ព័ត៌មានជាតិ

សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​អោយ លោក Pierre Tami (​សែន សិលា​) ចូលជួប​សម្ដែង​ការគួរសម​

នៅ​ព្រឹក​ថ្ងៃ​សុក្រ ១១ កើត ខែ​ចេត្រ ឆ្នាំ​រោង ឆ​ស័ក ពុទ្ធ​សករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែ​មេសា ឆ្នាំ​២០២៤ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត អោយ លោក Pierre Tami (​សែន សិលា​) ចូលជួប​សម្ដែង​ការគួរសម នៅ​វិមាន​ព្រឹទ្ធសភា រាជធានី​ភ្នំពេញ​។ លោក Pierre Tami ត្រូវបាន​គេ​ស្គាល់ ថា​មាន​ឈ្មោះ សែន សិលា ជា​ឈ្មោះ ភាសា​ខ្មែរ ផ្ដល់​ដោយ សម្តេច​តេជោ ក្នុងពេលដែល​សម្ដេច​មា​ន​តួនាទី​ជា នាយករដ្ឋមន្ត្រី ជា​ការទទួលស្គាល់​នូវ​ស្នាដៃ ដែល​លោក​បាន​ធ្វើ​ជូន​កម្ពុជា​យើង ហើយ​បច្ចុប្បន្ន លោក សែន សិលា ជា សហគ្រិន​សង្គម​។

​សម្ដេច​តេជោ បាន​ស្វាគមន៍ និង​សម្ដែង​នូវ​ការរីករាយ​ដែល​បាន​ជួប​លោក សែន សិលា ដែល​ជា​មិត្តភក្ដិ​ចាស់​ចាប់តាំងពី​ឆ្នាំ​១៩៩៧​មក ដែល​ការជួប​លើកចុងក្រោយ​គឺ​នៅ ឆ្នាំ​២០២២ នៅ​ដា​វូ​ស ប្រទេស​ស្វីស ។​

​លោក សែន សិលា បាន​គោរព​អរគុណ សម្តេច​តេជោ ជា​អនេក ដែល​សម្ដេច បាន​ឆ្លៀតពេល​ដ៏​មមា​រញឹក អនុញ្ញាត​អោយ លោក​មាន​កិត្តិយស ចូលជួប​សម្ដែង​ការគួរសម​នៅ​ថ្ងៃនេះ​។ លោក សិលា បាន គោរព​អបអរសាទរ​ចំពោះ សម្តេច​តេជោ ដែល​ត្រូវ​បាន​ជាប់ឆ្នោត​ជា​ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ថ្មីៗ​នេះ ។ រំលឹក​ពី​ពេលវេលា​ដែល លោក សិលា និង កូនស្រី បាន​ជួប​សម្តេច​តេជោ ដំបូង​នៅ​ឆ្នាំ​១៩៩៧ នៅ​ក្រុង​កំពង់សោម លោក​បាន​លើកឡើង​ថា ប្រវត្តិសាស្ត្រ​កម្ពុជា​បាន​កត់ត្រា​យ៉ាង​ច្បាស់​នូវ ភាពជោគជ័យ​របស់​ស​ម្តេច​តេជោ ក្នុង​ការកសាង​កម្ពុជា ចាប់​តាំង​ទសវត្ស​៨០​មក ឱ្យ​ទទួលបាន​នូវ​សន្តិភាព​ពេញលេញ និង កំពុងស្ថិត​នៅ​ក្នុង​សករាជ​ថ្មី​នៃ​ការ​អភិឌ្ឍ​កាន់តែ​រីកចម្រើ​ន​ឥតឈប់ឈរ​។​

​លោក សិលា ពិតជា​មាន​ក្តីសប្បាយរីករាយ និង​បាន​គោរព​អរគុណ សម្តេច​តេជោ ដែល​បាន​អនុញ្ញាត​ឱ្យ លោក បាន​បម្រើ​ការងារ​ជូន សម្តេច និង ប្រទេស​កម្ពុជា ជា​ពិសេស​ជួយ​កុមារ​កម្ពុជា ដោយ​បាន​កៀរគរ​អ្នកវិនិយោគ​មក​កម្ពុជា ក៏​ដូច​ជា​ការ​អមដំណើរ​គណៈប្រតិភូ​កម្ពុជា ទៅ​ដា​វូ​ស ប្រទេស​ស្វីស​ជាច្រើនលើក ។

​លោក សិលា បាន​បន្តទៀតថា លោក​ពិតជា​មាន​កិត្តិយស​ណាស់ ដែល​បាន​ធ្វើការ​ជាមួយ ថ្នាក់ដឹកនាំ វ័យ ក្មេង ដូចជា ឯកឧត្ដម ហ៊ុន មា​នី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ នៅក្នុង​វិស័យ​បដិសណ្ឋាកិច្ច ផលិតកម្ម​អាហារ ដោយ​ប្រើប្រាស់ វិទ្យាសាស្ត្រ បច្ចេកវិជ្ជា ។ លោក រីករាយ​ណាស់​ដែល​ឃើញ កម្ពុជា បាន​កសាង​ធនធានមនុស្ស មាន​យុវជន​វ័យក្មេង​ដឹកនាំ និង នាំមក​នូវ​បច្ចេកវិទ្យា វិទ្យាសាស្ត្រ សម្រាប់​ការអភិវឌ្ឍ​ប្រទេស ។ នៅពេលនេះ សេដ្ឋកិច្ច​របស់​កម្ពុជា ជា​សេដ្ឋកិច្ច​ដែល​ផ្អែកលើ​ជំនាញ ដែល​នឹង​អនុញ្ញាត​ឱ្យ​ឈាន​ទៅ សម្រេច​គោលដៅ ជា​ប្រទេស​ចំណូល​មធ្យម​កម្រិត​ខ្ពស់ ឆ្នាំ​២០៣០ ។ ទោះបីជា​ពេលនេះ មាន​ការផ្ទេរ​ការដឹក​នាំ​ទៅ​អ្នក​ជំនាន់​ថ្មី​ក៏ដោយ ក៏​វត្តមាន​របស់​សម្តេច​តេជោ ជា​ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នៅតែ​មាន​សារៈសំខាន់​សម្រាប់​ការ​អភិឌ្ឍន៍​ប្រទេស​កម្ពុជា ។ លោក​មាន​បំណង​ចង់​បម្រើ សម្តេច​តេជោ បន្តទៀត និង​សូម​ទទួល​នូវ​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​ម្តេច ។​

​ជា​កិច្ច​ឆ្លើយតប សម្តេច​តេជោ បាន​អរគុណ លោក សិលា ដែល​បាន​រំ​ឰ​ក អំពី​អតីតកាល​នៃ​ការជួប លោក​និង កូនស្រី នៅ​១៩៩៧ នៅ​កំពង់សោម ។ យើង​បាន​សន្តិភាព និង ស្ថិរភាព​ជាង ២៥​ឆ្នាំ​ហើយ គិត​ចាប់ពី​ឆ្នាំ​១៩៩៨ មក​។ កាលពី​៨​ខែ​មុន សម្តេច​តេជោ បាន​សម្រេចចិត្ត​ផ្ទេរ​ការដឹកនាំ​ទៅ​អ្នក​ជំនាន់​ថ្មី ហើយ ជា​លទ្ធផល មរ​ត​សន្តិភាព​នៅ​តែ​មាន​បន្ត កំណើន​សេដ្ឋកិច្ច​ក៏​នៅតែ​មាន​បន្ត​ផងដែរ ។ គណៈរដ្ឋមន្ត្រី​ថ្មី ធ្វើការ​យ៉ាង​ល្អ ដោយ​រក្សាបាន​នូវ​ស្ថិរភាព និង កំពុង​បន្ត​ជំរុញ​ការអភិវឌ្ឍន៍​។

​សម្តេច​តេជោ បាន​គូសបញ្ជាក់ថា កាលពី​ឆ្នាំ​១៩៨៧ សម្តេច បានកំណត់​អទិភាព ៤ គឺ « ទឹក ផ្លូវ ភ្លើង មនុស្ស » បន្ទាប់មក កាលពី​ជាង​១០​ឆ្នាំ​មុន​នេះ សម្តេច​តេជោ ក៏​បាន​ប្ដូ​រដាក់ មនុស្ស មក​ជា​អាទិភាព​ទី​១ វិញ​។ រាជរដ្ឋាភិបាល​ថ្មី បានដាក់​មុំ​ទី​៥ នៃ​យុទ្ធសាស្ត្រ​បញ្ច​កោណ ជា​មុំ បច្ចេកវិទ្យា និង បានដាក់​គោលនយោបាយ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​យុវជន​ចំនួន ១.៥ លាន​នាក់ ហើយ​សេដ្ឋកិច្ច​កម្ពុជា គឺ​ផ្អែក​លើ​ចំណេះដឹង និង​ជំនាញ​។​

​សម្តេច​តេជោ បាន​អរគុណ លោក សែន សិលា ដែល​បាន​ជួយ​បណ្តុះបណ្តាល​ជំនាញ​ខាង​បដិសណ្ឋាកិច្ច កន្លងមក និង លើកទឹកចិត្ត​ឱ្យ​បន្ត​ការបណ្ដុះបណ្ដាល​នេះ​បន្ថែម​ទៀត​ទៀត ៕

​ជា​ចុងក្រោយ សម្តេច​តេជោ បាន​យល់ព្រម​ស្នើ​តែងតាំង លោក សែន សីលា ជា​ទីប្រឹក្សា សម្ដេច​តេជោ ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕

Leave a Reply

Your email address will not be published.