។
សមត្ថកិច្ច បានឲ្យដឹងបន្តទៀតថា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង២៣និង២៩នាទី ជនស្ស័យឈ្មោះ សុខា នុត បានយកកាំភ្លើងAK 47 មួយដើម ដែលរើសបានក្នុងព្រៃ ដើរទៅរកនារីរងគ្រោះ នៅបុស្តិ៍សុខភាព អណ្ដូងក្រឡឹង មុននិងចេញទៅរកបរបាញ់សត្វ ឈ្លុសក្នុងព្រៃ ពេលទៅដល់ប៉ុស្តិ៍សុខភាព នារីរងគ្រោះឈ្មោះ កែម កែវកន្និកា និងកូនស្រីឈ្មោះ ជូ សាណា កំពុងដេកក្នុងបន្ទប់ប៉ុស្តិ៍សុខភាព ពេលនោះជនសង្ស័យ បានសួរនាំរឿងបាយហូប ហើយក៏ឈ្លោះប្រកែកគ្នា ដោយអ្នកទាំងពីជាសង្សានិងគ្នា មួយសន្ទុះ ទើបឈានដល់ការបាញ់សម្លាប់ជនរងគ្រោះ ត្រូវចំក្បាលសៀតផ្កាខាងស្ដាំ ធ្លាយចេញ ទៅខ្នង ក្បាលគ្រាប់ធ្លាយត្រូវចំដៃកុមារីរងគ្រោះឈ្មោះ ជូ សាណា ត្រូវជាកូននារីរងគ្រោះ ចំកំភួនដៃខាងឆ្វេង បណ្ដាលឲ្យរងរបួស ហើយជនសង្ស័យឈ្មោះ សុខា នុត បានបាញ់ខ្លួនឯងចំនួន ២គ្រាប់ តែដោយសារគ្រាប់មិនផ្ទុះ ទើបជនសង្ស័យរត់គេចខ្លួន រហូតដល់ព្រឹកឡើងម៉ោង ០៥ និង៣០នាទី ទើបសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបាន។
ចំពោះវត្ថុតាង ចាប់យករួមមាន១/ កាំភ្លើង AK ៤៧ (១ដើម) អត់ស្វាយ ២/ បង់ចំនួន០១ ៣/ គ្រាប់ចំនួន ០៦គ្រាប់។ បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមនិតិវិធី ៕